ទស្សនកិច្ចគួរឲ្យភ្ញាក់ផ្អើលរបស់លោក Leon Panetta នៅកាប៊ូល
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន៩ថ្ងៃមកជាអាទិ៍នៅសិង្ហបុរីវៀតណាមនិងឥណ្ឌា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Leon Panetta បានធ្វើដំណើរទៅដល់ទីក្រុងកាប៊ូលប្រទេសអាហ្វហ្កានីស្ថាននៅថ្ងៃព្រហស្បតិ៍៧មិថុនានេះ។ជាដំណើរទស្សនកិច្ចមួយគួរឲ្យភ្ញាក់ផ្អើល មួយថ្ងៃបន្ទាប់ពីអាហ្វហ្កានីស្ថានបានទទួលរងអំពើភេរវកម្មអត្តឃាតពីរលើកនិងការវាយប្រហារដ៏កាចសាហាវមួយបណ្តាលឲ្យស្លាប់ជនស៊ីវិលអាហ្វហ្កានីស្ថានអស់ជាចើ្រននាក់ដែលអង្គការអូតង់ត្រូវជាប់ចោទថាជាអ្នកទទួលខុសត្រូវ។
ទស្សនកិច្ចរបស់លោក Leon Panetta រដ្ឋមន្ត្រីការពារជាតិអាមេរិកនៅអាហ្វហ្កានីស្ថាននៅថ្ងៃនេះ បានប្រព្រឹត្តទៅបន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកជាងមួយសប្តាហ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ បណ្តាប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិកដែលសុំឲ្យអាមេរិករៀបចំយុទ្ធសាស្ត្រខ្លួនជាថ្មីនៅក្នុងតំបន់ ជាអាទិ៍ការបង្កើនកងនាវាចម្បាំងសំរាប់ត្រួតពិនិត្យលើការជួញដូរខុសច្បាប់តាមផ្លូវសមុទ្រនិងទប់ទល់កុំឲ្យប្រទេសចិនពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងតំបន់។
នៅពេលឈប់សំចតនៅទីក្រុងញូវដែលី លោក Panetta បានថ្លែងលើកទឹកចិត្តអ្នកដឹកនាំឥណ្ឌា ដោយសុំឲ្យជ្រោមជ្រែងជួយប្រទេសអាហ្វហ្កានិស្ថានថែមទៀតក្នុងការកសាងសេដ្ឋកិច្ចប្រទេសនេះនិងជួយបង្វឹកហាត់កងកម្លាំងសន្តិសុខអាហ្វហ្កានីស្ថានស្របពេលដែលកងទ័ពចម្រុះអន្តរជាតិ- ឈប់បំពេញបេសកកម្មនៅអាហ្វហ្កានីស្ថាន។ រដ្ឋមន្រ្តីការពារអាមេរិក បានស្នើសុំផងដែរឲ្យឥណ្ឌាខិតខំពង្រឹងទំនាក់ទំនងល្អប្រសើរជាមួយប៉ាគីស្ថាន ទោះបីជាទំនាក់ទំនងនេះ មានលក្ខណៈស្មុគស្មាញក្តីក៏ប៉ុន្តែវាជាការចាំបាច់-នេះជាការថ្លែងបញ្ជាក់បន្ថែមរបស់លោកPanetta។
លោកឡេអុងប៉ានេតាបានថ្លែងទៀតថា សហរដ្ឋអាមេរិក-បានធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងបណ្តាញភេរវជនអាល់កៃដានៅតំបន់កុលសម្ព័ន្ធភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ ត្រង់នេះ -លោករដ្ឋមន្ត្រីការពារជាតិអាមេរិក ចង់គូសបញ្ជាក់ប្រាប់ប៉ាគីស្ថានថា -យន្តហោះ Drones អាមេរិក នៅតែបន្តការវាយប្រហារទៅលើពួកមេដឹកនាំនៃបណ្តាញអាល់កៃដានៅក្នុងតំបន់តទៅទៀតទោះបីជាមានការស្តីបន្ទោសពីប៉ាគីស្ថានដែលចោទថាអាមេរិកបានរំលោភអធិបតេយ្យរបស់ខ្លួនក្តី។
ទាក់ទងប្រទេសអាហ្វហ្កនីស្ថានវិញលោក Panetta បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃ បណ្តាញឧទ្ទាម Haqqani ដែលមានទីតាំងនៅប៉ែកខាងលិចប៉ាគីស្ថាននិងគាំទ្រពួកតាលីបង់នៅអាហ្វហ្កានីស្ថាន។ លោក បានព្រមានទៀតថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តដាក់គំនាបទៅលើទីក្រុងអ៊ីស្លាម៉ាបាតដើម្បីឲ្យប៉ាគីស្ថានប្រយុទ្ធប្រឆាំងបណ្តាញឧទ្ទាម Haqqani។
នៅទីក្រុងកាប៊ូលនៅថ្ងៃព្រហស្បតិ៍នេះ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក មានបំណងចង់ស្វែងយល់អំពីការរីករាលដាលនៃអំពើភេរវកម្មនៅអាហ្វហ្កានីស្ថាននេះ បន្ទាប់ពីមានអំពើភេរវកម្មអត្តឃាតពីរលើកដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន២៣នាក់និងរបួសជាង៥០នាក់នៅថ្ងៃពុធម្សិលមិញនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ