អ៊ីរ៉ង់

ក្រុមប្រឹក្សា​របស់ AIEA បន្ត​ដោះស្រាយ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

ទេសាភិបាល​នៃ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ ហៅ​កាត់​ថា AIEA នឹង​បន្ត​លើក​យក​សំណុំរឿង​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​ទៅ​ជជែក​ជា​ថ្មី​ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី១០ កញ្ញា​សប្តាហ៍​ក្រោយ។ AIEA នឹង​ជជែក​ពី​បញ្ហា​នេះ​ជាមួយ​ក្រុម​ប្រទេស​លោក​ខាង​លិច​ដែល​បាន​នឹង​កំពុង​បន្ត​ចោទ​ទីក្រុង​តេហេរ៉ង់​ថា មិន​បាន​សហការណ៍​ដោយ​តម្លាភាព​ជាមួយ AIEA។

លោក Yukiya Amano នាយក AIEA
លោក Yukiya Amano នាយក AIEA DIETER NAGL / AFP
ផ្សាយពាណិជ្ជកម្ម

តាម​ធម្មតា គឺ​មាន​ប្រធានបទ​ជា​ច្រើន ដូច​យ៉ាង​បញ្ហា​សន្តិសុខ ឬ​មួយ​ក៏​សកម្មភាព​នុយក្លេអ៊ែរ​របស់​កូរ៉ខាងជើង​ទេ ដែល​គណៈប្រតិភូ​នៃ​ប្រទេស​សមាជិក​ទំាង ៣៥ប្រទេស​របស់ AIEA ត្រូវ​លើក​ទៅ​ជជែក​នៅ​ក្នុង​កិច្ចប្រជុំ​ពេញ​មួយ​សប្តាហ៍​នៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស។ ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត សំណុំរឿង​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​នៅ​តែ​ប្រធានបទ​ក្តៅ​ដែល​ត្រូវ​តែ​លើក​យក​ទៅ​និយាយ​ដោយ​មិន​អាច​ចៀស​រួច។

នៅ​ក្នុង​របាយការណ៍​កម្រាស់ ១១ទំព័រ​ចុង​ក្រោយ​របស់​ខ្លួន AIEA បាន​សរសេរ​ច្បាស់ៗ​ពី​អសមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​បញ្ជាក់​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ជា​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​នោះ ព្រោះ​ថា អ៊ីរ៉ង់​មិន​បាន​ចូលរួម​សហការណ៍​ឲ្យ​បាន​ពេញលេញ​ជាមួយ AIEA ទេ។ AIEA បាន​ចោទ​រដ្ឋអំណាច​អ៊ីរ៉ង់​ថា បាន​លុបចោល​នូវ​ស្លាកស្នាម​ជា​ច្រើន​ដែល​មាន​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​យោធា Parcin ស្ថិត​ក្បែរ​ទីក្រុង​តេហេរ៉ង់។

អ្នកការទូត​បស្ចិមលោក​ម្នាក់​បាន​បញ្ជាក់​ថា អ៊ីរ៉ង់​កំពុង​បន្ត​លេងល្ខោន​ជាមួយ​សហគមន៍​អន្តរជាតិ ដោយ​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ម្មត់ចត់​ទេ។ អ្នកការទូត​បស្ចិមលោក​រូប​នេះ​ដដែល​បាន​យល់​ឃើញ​ថា គេ​គួរ​តែ​មាន​សេចក្តីសម្រេចចិត្ត​មួយ​ដាក់​ទ័ណ្ឌកម្ម​លើ​អ៊ីរ៉ង់ ឬ​មួយ​ក៏​យ៉ាង​ហោច​ណាស់ សេចក្តីថ្លែងការណ៍​ចាស់ដៃ​មួយ​ពី​ក្រុមប្រទេស ៥បូក១ មាន អាមេរិក ចិន រុស្ស៊ី អង់គ្លេស បារំាង បូក​អាល្លឺម៉ង់។ សម្រាប់​អ្នកការទូត​បស្ចិមលោក​រូប​នេះ AIEA និង​ក្រុម​ប្រទេស​ទំាង ៦ ត្រូវ​តែ​រួម​ប្រជុំ​គ្នា​ដើម្បី​ស្វែង​រក​ការ​ឯកភាព​មួយ​ក្នុង​ការ​គាបសង្កត់​លើ​របប​ទីក្រុង​តេហេរ៉ង់។

ប៉ុន្តែ នៅ​ចំពោះ​មុខ គេ​ត្រូវ​តែ​និយាយ​ជំនះ និង​បញ្ចុះបញ្ចូល​ប្រទេស​ចិន និង​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លិច​របស់​ប្រទេស​អ៊ីរ៉ង់។ ជានិច្ច ជាកាល ទីក្រុង​ប៉េកំាង និង​ម៉ូស្គូ​តែងតែ​ប្រើ​សិទ្ធិវេតូ​ប្រឆំាង​នឹង​គ្រប់​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​ដាក់​ទ័ណ្ឌកម្ម​លើ​អ៊ីរ៉ង់។ ថ្មីៗ​នេះ ពិត​មែន​តែ​លោក​អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ជម្រុញ​អ៊ីរ៉ង់​ឲ្យ​ចូលរួម​សហប្រតិបត្តិការ​ជាមួយ AIEA ក៏​ដោយ ក៏​អ្នកការទូត​រុស្ស៊ី​រូប​នេះ​បាន​ឆ្លៀត​រំលឹក​ថា គ្មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ថា កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ជា​កម្មវិធី​នុយក្លេអ៊ែរ​យោធា​នោះ​ទេ។

គួរ​បញ្ជាក់​ជូន​ថា គឺ​អវត្តមាន​នៅ​ក្នុង​កិច្ចសហប្រតិបត្តិការ​រវាង​អ៊ីរ៉ង់ និង AIEA ពេល​នេះ​ឯង ដែល​បាន​ជម្រុញ​ឲ្យ​ប្រទេស​អ៊ីស្រាអែល​ដែល​ជា​សត្រូវ​របស់​អ៊ីរ៉ង់​យក​ធ្វើ​ជា​សក្ចីកម្ម​ដើម្បី​វាយប្រហារ​អ៊ីរ៉ង់​តាម​ផ្លូវ​យោធា។ គឺ​នៅ​ក្នុង​បរិបទ​ដ៏​តានតឹង​នេះ​ហើយ ដែល​គណៈប្រតិភូ​នៃ​ប្រទេស​សមាជិក​ទំាង ៣៥ប្រទេស​របស់ AIEA ត្រូវ​តែ​ស្វះស្វែង​រក​ការ​ឯកភាព​គ្នា​មួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI