រុស្ស៊ី

ជ័យជំនះ​មួយ​នៃ​បក្ស​ប្រឆាំង​នៅ​រុស្ស៊ី​

នាយករដ្ឋមន្ត្រី​រុស្ស៊ី​ មេដវេដេវ​​
នាយករដ្ឋមន្ត្រី​រុស្ស៊ី​ មេដវេដេវ​​ © កែវ​ ឆាយា

ខ្លឹមសារ​​នៃ​​ជ័យ​ជំនះ​​នេះ ​គឺ​​នៅ​​ត្រង់​​លោក​​ប្រធានាធិបតី​​មេដវេដេវ​ សុខចិត្ត​​យល់​​ព្រម​​តាម​​ការ​​ទាមទារ​​របស់​​គេ​​ឲ្យ​​ធ្វើ​ការ​​បោះឆ្នោត​​រើស​​អភិបាល​​ខេត្ត​ ដោយ​​បណ្តា​ជន​​ម្ចាស់​​ឆ្នោត​​នៃ​​សាមី​​ខេត្ត​​ផ្ទាល់​​មិន​មែន​​ដោយ​​សភា​​ខេត្ត​ដូច​​មក​​ទល់​​សព្វ​ថ្ងៃ​​ទៅ​​តាម​​គំនិត​​ផ្តួចផ្តើម​​របស់​​លោក​ពូទីន​តាំង​ពី​​ក្នុង​​ឆ្នាំ​​២០០៤​​ម៉្លេះ​ ពេល​​គាត់​​នៅ​​ជា​​ប្រធានាធិបតី​​នៅ​​ឡើយ។​

ផ្សាយពាណិជ្ជកម្ម

 

ការ​យល់ព្រម​របស់​លោក​ប្រមុខ​រដ្ឋ មេដវេដេវ មាន​រំលេច​ឲ្យ​ឃើញ​ក្នុង​គម្រោង​ច្បាប់​ដែល​រសៀល​ម្សិលមិញ​បាន​ត្រូវ​គាត់​បញ្ជូន ទៅ​ទទួល​ការ​ពិនិត្យ​និង​អនុម័ត​នៃ​សភា​ឌូម៉ា នីតិកាល​ថ្មី។

ជា​ការ​រំលឹក​រៀង​រាល់​តែ​លើក​ក្នុង​បាតុកម្ម​និង​មិទ្ទិញ​ខ្លួន ពួក​បាតុករ​ខាង​បណ្តា​បក្ស​ប្រឆាំង​បូក​ទាំង​បក្ស ដែល​មិន​ទាន់​មាន​អាសនៈ​ប្រចាំ​នៅ​សភា​ឌូម៉ា​ផង​គឺ​តែង​មាន​បន្លឺ​ឡើង​ជានិច្ច​នូវ ការ​ទាមទារ ពី​រដ្ឋ​អំណាច​ឲ្យ​លើក​យក​មក​អនុវត្ត​វិញ ការ​បោះឆ្នោត​ដោយ​ប្រជាជន​ត្រង់​ផ្ទាល់ រើស​អភិបាល​ខេត្ត​របស់​ខ្លួន ដូច​ដែល​ធ្លាប់​មាន​ក្នុង​ប្រទេស​រុស្ស៊ី​សម័យ​ថ្មី​តាំង​ពី​ឆ្នាំ​១៩៩១​មក​ទើប​ស​ឲ្យ​ឃើញ​ពី​លក្ខណៈ​ប្រជាធិបតេយ្យ​មែន​ពិត។

ប៉ុន្តែ ក្នុង​ឆ្នាំ​២០០៤ លោក​ពូទីន កាល​ណោះ​ជា​ប្រធានាធិបតី បាន​ស្នើ​ឲ្យ​សភា​ឌូម៉ា​អនុម័ត​គម្រោង​ច្បាប់​កែប្រែ​របៀប​ជ្រើសតាំង​រូប​អភិបាល​ខេត្ត គឺ​តាម​ការ​បោះឆ្នោត​ដោយ​សភា​នៃ​សាមី​ខេត្ត​ទៅ​វិញ មិន​មែន​ដោយ​ប្រជាជន​ម្ចាស់​ឆ្នោត​ទៀត​ឡើយ។ រី​ឯ​បេក្ខជន​សម្រាប់​ជាប់​ជា អភិបាល​ខេត្ត​គឺ​ស្នើ ទៅ​ទទួល​ការ​អនុម័ត​នៃ​សភា​ខេត្ត​ដោយ​ប្រធានាធិបតី​ផ្ទាល់​តែ​ម្តង។

មូលហេតុ តាម​លោក​ពូទីន គឺ​ដើម្បី​ចៀសវាង កុំ​ឲ្យ​មាន​បេក្ខជន​ចៃដន្យ ដែល​ជួន​កាល មាន​ប្រវត្តិ​ឧក្រិដ្ឋ​ទៅ​ផង​ប៉ុន្តែ ដែល​សម្បូណ៌​លុយ សម្រាប់​ទិញ​សំឡេង​អ្នក​ស្រុក​ម្ចាស់​ឆ្នោត​ទេ​តើ។

ជា​ការ​កត់​សម្គាល់​ដោយ​ទាមទារ​បែប​នេះ ពួក​ប្រឆាំង​ក៏​មិន​ដែល​ភ្លេច​ទាមទារ​ពី​លោក ពូទីន ដែល​ជា​មេ​នាំ​អាទិ៍​លុប​ចោលការ​បោះ​ឆ្នោត​ត្រង់​ផ្ទាល់​ដោយ​ប្រជាជន​ឲ្យ​គាត់​លា​ចេញ​ពី​មុខ​តំណែង​ទៅ​ក្រោម​ពាក្យ​ស្លោក​ថា “ប្រទេស​រុស្ស៊ី​ឥត​ត្រូវការ​រូប​ពូទីន​ទេ”។

ចំណែក​គម្រោង​ច្បាប់ ទើប​ដាក់​ចេញ​ដោយ​លោក​ប្រធានាធិបតី​មេដវេដេវ​ជិត​ផុត​អាណត្តិ​គឺ​ប្រមើល​ថា អភិបាលខេត្ត​ត្រូវ​ជ្រើសតាំង​ឡើង​តាម​ផ្លូវ​បោះឆ្នោត​ត្រង់​ផ្ទាល់​ដោយ​ប្រជាជន​នៃ​សាមី​ខេត្ត​នោះ។

បេក្ខជន​សម្រាប់​ជាប់​ជា​អភិបាល អាច​បញ្ឈរ​ដោយ​គណបក្ស​នយោបាយ​ឬ​ពលរដ្ឋ​ខ្លួន​ឯង​តែ​ម្តង​ដែល​អាច​បញ្ឈរ​ឈ្មោះ​ជា​បេក្ខជន​នោះ។ សហព័ន្ធ​រុស្ស៊ី​ផ្សំ​ឡើង​ពី​ខេត្ត​ចំនួន​៨៣ ដែល​មាន​ទម្រង់​ជា​ដែនដី​ជា​តំបន់​ធំ​តូច​ជា​សាធារណរដ្ឋ បូក​ទាំង​ក្រុង​ពីរ​ទៅ​ផង ពោល​គឺ​រដ្ឋធានី​ម៉ូស្គូ និង​អតីត​រាជធានី ក្រុង Saint-Petersbourg៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI