អាមេរិកនិងជប៉ុនចង់អោយសម្ព័ន្ធភាពយោធារវាងប្រទេសទាំងពីរ មានភាពទំនើប
នៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងកិច្ចពិភាក្សាអាមេរិក-ជប៉ុន ប្រមុខការពារជាតិនិងប្រមុខការទូតប្រទេសទាំងពីរ បានបង្ហាញប្រាប់ពីគោលបំណងធ្វើអោយសម្ព័ន្ធភាពយោធារវាងប្រទេសទាំងពីរ មានលក្ខណៈកាន់តែទំនើបថែមទៀត។ បន្ទាប់ពីបានទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូងមក ប្រមុខការពារជាតិអាមេរិក ឆាក់ ហាហ្កែល បានបន្តដំណើរទស្សនកិច្ចមកក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះទៀត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ដូចជាទស្សនកិច្ចនៅកូរ៉េខាងត្បូងដែរ ទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិក នៅជប៉ុន ស្ថិតក្នុងក្របខណ្ឌយុទ្ធសាស្ត្រអាមេរិក នៅអាស៊ីប៉ាស៊ីហ្វិក ប្រឈមមុខនឹងប្រទេសមហាអំណាចចិន និងប្រទេសមហិច្ឆតានុយក្លេអ៊ែរ កូរ៉េខាងជើង។ អាមេរិក និងជប៉ុន ចង់ពង្រឹងសម្ព័ន្ធភាពយោធារវាងគ្នា បន្ថែមទៀត។
ប្រមុខការទូតអាមេរិក ចន ឃេរី ក៏មានវត្តមាន នៅក្រុងតូក្យូ ថ្ងៃព្រហស្បតិ៍នេះដែរ។ ប្រមុខការពារជាតិនិងប្រមុខការទូតអាមេរិក បានជួបពិភាក្សាជាមួយប្រមុខការពារជាតិនិងប្រមុខការទូតជប៉ុន ក្នុងកិច្ចប្រជុំមានឈ្មោះថា “២បូក២”។ តំណាងប្រទេសទាំងពីរ បានផ្តោតការពិភាក្សាសំខាន់លើការធ្វើអោយសម្ព័ន្ធភាពយោធារវាងប្រទេសទាំងពីរ កាន់តែមានភាពទំនើបថែមទៀត។ ពួកគេក៏បានពិភាក្សាគ្នាពីសុវត្ថិភាពសន្តិសុខតំបន់ផងដែរ។ ជប៉ុនបានសំដែងការព្រួយបារម្ភពីការកើនឡើងនៃសក្តានុពលទ័ពចិន។ ក្នុងតំបន់ ជប៉ុនក៏បានរងការគំរាមកំហែងនុយក្លេអ៊ែរ ពីកូរ៉េខាងជើងផងដែរ។
គួររំលឹកថា ចាប់តាំងពីឆ្នាំ១៩៩៧ មក អាមេរិក និងជប៉ុន នៅមិនទាន់បានសើរើឡើងវិញ នូវឯកសារទាក់ទងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី នៅឡើយទេ។ យោងតាមប្រមុខការទូតអាមេរិក ចន ឃេរី ស្ថានភាពក្នុងតំបន់បានផ្លាស់ប្តូរច្រើន ហើយក្នុងតំបន់ក៏មានការគំរាមកំហែងបែបផែនថ្មីៗផងដែរ។
ដើម្បីឆ្លើយតបនឹងដំណើរការវិវត្តន៍ទាំងអស់នេះ ប្រទេសទាំងពីរបានពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការផ្នែកទិន្នន័យអ៊ីនថឺនេត និងសមត្ថភាពការពារប្រឈមទៅនឹងអាវុធមីស៊ីល។ អាមេរិកនិងជប៉ុនបានព្រមព្រៀងគ្នាថា នឹងដាក់រ៉ាដារប្រកាសអាសន្នទីពីរទៀត នៅប៉ែកកណ្តាលប្រទេសជប៉ុន ដែលជាការបន្តឃ្លាំមើលវត្តមានអាវុធមីស៊ីល ក្នុងតំបន់។
លើសពីនេះ ប្រមុខការទូត និងប្រមុខការពារជាតិ អាមេរិកនិងជប៉ុន បានជជែកគ្នាពីការចាកចេញរបស់កងទ័ពអាមេរិក៥០០០នាក់ ពីកោះអូគីណាវ៉ា ក្រោយឆ្នាំ២០២០ និងការដាក់យន្តហោះដ្រូនឈ្មោះថា Global Hawk ពីពីរទៅបីគ្រឿង នៅជប៉ុន។ នៅសប្តាហ៍ក្រោយនេះ អាមេរិកនិងជប៉ុននឹងធ្វើសមយុទ្ធយោធារួមគ្នាមួយផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ