កម្ពុជា​-ថៃ

អាភីស៊ីត​ជំទាស់​ផែនការ​មេ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ

នាយក​រដ្ឋមន្ត្រី​ថៃ និង​ខ្មែរ​ជួប​គ្នា​ កាលពី​ឆ្នាំ ២០០៩
នាយក​រដ្ឋមន្ត្រី​ថៃ និង​ខ្មែរ​ជួប​គ្នា​ កាលពី​ឆ្នាំ ២០០៩ © សុវណ្ណារ៉ា

ជា​ថ្មី​ម្តង​ទៀត នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ អាភីស៊ីត វេចាជីវ៉ា​ បាន​ថ្លែង​ជា​សាធារណៈប្រាប់​ប្រជាជន​ខ្លួន​អំពី​ជំហរ​របស់​រដ្ឋាភិបាល​ចំពោះ ​ប្រាសាទ​វិហារ​កម្ពុជា។ លោក​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​ចាត់ទុក ផែនការ​មេ​ ស្តីពី​ការ​អភិវឌ្ឍន៍​តំបន់​ទ្រនាប់​ប្រាសាទ​ព្រះវិហារ​នោះ ថា​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​បូរណភាព​ទឹកដី និង​បាន​បង្ក​អោយ​មាន​ទំនាស់​រវាង​កម្ពុជា​ថៃ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា សេចក្តី​ថ្លែង​ការណ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថៃ​ធ្វើ​ឡើង​ ដើម្បី​តែ​ប្រជាប្រិយភាព​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ

នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ អាភីស៊ីត វេចាជីវ៉ា​ បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​មួយ​កាល​ពីចុង​សប្តាហ៍​កន្លង​ទៅ ដើម្បី​បញ្ជាក់​ប្រាប់​ប្រជាជន​របស់​ខ្លួន អំពី​ជំហរ​របស់​រដ្ឋាភិបាល​ចំពោះ​ប្រាសាទ​ព្រះវិហារ។ លោក​អាភីស៊ីត វេចាជីវ៉ា​ ម្តង​នេះ​ហាក់​មិន​បាន​បន្ទោស​ត្រង់ៗ​មក​កម្ពុជា​នោះ​ឡើយ ប៉ុន្តែ​បាន​ដាក់​ការ​ទទួល​ខុសត្រូវ​ទៅលើ​អង្គការ​UNESCO ដែល​បាន​យល់ព្រម​ទទួល​ចុះ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​មនុស្ស​ជាតិ។ បើតាម​លោក​អាភីស៊ីត ប្រការ​នេះ បាន​អនុញ្ញាត​អោយ​កម្ពុជា​ធ្វើ​គម្រោង​ផែនការ​អភិវឌ្ឍន៍​តំបន់​ទ្រនាប់​នៃ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក ហើយថា​គម្រោង​អភិវឌ្ឍន៍​នេះ​ត្រូវ​បាន​ធ្វើ​នៅលើ​បូរណភាព​ទឹកដី​ថៃ។

            យោង​តាមការ​ចុះ​ផ្សាយ​របស់​កាសែត​ថៃ​បាងកកប៉ុស្ត៍​នៅ​ថ្ងៃនេះ លោក​អាភីស៊ីត​បានថ្លែង​ប្រាប់​សាធារណជន​ថៃ​ថា លោក​បាន​លើក​យក​បញ្ហា​នេះ​ជជែក​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ ហ៊ុន សែន​ យ៉ាង​ហ្មត់ចត់​នៅក្នុង​ជំនួប​លើក​ទី៤​នៅ​ភ្នំពេញ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​នោះ ហើយ​ថា​សម្រាប់​លោក​អាភីស៊ីត គម្រោង​អភិវឌ្ឍន៍​តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​ប៉ះពាល់​ដល់​ទឹកដី​ថៃ​នោះ គឺ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។

            នៅថ្ងៃនេះ​ដែរ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ លោក​ កុយ គួង​ បាន​អះអាង​ថា សេចក្តី​ថ្លែង​ការណ៍​របស់​លោក​អាភីស៊ីត​យ៉ាង​នេះ ក៏​ជា​រឿង​ដែល​កម្ពុជា​មិនអាច​ទទួល​យក​បាន​ដូចគ្នា។ ប្រតិកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី​ថៃ លោក​កុយ គួង ​អត្ថាធិប្បាយ​ថា លោក​អាភីស៊ីត​អាច​កំពុង​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​ដើម្បី​ប្រជាប្រិយភាព​របស់ខ្លួន។ ប៉ុន្តែ​កម្ពុជា​មិន​ដែល​ស្គាល់​តំបន់​ជម្លោះ​ដែល​ថៃ​អះអាង​ជា​ឯកតោ​ភាគី​នោះ​ឡើយ ទីមួយ។ ទី២ លោក​ កុយ គួង​ បាន​បន្ត​បញ្ជាក់​ថា បើ​និយាយ​អំពី​គម្រោង​អភិវឌ្ឍន៍​តំបន់​ទ្រនាប់​នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក គឺ​ប្រាសាទ​ព្រះវិហារ​នោះ គម្រោង​អភិវឌ្ឍន៍​ក៏​មិន​បាន​លាត​សន្ធឹង ឬ​ពាក់ព័ន្ធ​ដល់​តំបន់​ដែល​ថៃ​ទាមទារ​ជា​ឯកតោភាគី​នោះ​ដែរ។

            ទោះយ៉ាងណា​ក៏​ដោយ ក្រៅពី​ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​ថៃ​យ៉ាង​នេះ ដែល​មិនមែន​ជា​រឿង​ថ្មី​ឡើយ​នោះ លោក​កុយ គួង​បាន​កត់សម្គាល់​ជាទូទៅ​ថា ទំនាក់ទំនង​ទ្វេ​ភាគី​កម្ពុជា​ថៃ​កាន់​តែ​មាន​ភាពប្រសើរ​ឡើង​ហើយ។ ជាក់ស្តែង ថ្នាក់​ដឹកនាំ​នៃ​ភាគី​ទាំងពីរ​ទាំង​បាន​ព្រមព្រៀង​គ្នា​ថា​មិន​ប្រើប្រាស់​អាវុធ​ដើម្បី​ដោះស្រាយ​ទំនាស់ និង​លទ្ធភាព​នៃ​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​ព្រំដែន៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI