ជប៉ុន

ជប៉ុន​កុម្ម៉ង់​ទិញ​យន្តហោះAirbus​ អឺរ៉ុប​ ៣១គ្រឿង​ ធ្វើអោយ​ Airbus​ នាំមុខ​ Boeing​ របស់​អាមេរិក​

នៅថ្ងៃ​ចន្ទ​​នេះ ក្រុមហ៊ុន​យន្តហោះ​ Airbus អឺរ៉ុប បាន​ទទួលការ​បញ្ជាទិញ​យន្តហោះ ប្រភេទ​A៣៥០ ជា​ប្រវត្តិសាស្ត្រ​ ក្នុង​តំលៃកាតាឡុក ​៩ពាន់​៥រយ​លាន​ដុល្លារ​ ពីក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​ឈ្មោះថា JAL។ ការបញ្ជាទិញ​​​នេះ បានធ្វើអោយ​​យន្តហោះ​​​ក្រុមហ៊ុន Airbus អឺរ៉ុប នៅ​ជប៉ុន​ នាំមុខ​ក្រុមហ៊ុន Boeing របស់​សហរដ្ឋអាមេរិក​វិញ។

យន្តហោះ​Airbus ប្រភេទ​A៣២០
យន្តហោះ​Airbus ប្រភេទ​A៣២០ REUTERS/Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើកទី១​ហើយ ដែល​​​ហោះ​Airbus អឺរ៉ុប បាននាំមុខ​​យន្តហោះ​បូអ៊ីង​​អាមេរិក ដែល​មាន​វត្តមាន​នៅ​ជប៉ុន ជាង​កន្លះសតវត្ស​មកនេះ។ មូលហេតុ​ គឺ​មកពី​ក្រុមហ៊ុន​អាកាសចរណ៍​​ជប៉ុន​ JAL បាន​សំរេច​បញ្ជាទិញ​​យន្តហោះ​Airbus ​ប្រភេទ​A៣៥០ ចំនួន​៣១គ្រឿង ​ក្នុង​តំលៃ​៩ពាន់៥រយ​លានដុល្លារ។​ នេះ​ជា​តំលៃ​ក្នុង​បញ្ជី​កាតាឡុក ប៉ុន្តែ​ តំលៃ​ដែល​ក្រុមហ៊ុន Airbus លក់ទៅអោយ​ជប៉ុន គឺទាប​ជាងនេះ​ យោងទៅតាម​លក្ខខណ្ឌ​នៃ​ការបញ្ជាទិញ។

ការបញ្ជា​ទិញ​នេះ បាន​បញ្ជាក់​ពី​ការពិត​នៃ​ពាក្យចចាមអារ៉ាម​​ ទាក់ទង​នឹង​ការទិញយន្តហោះ​អ៊ែរប៊ុសអឺរ៉ុប លេច​ឡើង​​ជាច្រើនខែ​កន្លងមកនេះ។ ក្រុមហ៊ុន​អាកាសចរណ៍​​ជប៉ុន​ JAL ត្រូវការ​យន្តហោះ​ Airbus ​ប្រភេទ​A៣៥០-៩០០ ចំនួន​១៨គ្រឿង និង​ប្រភេទ​​​A៣៥០-១០០០ ចំនួន​១៣គ្រឿង។ នេះ​ជាជោគជ័យ​សំរាប់ ក្រុមហ៊ុន​យន្តហោះ​Airbus ដែល​​ស្ថិត​ក្នុង​ក្រុម​សហគ្រាសយន្តហោះ​អឺរ៉ុប ហៅកាត់ថា ​EADS ​។ ​EADS មាន​ចំណែកនៅលើ​​ទីផ្សារ​ជប៉ុន​​ មិនដល់​​​​​១០ភាគរយ​នោះទេ។

ដោយឡែក ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​ JAL ធ្លាប់​បាន​​ក្ស័យធុន​រួចមកហើយ ប៉ុន្តែ​ត្រូវបាន​រដ្ឋជប៉ុន​​ស្រោច​ស្រង់​មកវិញ។ ក្រុមហ៊ុននេះសង្ឃឹម​ថា ដើម្បី​អោយ​ប្រតិបត្តិការ​ខ្លួន​មានប្រសិទ្ធភាព​ខ្ពស់ ក្រុមហ៊ុន​នឹង​ធ្វើការ​ហោះហើរ​យន្តហោះ​Airbus ​​​A៣៥០ អោយ​បាន​ច្រើនជើង​បំផុត។ តាំងពី​ដើម​រៀងមក​ ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​ JAL តែងតែ​​​​ផ្តល់អាទិភាព​ដល់​​យន្តហោះ​បូអ៊ីង​​អាមេរិក​​ ជានិច្ច។ ​ការសំរេច​ទិញ​យន្តហោះ Airbus ប្រហែល​ជា​​ដោយសារ​ ក្រុមហ៊ុន​ JAL ​ចង់​ប្រើយន្តហោះ​ផ្សេងពី​ប្រភេទ​បូអ៊ីង ដើម្បី​អោយ​ការ​ហោះហើរខ្លួន​​​មានយន្តហោះ​ជា​លក្ខណៈ​ចំរុះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI