កម្ពុជា

ACU ទទួល​បណ្តឹង​ភាគច្រើន​ទាក់ទង​ការ​សូកប៉ាន់

លោក​ ឱម យ៉ិនទៀង
លោក​ ឱម យ៉ិនទៀង © ម៉េងហួរ

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អង្គភាព​របស់​លោក​បាន​ទទួល​បណ្តឹង​ចំនួន​៨០០​ពាក្យ​បណ្តឹង​ក្នុង​រយៈ​ពេល​៨​ខែ​ដើម​ឆ្នាំ​នេះ។ លោក​ឱម យ៉ិនទៀង​បញ្ជាក់​ថា តាម​រយៈ​ពាក្យ​បណ្តឹង​ទាំង​នេះ លោក​អាច​អះអាង​ថា អង្គភាព​របស់​លោក​បាន​ទទួល​ការ​ជឿ​ទុកចិត្ត​កាន់​តែ​ច្រើន​ជាង​មុន។

ផ្សាយពាណិជ្ជកម្ម

ពាក្យ​បណ្តឹង​ចំនួន​៨០០​ត្រូវ​បាន​សាធារណៈ​ជន​ដាក់​មក​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​រយៈ​ពេល​៨ខែ​ដើម​ឆ្នាំ​២០១២​នេះ។ នេះ​បើតា​មការ​ប្រកាស​របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លោក ឱម យ៉ិនទៀង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយនៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ជា​សន្និសីទ​កាសែត​ដែល​ប្រកាស​អំពី​ការ​បង្កើត​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួត​ពិនិត្យ​ឡើងវិញ​ការ​អនុវត្ត​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា។ គណៈកម្មាធិការ​នេះ​នឹង​តាម​ដាន​ការ​អនុវត្ត​ការ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា​ ដោយ​យោង​ទៅ​អនុសញ្ញា​អន្តរជាតិ។

និយាយ​អំពី​សកម្មភាព​ប្រឆាំង​​អំពើ​ពុករលួយ លោកទេស​រដ្ឋមន្ត្រី​ឱម យ៉ិនទៀង ហាក់​បាន​បង្ហាញ​អំពី​ការ​សប្បាយចិត្ត​របស់​លោក​ចំពោះ​ការ​រីកចំរើន​ផ្នែក​ខាង​ជំនឿចិត្ត​ពី​ប្រជាពលរដ្ឋ​មក​លើ​អង្គភាព​របស់​លោក។ នៅ​ចំពោះ​មុខ​អ្នក​កាសែត លោក ឱម យ៉ិន​ទៀង​បាន​បញ្ជាក់​ថា ពាក្យ​បណ្តឹង​មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា​នឹង​ឆ្នាំ​កន្លងទៅ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទទួល​បាន។ ប៉ុន្តែ​អ្វី​ដែល​មាន​ការ​វិវត្ត​ល្អ​នោះ គឺ​បណ្តឹង​ឆ្នាំ​នេះ​មាន​តែ​៥០​ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​ដាក់​ថា ជា​បណ្តឹង​អនាមឹក ពោល​គឺ​ពាក់កណ្តាល​នៃ​អ្នក​ប្តឹង​ទៀត​ ពួកគេ​ហ៊ាន​បញ្ចេញ​អត្តសញ្ញាណ ខុស​ពី​ឆ្នាំ​កន្លងទៅ​ដែល​បណ្តឹង​អនាមឹក​មាន​រហូត​ដល់​៩០ភាគរយ។

សម្រាប់ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​ព្រោះ​តែ​ការ​​ជឿ​ទុកចិត្ត​ទៅលើ​​អង្គភាព​ក្នុង​ការ​ការ​ពារ​សុវត្ថិភាព​ដើម​បណ្តឹង​នេះ​ហើយ ទើប​ដើមបណ្តឹង​ហ៊ាន​បញ្ចេញ​អត្តសញ្ញាណ។ ហើយ​ថា​ការ​កើន​ឡើង​នៃ​ការ​ជឿ​ទុកចិត្ត​ពី​សង្គម​បែប​នេះហើយ ដែល​រុញ​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អោយ​ដើរ​ទៅ​មុខ​ដោយ​ប្រសិទ្ធិភាព​នោះ។ ក្នុង​ចំណោម​បណ្តឹង​ប្រមាណ​៨០០​នោះ បណ្តឹង​ភាគច្រើន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សូកប៉ាន់​ មាន​ករណី​ខ្លះ​ទាក់ទងនឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ខ្លះ​ទៀត​ពាក់ព័ន្ធ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ។ នេះ​បើតាម​ការ​រៀបរាប់​របស់​លោកទេសរដ្ឋមន្ត្រី ដែល​អះអាង​ថា ៣០ភាគរយ​នៃ​បណ្តឹង​អស់នោះ​ត្រូវ​បាន​បើក​ការ​ស៊ើបអង្កេត​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI