គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ៥ ខែនេះ កើនឡើងគួរឲ្យព្រួយបារម្ភ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រយៈពេល ៥ ខែ ក្នុងឆ្នាំ២០១១នេះ មានគ្រោះថ្នាក់ចរាចរណ៍សរុបទូទាំងប្រទេស ចំនួន ២០០១ ករណី ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ ៨០១ នាក់។ អត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បានកើនឡើងខ្ពស់ ដែលនាំឲ្យមន្ត្រីជំនាញ បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង។ យុទ្ធនាការអប់រំសាធារណៈ ស្តីពី សុវត្ថិភាពចរាចរណ៍ ក៏ត្រូវបានធ្វើឡើង ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការគោរពច្បាប់ ដោយពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវាត់សុវត្ថិភាព មិនបើកបរហួសល្បឿនកំណត់ និងមិនបើកបរក្រោយពេលពិសាជាតិស្រវឹង ជាដើម។
យុទ្ធនាការអប់រំសាធារណៈ ស្តីពី សុវត្ថិភាពចរាចរណ៍ ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អង្គការដៃគូដើម្បីសុវត្ថិភាពចរាចរណ៍សកល អង្គការសុខភាពពិភពលោក និងអង្គការជនពិការអន្តរជាតិ បែលហ្សិក។ សិក្ខាសាលារយៈពេលពីរថ្ងៃ ដែលបានចាប់ផ្តើមនៅថ្ងៃ៧មិថុនា នៅសណ្ឋាគារ Himawary ក្នុងទីក្រុងភ្នំពេញ បានផ្ញើសារដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ឲ្យទទួលបានព័ត៌មានតាមរយៈការផ្សព្វផ្សាយ និងចូលរួមក្នុងការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការគោរពច្បាប់ ដោយពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវាត់សុវត្ថិភាព មិនបើកបរហួសល្បឿនកំណត់ និងមិនបើកបរក្រោយពេលពិសាជាតិស្រវឹងជាដើម។
លោក ពៅ ម៉ាលី អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូន និងជាតំណាងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល ៥ ខែ ក្នុងឆ្នាំ២០១១នេះ បានកើនឡើងខ្ពស់គួរឲ្យព្រួយបារម្ភ។ នោះគឺនៅទូទាំងប្រទេស មានគ្រោះថ្នាក់ចំនួន ២០០១ ករណី ដោយបានសម្លាប់ជីវិតមនុស្ស ៨០១ នាក់។ ចំណែកគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កាលពីឆ្នាំ២០១០ មានជិត ៥០០០ ករណី និងបានសម្លាប់ជីវិតមនុស្ស ១៨១៦ នាក់។
តំណាងរដ្ឋាភិបាលរូបនេះ បានបន្ថែមថា មូលហេតុចម្បង ដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីកត្តាមនុស្ស តាមរយៈការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោយពេលពិសាជាតិស្រវឹង និងការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជាដើម។
តាមរបាយការណ៍ នៅកម្ពុជា អ្នកប្រើប្រាស់ម៉ូតូ យុវជនវ័យក្មេងៗ និងអ្នកថ្មើរជើង គឺជាអ្នកប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ។ គ្រោះថ្នាក់ចរាចរណ៍ បានប៉ះពាល់ដ៏ធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។ ពោលគឺ គ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំ២០១០ បានធ្វើឲ្យកម្ពុជាខាតបង់ដល់ទៅ ២៧៩ លានដុល្លារអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ