AIEA-កូរ៉េខាងជើង

AIEA អំពាវនាវ​កូរ៉េខាងជើង​ឲ្យ​បញ្ឈប់​កម្មវិធី​បរិមាណូ

នៅ​ថ្ងៃ​សុក្រ ទី២១ កញ្ញា​ម្សិលមិញ ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ ហៅកាត់​ថា AIEA បាន​អនុម័ត​នូវ​សេចក្តីសម្រេចចិត្ត​មួយ​ដោយ​ស្នើ​ឲ្យ​កូរ៉េខាងជើង​ឲ្យ​បោះបង់​ចោល​នូវ​កម្មវិធី​នុយក្លេអ៊ែរ​យោធា​ ព្រម​ទំាង​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​ខ្លួន។ សេចក្តីសម្រេចចិត្ត​នេះ​ត្រូវ​បាន​សមាជិក​ទំាង ១៥៥​ប្រទេស​របស់ AIEA ទទួល​យល់ព្រម​ទំាង​អស់​គ្នា។

លោក​អគ្គនាយក​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ Yukiya Amano
លោក​អគ្គនាយក​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ Yukiya Amano REUTERS/Leonhard Foeger
ផ្សាយពាណិជ្ជកម្ម

តាម​ពិត​ទៅ អត្ថបទ​នៃ​សេចក្តីសម្រេចចិត្ត​នោះ​មិន​ត្រូវ​បាន​អនុម័ត​ដោយ​ការ​បោះឆ្នោត​ទេ តែ​ដោយ​មាន​ការ​ព្រមព្រៀង​គ្នា​ជា​ទូទៅ​មួយ​របស់​សមាជិក​ទំាង​អស់​នៃ​ AIEA នា​ឱកាស​សន្និសីទ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស។ សមាជិក AIEA ដែល​សរុប​មាន ១៥៥ប្រទេស ដោយ​គ្មាន​ភាគី​កូរ៉េខាងជើង​ទេ។ ក្រៅ​ពី​បាន​អំពាវនាវ​ឲ្យ​របបទីក្រុង​ព្យុងយ៉ាង​បោះបង់​ចោល​ទំាងស្រុង​នូវ​កម្មវិធី​នុយក្លេអ៊ែរ​យោធា AIEA ក៏​បាន​ស្នើ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​រាល់​ការ​សាកល្បង​នុយក្លេអ៊ែរ​ដែរ។ យោង​តាម​អត្ថបទ​នៃ​សេចក្តីសម្រេចចិត្ត AIEA បាន​ផ្តោត​សំខាន់​លើ​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​តាម​ផ្លូវទូត ដើម្បី​ឈាន​ទៅ​រក​ការ​រំសាយ​នុយក្លេអ៊ែរ​ចោល​ទំាង​ស្រុង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ។ ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា បើ​យោង​តាម​សន្ធិសញ្ញា​មិន​សាយភាយ​នុយក្លេអ៊ែរ កូរ៉េខាងជើង​មិន​មាន​លក្ខន្តិក​ជា​មហាអំណាច​នុយក្លេអ៊ែរ​យោធា​ទេ។

គួរ​ជម្រាប​ជូន​ថា នៅ​ចំពោះ​មុខ​សហគមន៍​អន្តរជាតិ ទីក្រុង​ព្យុងយ៉ាង​តែងតែ​បាន​បញ្ជាក់​ហើយ បញ្ជាក់​ទៀត​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​មាន​គោលដៅ​ស៊ីវិល​សុទ្ធសាធ ពោល​គឺ​ដើម្បី​ផលិត​ចរន្តអគ្គិសនី។ ម្យ៉ាងទៀត កូរ៉េខាងជើង​ក៏​បាន​រកស៊ី​ផ្នែក​បច្ចេកវិទ្យា​ជាមួយ​ប្រទេស​មួយ​ចំនួន មាន​ស៊ីរី លីប៊ី និង​ប្រហែល​ជា ជាមួយ​ប្រទេស​ភូមា និង​បាគីស្ថាន​ផង។ កាល​ពី​ដើម​ឆ្នំា ២០១២ នេះ ភាព​មន្ទិលសង្ស័យ​ក៏​បាន​លេចឡើង​ជាថ្មី​ស្តីពី​គម្រោង​ចង់​ធ្វើ​ការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ជាលើក​ទី៣ របស់​ទីក្រុង​ព្យុងយ៉ាង។ ការ​បាញ់​សាកល្បង​ដែល​របប​កុម្មុយនិស្ត​កូរ៉េខាងជើង​ធ្លាប់​បាន​ធ្វើ​ចំនួន​ពីរ​ដង​មក​ហើយ គឺ​ក្នុង​ឆ្នំា ២០០៦ និង ២០០៩។ សូម​បញ្ជាក់​ជូន​ថា កូរ៉េខាងជើង ជា​ប្រទេសទី១ ដែល​បាន​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​មិន​សាយភាយ​នុយក្លេអ៊ែរ ក្នុង​ឆ្នំា ២០០៣ និង​ដែល​បាន​ហាម​មិន​ឲ្យ​ក្រុមអធិការ​របស់​​ AIEA ចូល​ទៅ​ពិនិត្យ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់​ខ្លួន​ទេ។

លោក Robert Wood អ្នកតំណាង​អាមេរិកំាង​ប្រចំា AIEA បាន​អះអាង​ថា សេចក្តីសម្រេចចិត្ត​របស់ AIEA គឺ​ជា​សារ​មួយ​ដែល​សហគមន៍​អន្តរជាតិ​ចង់​ប្រាប់​របបទីក្រុង​ព្យុងយ៉ាង ពី​កាតព្វកិច្ច និង​កិច្ចសន្យា​របស់​ខ្លួន​ក្នុង​ការ​បោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI