ជប៉ុនផ្តល់ជំនួយបន្ថែមជាង ៨សែនដុល្លារសម្រាប់បោសសម្អាតមីននៅបាត់ដំបង
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ទឹកប្រាក់ជាង ៨ សែនដុល្លារអាមេរិក ដល់អង្គការសកម្មភាពកម្ចាត់មីនជប៉ុន ហៅកាត់ថា ជេម៉ាស ( JMAS ) ដើម្បីអនុវត្តគម្រោងបង្កើនប្រសិទ្ធភាពបោសសម្អាតមីន នៅខេត្តបាត់ដំបង។ ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងអង្គការមិនមែនរដ្ឋាភិបាលជប៉ុននេះ នឹងត្រូវជេម៉ាស ធ្វើសកម្មភាពបោសសម្អាតមីន ក្នុង៤ ភូមិនៅស្រុករតនៈមណ្ឌល ដែលត្រូវបានចាត់ទុកជាតំបន់ មានមីនច្រើនជាងគេ ក្នុងខេត្តបាត់ដំបង។ គម្រោងដោះមីន នៅអតីតសមរភូមិប្រយុទ្ធរវាងកងទ័ពរដ្ឋកម្ពុជា និងខ្មែរក្រហមនេះ នឹងធ្វើឲ្យប្រជាជនប្រមាណ ៥.០០០ នាក់រំដោះចេញពីការគំរាមកំហែង និងការភ័យខ្លាចពីគ្រាប់មីន។ គ្រាប់មីននៅកម្ពុជា ក្នុងឆ្នាំ២០១១ បានសម្លាប់មនុស្សជាង ១០០ នាក់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយបន្ថែមជាង ៨ សែនដុល្លាររបស់រដ្ឋាភិបាលជប៉ុន សម្រាប់ដោះមីន នៅខេត្តបាត់ដំបងត្រូវបានធ្វើឡើងកាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី៦ កញ្ញា ឆ្នាំ២០១២ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ជំនួយ ៨៣៩.៣៦៣ ដុល្លារអាមេរិក ដែលរដ្ឋាភិបាលជប៉ុនផ្ដល់ដល់អង្គការ JMAS នៅថ្ងៃនេះ នឹងត្រូវប្រើប្រាស់ ក្នុងសកម្មភាពបោសសម្អាតមីន ក្នុងភូមិជាមន្ត្រី ភូមិស្វាយស ភូមិប្រជៀវ និងភូមិជីសាង ស្រុករតនៈមណ្ឌល ដែលត្រូវបានចាត់ទុកជាតំបន់ មានមីនច្រើនជាងគេ ក្នុងខេត្តបាត់ដំបង។ តាមរយៈគម្រោងបោសសំអាតមីន ដែលមានផ្ទៃដីប្រមាណ ២៥០ហិកតា ក្នុងឆ្នាំ២០១២នេះ នឹងធ្វើឲ្យប្រជាពលរដ្ឋប្រមាណប្រាំពាន់នាក់ ក្នុងភូមិ៤ នឹងត្រូវបានរំដោះចេញពីការគំរាមកំហែង និងការភ័យខ្លាចពីគ្រាប់មីន។
ក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្ដល់ជំនួយបន្ថែម លោក ម៉ាសាហ្វ៊ួមី គូរ៉ូគី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានលើកឡើងថា បើទោះជាចំនួនជនរងគ្រោះ បានបន្តថយចុះ ក៏នៅតែមានប្រជាជនកម្ពុជា ជាង ១០០នាក់ រងគ្រោះដោយគ្រាប់មីន ក្នុងឆ្នាំ២០១១ ជាពិសេសនៅខេត្តបាត់ដំបង។ ដូច្នេះនៅតែមានតម្រូវការខ្ពស់ សម្រាប់សកម្មភាពបោសសម្អាតមីន ក្នុងខេត្តបាត់ដំបង ភាគពាយ័ព្យប្រទេសកម្ពុជា។
អង្គការដោះមីនជប៉ុន JMAS ក្រោមកិច្ចសហការជាមួយស៊ីម៉ាក់ បានធ្វើការបោសសម្អាតមីននៅខេត្តបាត់ដំបង អស់រយៈពេល ៦ឆ្នាំ មកហើយ គិតចាប់ពីឆ្នាំ២០០៥។ ដីរំដោះមីនទាំងនោះ ត្រូវបានដាំដុះក្លាយជាវាលស្រែ ចម្ការដំឡូង ពោត។ ក្រុមហ៊ុនជប៉ុនចំនួនបី ក៏បានដាក់ទុនវិនិយោគ នៅក្នុងតំបន់ទើបដោះមីន ក្នុងខេត្តបាត់ដំបង ដែលផ្ដល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ២០០នាក់។
រដ្ឋាភិបាលជប៉ុន បានគាំទ្រសកម្មភាពបោសសម្អាតមីននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២។ រហូតមកដល់ពេលនេះ ជប៉ុនផ្តល់ជំនួយដោះមីននៅកម្ពុជា សរុប ១២ កោដិយ៉េន ស្មើប្រហែល ១៤៥ លានដុល្លារអាមេរិក។ ជប៉ុន ក៏បានផ្តល់ជំនួយជាឧបករណ៍បោសសម្អាតមីន និងសហប្រតិបត្តិការបច្ចេកទេស ដល់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា CMAC ផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ