អានតួអត្ថបទ
ជប៉ុន-នុយក្លេអ៊ែរ

AIEA​ធ្វើ​អធិការកិច្ច​នៅ​ ហ្វូគូស្ហ៊ីម៉ា​

Fukushima, ថ្ងៃ២៤​មីនា ២០១១.
Fukushima, ថ្ងៃ២៤​មីនា ២០១១. Reuters
ដោយ៖ នុយ ប៊ែរណាដែត
១៣ នាទី

នៅ​ថ្ងៃ​នេះ បេសកកជន​​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​(AIEA) បាន​ចាប់​ផ្តើម​ធ្វើ​អធិការកិច្ច​ លើ​ដំណើរ​ការ​​​ជួស​ជុល​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ ហ្វូគូស្ហ៊ីម៉ា ដើម្បី​បូក​សរុប​ស្ថានការណ៍នៅ​មជ្ឈមណ្ឌលផង​ និង​ដើម្បី​ឈាន​ដល់​​ការ​កំណត់ដំណើរ​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ទី​នេះ។  

ផ្សាយពាណិជ្ជកម្ម

ក្រុម​បេសកជន​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ AIEA ចំនួន​១២​នាក់ បានជួប​ប្រជុំ​ជាមួយ​ក្រុម​អ្នក​តំណាង​របស់​រដ្ឋាភិបាល​ជប៉ុន​និង​​​តំណាង​ក្រុមហ៊ុន Tepco​នៅ​តូក្យូ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​មជ្ឍមណ្ឌល​នុយក្លេអ៊ែរ​ ហ្វូគូស្ហ៊ីម៉ា។ មជ្ឈមណ្ឌល​នេះ​ដែល​ត្រូវ​រង​អន្តរាយ​ដោយ​គ្រោះរំ​ជួយដី​និង​រលកយក្ខ​ស៊ូណាមី​កាលពី​ថ្ងៃ​ទី​១១​​មីនា​ឆ្នាំ ២០១១។

ក្រុម​អ្នកជំនាញការ​អន្តរជាតិ​ទាំង​នេះ មក​ជប៉ុន តាមការ​សុំស្នើ​របស់​អាជ្ញាធរ​ជប៉ុន។ ម្យ៉ាងទៀត​បេសកកម្ម​បែប​នេះ គឺ​ជា​លើក​ទី​៣​​ហើយ ចាប់តាំង​ពី​មាន​គ្រោះ​មហន្តរាយ​នៅ​ហ្វូគូស្ហ៊ីម៉ា។

ទន្ទឹមនេះ ក្រុម​អ្នក​ជំនាញការ​របស់ AIEA ត្រូវ​ដាក់​ជូន​របាយការណ៍​មួយ​ដល់​រដ្ឋាភិបាល​ជប៉ុន​និង​ដល់​ក្រុមហ៊ុន​Tepco នៅ​ថ្ងៃ​ទី​២២​មេសា​ខាង​មុខ។​
អធិការកិច្ច​នេះ ប្រព្រឹត្ត​ទៅ​នៅ​ខណៈ​ដែល​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នេះ ជួប​នឹង​បញ្ហា​មួយ​ចំនួន ចាប់​តាំង​ពី​ជា​ច្រើន​សប្តាហ៍​មក​ហើយ​ដោយសារ ការ​ដាច់​ភ្លើង​ជា​រឿយៗ​ឬ​ក៏​ការ​គាំង​ដំណើរ​ការ​ឧបករណ៍​ដែល​​ប្រើ​បណ្តោះ​អាសន្ន​ឬ​ក៏​ការ​ធ្លាយ​ចេញ​ទឹក​​មាន​ធាតុ​វិទ្យុសកម្ម​ជាដើម។

ក្រុម​អ្នក​ជំនាញការ​របស់ AIEA នេះ​នឹង​ចាប់​សិក្សា​ជា​ចំបង​ទៅ​លើ ការ​កំណត់​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​នៅ​មជ្ឈមណ្ឌល​ហ្វូគូស្ហ៊ីម៉ា​និង​ក៏​ធ្វើការ​ពិចារណា​ផង​ដែរ​ទៅ​លើ​វិធានការ​មួយ​ចំនួន​របស់​​ក្រុមហ៊ុន Tepco ​ដើម្បី​ដោះស្រាយ​ដំណើរការ​មិន​ល្អ​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ-នេះ​ជា​ការ​អះអាង​របស់​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​រដ្ឋាភិបាល​ជប៉ុន។

ស្ថានការណ៍​នៅ​ មជ្ឈមណ្ឌល ហ្វូគូស្ហ៊ីម៉ា ត្រូវ​បាន​គេ​ចាត់​ទុក​ថា មាន​ស្ថិរភាព ចាប់តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​២០១១​ម្ល៉េះ ប៉ុន្តែ​មជ្ឈមណ្ឌល​នេះ នៅ​តែ​មាន​លក្ខណៈ​ផុយ​ស្រួយ​នៅ​ឡើយ ជាពិសេស នៅ​ពេល​មាន​​គ្រោះ​រំជួយដី​ឬ​ក៏​រលកយក្ខ​ស៊ូណាមី​ជា​ដើម។

ក្នុងពេលនេះ ក្រុមហ៊ុន Tepco កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ទី​មួយ មុន​នឹង​ឆ្ពោះ​ទៅ​ដល់​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​មាស៊ីន​ប្រតិករ​ចំនួន​៤ ដែល​រង​អន្តរាយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ