ឆ្នេរភាគខាងកើតឥណ្ឌាប្រឈមព្យុះសង្ឃរា Phailin
នៅយប់ថ្ងៃសៅរ៍នេះ ឥណ្ឌាកំពុងត្រៀមចាំការមកដល់នៃព្យុះសង្ឃរា Phailinនៅឆ្នេរភាគខាងកើតប្រទេស។ មនុស្សរាប់សិបម៉ឺននាក់ត្រូវបានជម្លៀស ទៅរកកន្លែងមានសុវត្ថិភាព។ ផ្នែកឧតុនិយមឥណ្ឌាបានប្រកាសសញ្ញាអាសន្ន អោយប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថា ព្យុះដែលអាចមានល្បឿនខ្យល់ដល់២៤០គីឡូម៉ែត្រក្នុងមួយម៉ោងនោះ អាចនឹងបង្កមហន្តរាយធ្ងន់ធ្ងរ ហើយជនរងគ្រោះអាចមានដល់១២លាននាក់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅព្រឹកថ្ងៃសៅរ៍នេះ ព្យុះសង្ឃរា Phailin មានកំលាំងខ្យល់បោកបក់យ៉ាងតិច ២២០គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះបានវាតទីឈូងសមុទ្របង់ហ្កាល់ មួយភាគធំ ហើយត្រូវធ្វើដំណើរមកដល់ឆ្នេរភាគខាងកើតប្រទេសឥណ្ឌា នៅយប់ថ្ងៃសៅរ៍នេះហើយ។ កំពស់ទឹកអាចកើនឡើងខ្ពស់៣ម៉ែត្រ នៅឆ្នេរសមុទ្រ។
ភ្លៀងបានធ្លាក់ជោគជាំ ខ្យល់បោកបក់ខ្លាំង ហើយប្រជាជននៅឆ្នេរភាគខាងកើតរាប់សែននាក់ កំពុងជ្រកកោននៅកន្លែងមានសុវត្ថិភាព ដើម្បីចៀសផុតពីមហន្តរាយ។ អាជ្ញាធរឥណ្ឌា បានប្រកាសសញ្ញាអាសន្នអោយមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាកំលាំងខ្យល់ព្យុះដែលអាចមានល្បឿនដល់ទៅ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង អាចបង្កការខូចខាតធ្ងន់ធ្ងរ។ អាជ្ញាធរគិតថា ប្រជាជនប្រហែល១២លាននាក់ អាចនឹងរងគ្រោះដោយសារព្យុះសង្ឃរានេះ។
ខ្យល់បានបោកបក់ផ្តួលដើមឈើ នៅរដ្ឋអូរីសា និងរដ្ឋអាន់ដ្រា ប្រាដេស ដែលនៅជិតគ្នានោះ រួចមកហើយ។ ព្យុះសង្ឃរាផៃលិន បានឈានដល់ដំណាក់កាលទី៥ដែលជាដំណាក់កាលចុងក្រោយនៃកម្រិតSaffir-Simpson រឺហៅម្យ៉ាងទៀតថា កម្រិតកំលាំងព្យុះត្រូពិច។ ផ្នែកឧតុនិយមអាមេរិក បានកត់ត្រាល្បឿនខ្យល់រហូតដល់៣១៤គីឡូម៉ែត្រ ក្នុងមួយម៉ោង។
ព្យុះសង្ឈរាផៃលិន ធ្វើអោយគេនឹងដល់ព្យុះសង្ឈរាមួយទៀតដែរ កាលពីឆ្នាំ១៩៩៩ នៅក្នុងតំបន់នេះ ដែលកាលណោះ ព្យុះសង្ឃរាមានល្បឿនខ្យល់រហូត៣០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបានសម្លាប់មនុស្សជាង៨ពាន់នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ