អាដហុកព្រួយបារម្ភចំពោះការប្រឈមរបស់ពលករចំណាកស្រុក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សមាគមការពារសិទ្ធិមនុស្ស អាដហុក បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រឈមរបស់ពលករចំណាកស្រុក ការរំលោភសិទ្ធិការងារ និងបញ្ហាជួញដូរមនុស្ស ដែលនៅតែបន្តកើតមាន ជាពិសេសនៅក្នុងកំឡុងត្រីមាសទី១ ក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ២០១៣។ រយៈពេល៣ខែ គិតចាប់ពីខែមករា អាដហុកបានទទួលពាក្យបណ្តឹង និងអន្តរាគមន៍ ពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស និងការរំលោភសិទ្ធិពលករចំណាកស្រុក ប្រមាណ ៥៥ ករណី ដែលបានប៉ះពាល់ដល់ជនរងគ្រោះ ចំនួន ១២១ នាក់។
គឺនៅព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្តង ដែលសមាគមសិទ្ធិមនុស្ស អាដហុក បានបង្ហាញការព្រួយបារម្ភ តាមរយៈសេចក្តីថ្លែងការណ៍ និងការថ្លែងផ្ទាល់មាត់ នៅក្នុងសន្និសីទកាសែត នៅទីស្នាក់ការ ក្នុងទីក្រុងភ្នំពេញ។
បុរសពលករ ១១ នាក់ ក្នុងចំណោម ២៣ នាក់ ដែលត្រូវបានជួយសង្គ្រោះ ពីប្រទេសម៉ូរីស ក៏ត្រូវបាននាំមកបង្ហាញ ក្នុងសន្និសីទកាសែត។ ពលករកម្ពុជាទាំង ២៣ នាក់ បានឆ្លងដែនខុសច្បាប់ ចូលទៅធ្វើការនៅលើទូកនេសាទ ចេញពីប្រទេសថៃ ទៅកាន់ប្រទេសម៉ូរីស អស់រយៈពេល ២ ឆ្នាំកន្លះ ដោយមិនទទួលបានប្រាក់ខែ មុននឹងពួកគេ ត្រូវចាប់ឃុំខ្លួន រយៈពេល ៧ ខែ នៅប្រទេសម៉ូរីស។
ពលរដ្ឋខ្មែរ ២៣ នាក់ ដែលមានស្រុកកំណើតនៅខេត្តឧត្តរមានជ័យ រងគ្រោះដោយការជួញដូរមនុស្ស តាមរយៈការឆ្លងដែន ទៅរកការងារធ្វើដោយខុសច្បាប់ នៅប្រទេសថៃ ហើយត្រូវបានជួយសង្គ្រោះនៅប្រទេសម៉ូរីស (Mauristius)។ បុរសពលករ ១១ នាក់ បានមកដល់កម្ពុជា កាលពីថ្ងៃទី៩មេសា ហើយ ១១ នាក់ ផ្សេងទៀត បានមកដល់ភ្នំពេញ កាលពីព្រឹកថ្ងៃ១១មេសានេះ។ រីឯពលករម្នាក់ទៀត បានបាត់ខ្លួន។
ពលរដ្ឋខ្មែររងគ្រោះទាំង ២៣ នាក់នោះ ត្រូវបានមេខ្យល់បោកបញ្ឆោត នាំយកទៅធ្វើការខុសច្បាប់ នៅលើទូកនេសាទថៃ ហើយត្រូវបានជួយសង្គ្រោះ នៅពេលទូកនេសាទថៃ ចូលនេសាទខុសច្បាប់ ក្នុងដែនទឹកប្រទេសម៉ូរីស។
ក្នុងសន្និសីទកាសែត នៅព្រឹកមិញ លោក ធន សារាយ ប្រធានអង្គការអាដហុក បានលើកឡើងពីបញ្ហាប្រឈមគួរឲ្យកត់សម្គាល់ នៅដើមឆ្នាំ២០១៣ ដែលមានដូចជា ការបាត់ដំណឹងរវាងក្រុមគ្រួសារ និងពលករ ការបង្ខំឲ្យបន្តកិច្ចសន្យាការងារ ការរំលោភសិទ្ធិមូលដ្ឋានរបស់មនុស្ស (វាយដំ បង្អត់អាហារ គ្មានពេលសំរាក ខ្វះការយកចិត្តទុកដាក់លើសុខភាព) ការរំលោភសិទ្ធិការងារ ដូចជា ប្រាក់ខែមិនទទួលបានគ្រប់ចំនួន ឬមិនបើកប្រាក់ខែដោយបង្ខំឲ្យបន្តការងារ ការដកហូតលិខិតឆ្លងដែន បណ្តាលឲ្យប៉ូលិសចាប់ដាក់គុក និងការបង្ខំឲ្យបម្រើផ្លូវភេទ (ករណីជួញដូរភេទ) ជាដើម។
លោក ធន សារាយ ក៏បានលើកបង្ហាញពីបញ្ហាគួរឲ្យព្រួយបារម្ភមួយទៀត គឺការទ្រុឌទ្រោមសុខភាពយ៉ាងខ្លាំង នៅពេលវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។ ពលករខ្លះត្រូវធ្លាក់ខ្លួនពិការ ស្មារតីខុសប្រក្រតី ខណៈពេលដែលប្រាក់ខែ មិនត្រូវគេបានផ្តល់ជូន ឬផ្តល់ជូនមិនគ្រប់ចំនួន។
របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា គិតត្រឹមឆ្នាំ២០១២ ពលករកម្ពុជាចំណាកស្រុក ទៅធ្វើការនៅក្រៅប្រទេស ដោយស្របច្បាប់ មានចំនួន ១៣ ម៉ឺននាក់។ ក្នុងនោះ ភាគច្រើន ពលករកម្ពុជា ចេញទៅធ្វើការងារនៅប្រទេសថៃ។
ចំណែកអង្គការ ខារ៉ាម កម្ពុជា បង្ហាញថា គិតត្រឹមបំណាច់ឆ្នាំ២០១២ ពលករខ្មែរដែលធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ទាំងស្របច្បាប់ដោយមានលិខិតឆ្លងដែនត្រឹមត្រូវ និងតាមរយៈក្រុមហ៊ុន ព្រមទាំងចេញទៅមិនមានច្បាប់ សរុបមានជិត ៥ សែននាក់។ ក្នុងនោះ ពលករធ្វើចំណាកស្រុកទៅកាន់ប្រទេសថៃ មានចំនួនជាង ៤ សែននាក់ រាប់ទាំងមានឯកសារ និងមិនមានឯកសារត្រឹមត្រូវ ប្រទេសម៉ាឡេស៊ី មានចំនួន ៥ ម៉ឺននាក់ និងប្រទេសកូរ៉េខាងត្បូង អាចមានរហូតដល់ ២ ម៉ឺននាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ