អានតួអត្ថបទ
ថៃ

អតីត​នាយក​រដ្ឋមន្ត្រី​ អាប់ភិស៊ីត ជាប់​ចោទ​ឃាតកម្ម​ជា​ផ្លូវការ

លោក​អាប់ភិស៊ីត នៅ​មុខ​នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេស​ ក្រុង​បាងកក ថ្ងៃទី​១៣ ធ្នូ ២០១២
លោក​អាប់ភិស៊ីត នៅ​មុខ​នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេស​ ក្រុង​បាងកក ថ្ងៃទី​១៣ ធ្នូ ២០១២ © reuters
ដោយ៖ អៀង សុខម៉ិញ
១៤ នាទី

លោក​អាភិស៊ីត វេចាជីវ៉ា អតីត​នាយក​រដ្ឋមន្ត្រី​ ត្រូវ​ជាប់​ចោទ​ជា​ផ្លូវការ​ពី​បទ​ឃាតកម្ម​​ ព្រោះ​ក្នុង​នាម​ជា​​ប្រមុខ​រដ្ឋាភិបាល​បណ្តោយ​ឱ្យ​ទាហាន​បាញ់​ប្រហារ​ជីវិត​ជន​ស៊ីវិល​ម្នាក់​ស្លាប់​ ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​ នៅ​កណ្តាល​ទីក្រុង​បាងកក​កាលពី​ឆ្នាំ​២០១០។ សំណុំ​រឿង​ចោទ​ប្រកាន់​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ភាព​ប្រេះឆា​នយោបាយ​ផ្ទៃក្នុង​ថៃ។

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោកអតីត​នាយក​រដ្ឋមន្ត្រី​ អាប់ភិស៊ីត​វេចាជីវ៉ា និង​ ​អតីត​ឧបនាយក​រដ្ឋមន្ត្រីថៃ​ ទទួល​បន្ទុក​ផ្នែក​សន្តិសុខ លោក ស៊ូថេប ថងស៊ូបាន ​ត្រូវ​បាន​តុលាការ​ថៃ​ចោទ​ប្រកាន់​ជា​ផ្លូវការ ពី​បទ​ឃាតកម្ម។ ទាំងពីរ​នាក់​បាន​បង្ហាញ​ខ្លួន​នៅ​នាយកដ្ឋាន​ស៊ើបអង្កេត​​ពិសេស​របស់​ក្រសួង​យុត្តិធម៌​ វេលា​ម៉ោង​១៣និង​៣០​នាទី ម៉ោង​នៅ​ប្រទេស​ថៃ។ នេះ​បើ​តាម​ការ​កត់ស​ម្គាល់​របស់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP។

 
​ជាប់​ចោទ ​​​​ឃាតកម្ម​ ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ប្រទេស​ ​បណ្តោយ​ឱ្យ​ទាហាន​បាញ់​សម្លាប់​ជនស៊ីវិលម្នាក់​ នា​ឱកាស​ព្រឹត្តិការណ៍​បាតុកម្ម​​ខែ​មេសា​ឆ្នាំ​២០១០។ ​ប៉ុន្តែ​ទាំង​លោក អាប់ភិស៊ីត ទាំង​លោក ស៊ូថេប សុទ្ធ​តែ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

បាតុកម្ម​ខែ​មេសា​ឆ្នាំ​២០១០ ដែល​បាន​រុញ​ច្រាន​ប្រទេស​ថៃ​ឱ្យ​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​យ៉ាង​ជ្រៅ​ និង​ការ​បែក​ចែក​ជាង​ពេល​ណាៗ​ទាំង​អស់​រវាង​អ្នក​គាំទ្រលោក​ថាក់ស៊ីន និង​អ្នក​គាំទ្រ​រាជវង្ស បាន​ផ្តាច់​ជីវិត​មនុស្ស​អស់ ៩០​នាក់​និង​របួស​ជាង​១៩០០​នាក់។

​សម្រាប់​លោក​ អាប់ភិស៊ីត លោក​បាន​អះអាង​ម្តង​ជា​ពីរ​ដង ថា​បាន​ខិត​ខំ​ធ្វើ​គ្រប់​យ៉ាង​នាពេល​នោះ​ ដើម្បី​បញ្ចៀស​ការ​បាត់​​បង់​ជីវិតមនុស្ស និង​រៀប​ចំ​សង្គម​ឱ្យ​មាន​​សណ្តាប់​ធ្នាប់​វិញ។ ប៉ុន្តែ​​លោក​សុខ​ចិត្ត​ទទួល​ការ​កាត់​ទោស​ប្រសើរ​ជាង​ការ​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​បច្ចុប្បន្ន​ ដែល​មាន​គម្រោង​អនុម័ត​ច្បាប់​លើក​លែង​ទោស​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​អំពើ​ហិង្សា​នយោបាយ​តាំង​ពី​ឆ្នាំ​២០០៥​មក។ គម្រោង​ដែល​បើ​តាម​លោក​អាប់ភិស៊ីត​អនុគ្រោះ​ខ្លាំង​ដល់​ការ​វិល​ត្រឡប់​ របស់​លោក​ថាក់ស៊ីន​ ចូល​មាតុប្រទេសវិញ។

នៅ​ពេល​នេះ គេ​អាច​ចាត់ទុក​ថា​​លោក​អាប់ភីស៊ីត និង​លោក​ស៊ូថេប​ ជា​អ្នក​ទទួល​ខុស​ត្រូវ​រដ្ឋាភិបាល​ដំបូង​គេ​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ក្តី​បាតុកម្ម ក្នុង​ខណៈ​ដែល​មេ​ខ្លោង​ដឹកនាំ​ចលនា​អាវ​ក្រហម​ដល់​ទៅ​២៤​នាក់​ត្រូវ​ជាប់​ចោទ​ពីបទ​ប្រព្រឹត្ត​ភេរវកម្ម​។ ប៉ុន្តែ​ដោយ​ហេតុ​តែ​បញ្ហា​កាលវិភាគ សវនាការ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ត្រូវ​លើក​ពេល​ទៅ​ធ្វើ​នៅ​សុក្រ​ទី​១៤​ធ្នូ​ស្អែក​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ