ជនជាតិថៃដកបណ្តឹងឧទ្ធរណ៍
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
វេរ៉ា ស៊ុមខ្វាមឃីត និងនាងរ៉ាទ្រី បានប្រកាសនៅមុខប្រធានក្រុមប្រឹក្សាចៅក្រមនៃសាលាឧទ្ធរណ៍ថាពួកគេពិតជាសម្រេចចិត្តឈប់ប្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រមសាលាដំបូងហើយ។ សាលាដំបូងរាជធានីភ្នំពេញដែលបានផ្ទន្ទាដាក់ទោសពួកគេដាក់ពន្ធនាគារម្នាក់៨ឆ្នាំនិងម្នាក់ទៀត៦ឆ្នាំពីបទឆ្លងដែនខុសច្បាប់ ធ្វើចារកម្ម និងចូលក្នុងតំបន់យោធាដោយគ្មានការអនុញ្ញាត។
ប្រធានក្រុមប្រឹក្សាចៅក្រមរបស់សាលាឧទ្ធរណ៍លោក សំរិទ្ធ សុផល បានប្រកាសបិទបណ្តឹងឧទ្ធរណ៍របស់ជនជាតិថៃជាផ្លូវការនៅព្រឹកថ្ងៃពុធទី២៨នេះ នៅចំពោះមុខពិរុទ្ធជនទាំងពីរនាក់តែម្តង។ ការប្រកាសរបស់ប្រធានចៅក្រមធ្វើឡើងនៅក្នុងសវនាការមួយដែលតម្រូវអោយពិរុទ្ធជនជនជាតិថៃទាំងពីរប្រកាសបញ្ជាក់ជាផ្លូវការអំពីសេចក្តីសម្រេចរបស់ខ្លួនថាមិនប្តឹងឧទ្ធរណ៍នោះ។
តាមពិតដើមឡើយជនជាតិថៃទាំងពីរនាក់ ម្នាក់ឈ្មោះវេរ៉ា ស៊ុមខ្វាមឃីត និងម្នាក់ទៀតគឺនាងរ៉ាទ្រីបានសម្រេចចិត្តប្តឹងឧទ្ធរណ៍ជំទាស់សាលក្រមរបស់សាលាដំបូង។ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២កុម្ភៈបានផ្ទន្ទាទោសពួកគេដាក់ពន្ធនាគារម្នាក់៨ឆ្នាំនិងម្នាក់ទៀត៦ឆ្នាំពីបទឆ្លងដែនខុសច្បាប់ ធ្វើចារកម្ម និងចូលក្នុងតំបន់យោធាដោយគ្មានការអនុញ្ញាត។ ក៏ប៉ុន្តែប៉ុន្មានថ្ងៃក្រោយ ជនជាតិថៃទាំងពីរនាក់បានសម្រេចអោយមេធាវីរបស់ពួកគេដកពាក្យបណ្តឹងវិញ រហូតដល់ពេលនេះទើបចៅក្រមសាលាឧទ្ធរណ៍ហៅពួកគេមកសួរបញ្ជាក់អំពីការដកពាក្យបណ្តឹងឧទ្ធរណ៍នេះ។
សវនាការបិទបណ្តឹងឧទ្ធរណ៍នេះស្រាប់តែធ្វើឡើងមួយថ្ងៃមុនគម្រោងទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសថៃនៅកម្ពុជា។ រដ្ឋមន្ត្រីការបរទេសថៃមានគម្រោងនិយាយស្នើសុំអោយកម្ពុជាដោះលែងអោយមានសេរីភាពនូវជនជាតិទាំងពីរនាក់នេះ។
បំណងរបស់រដ្ឋាភិបាលថៃដែលចង់ស្នើអោយរដ្ឋាភិបាលភ្នំពេញពិចារណាដោះលែងអ្នកទោសថៃទាំងពីរនេះមានយូរមកហើយ។ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់នៅកម្ពុជា លោកស្រី យីងឡាក់មិនបានរារែកក្នុងការលើកសំណើនេះទេ ដោយនិយាយយោងថា ជនជាតិថៃទាំងពីរនាក់បានទទួលស្គាល់កំហុសរបស់ខ្លួនហើយ។ ប៉ុន្តែថាលោកនាយករដ្ឋមន្ត្រីកម្ពុជាបានឆ្លើយទម្លាក់ទៅលើនីតិវិធីច្បាប់របស់កម្ពុជាដែលថាករណីលើកលែងទោសប្រសិនបើត្រូវធ្វើនោះ ក៏ត្រូវធ្វើតាមដំណាក់កាលៗរបស់វាដែរ។
ប៉ុន្តែយោងតាមការអះអាងរបស់អ្នកទទួលខុសត្រូវពន្ធនាគារក្នុងពេលកន្លងមក នៅពេលព្រះករុណាព្រះមហាក្សត្រត្រូវឡាយព្រះហស្ថលេខាព្រះរាជទានលើកលែងទោសដល់អ្នកទោសក្នុងឱកាសបុណ្យអ៊ុំទូកនោះ គ្មានទេឈ្មោះជនជាតិថៃទាំងពីរនៅក្នុងបញ្ជីលើកលែងទោស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ