ឆ្នាំថ្មី ៖ ប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យ«សប្បាយក្លាយជាទុក្ខ»!
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ពិធីបុណ្យចូលឆ្នាំថ្មីដែលជារដូវដ៏សប្បាយរីករាយបំផុតរបស់ប្រជាពលរដ្ឋខ្មែរ បានឈានចូលមកដល់ទៀតហើយ។ ចាប់ពីចុងសប្តាហ៍នេះទៅ មនុស្សម្នាធ្វើដំណើរចុះឡើងយ៉ាងកុះករតាមគ្រប់មធ្យោបាយដើម្បីទៅជួបជុំក្រុមគ្រួសារឬស្វែងរកការកម្សាន្តសប្បាយនៅតាមទីរមណីយដ្ឋាននានា។ ប៉ុន្តែ រាល់កម្មវិធីបុណ្យដ៏សប្បាយរីករាយបែបនេះ គ្រោះថ្នាក់ចរាចរណ៍តែងតែបង្កសោកនាដកម្មដ៏គួរឲ្យរន្ធត់។ ក្រុមគ្រួសារខ្មែរជាច្រើនបានប្រែក្លាយពិធីបុណ្យដ៏សប្បាយរីករាយទៅជាពិធីបុណ្យសពដ៏សោកសៅទៅវិញ។ តើហេតុអ្វីបានជាដូច្នេះ?
គ្រាន់តែរយៈពេល៣ខែដើមឆ្នាំ ២០១៣ តួលេខរបស់ប៉ូលិសបង្ហាញថា មានពលរដ្ឋខ្មែរដល់ទៅជាង៥០០នាក់បានបាត់បង់ជីវិតតាមដងផ្លូវសាធារណៈដោយសារគ្រោះថ្នាក់ចរាចរណ៍។ តួលេខនេះគឺជាសោកនាដកម្មដ៏គួរឲ្យរន្ធត់ណាស់សម្រាប់សង្គមនិងគ្រួសារខ្មែរ។ លើសពីនេះទៅទៀត ចំនួនអ្នកស្លាប់និងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍តែងកើនឡើងយ៉ាងគំហុគនៅពេលមានពិធីបុណ្យធំៗដូចជាបុណ្យចូលឆ្នាំជាដើម។ ដូច្នេះ ពិធីបុណ្យចូលឆ្នាំថ្មីដែលនឹងឈានចូលមកដល់នៅចុងសប្តាហ៍នេះច្បាស់ជាក្លាយជាពិធីដ៏សោកសៅសម្រាប់គ្រួសារខ្មែរមួយចំនួនដោយចៀសមិនផុតឡើយ។
ជាការពិតណាស់ គ្រោះថ្នាក់គឺជារឿងដែលមិនអាចមើលឃើញពោលគឺវាអាចកើតឡើងគ្រប់ជំហានដោយគ្មានអ្នកណាដឹងមុន។ ម្យ៉ាងទៀត គ្រោះថ្នាក់ បើទោះជាកើតឡើងក្រោមរូបភាពណាក៏ដោយក៏ពិតជាមិនមែនជាក្តីប្រាថ្នារបស់អ្នកណាម្នាក់ដែរ។ ប៉ុន្តែ វាជារឿងដែលអាចបង្កាបានដោយគ្រាន់តែប្រើវិធី«ប្រុងប្រយ័ត្ន»ពីព្រោះប្រសិនបើគេវិភាគអំពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ គេអាចមើលឃើញយ៉ាងច្បាស់ថា ការធ្វេសប្រហែស ឬអាកប្បកិរិយាមិនទទួលខុសត្រូវរបស់អ្នកបើកបរ គឺជាបញ្ហាចម្បងជាគេ។
របាយការណ៍របស់ប៉ូលិសក៏ដូចជារបាយការណ៍អង្គការណ៍នានាដែលធ្វើការពាក់ពន្ធ័នឹងសុវត្ថិភាពផ្លូវថ្នាល់បានបង្ហាញថា មានមូលហេតុសំខាន់ពីរដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍គឺ ទី១ បណ្តាលមកពីកត្តាយានយន្ត និងទី២ គឺកត្តាមនុស្ស។ កត្តាយានយន្តមានន័យថា ការប្រើប្រាស់យានយន្តដែលគ្មានសុវត្ថិភាពដោយសារតែមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ។ រីឯកត្តាមនុស្សវិញមានន័យថា អ្នកបើកបរមិនគោរពច្បាប់ដូចជាបើកបរហួសល្បឿនកំណត់ បើកបរដោយមិនគោរពសិទ្ធិអាទិភាព មិនពាក់មួកសុវត្ថិភាព ឬបើកបរក្នុងស្ថានភាពស្រវឹងជាដើម។
ប៉ុន្តែ ទាំងកត្តាបច្ចេកទេស និងកត្តាមនុស្ស គឺសុទ្ធតែកើតចេញពីការមិនយកចិត្តទុកដាក់ និងមិនទទួលខុសត្រូវរបស់អ្នកបើកបរនេះឯង។ អាកប្បកិរិយាប្រកបដោយការប្រមាថបែបនេះបានកើតឡើងខណៈដែលចំនួនយានយន្តកើនឡើងជារៀងរាល់ថ្ងៃ រីឯមធ្យោបាយដឹកជញ្ជូនសាធារណៈវិញដឹកមនុស្សដោយមិនបានគិតគូរពីសុវត្ថិភាពឡើយ។ ក្នុងបរិបទបែបនេះ គ្រោះថ្នាក់មិនត្រឹមតែងាយនឹងកើតឡើងប៉ុណ្ណោះទេ តែវា ក៏បណ្តាលឲ្យមានអ្នករងគ្រោះច្រើនក្នុងពេលតែមួយផងដែរ។
ការស្តីបន្ទោសទៅលើអ្នកបើកបរជារឿងមួយ ប៉ុន្តែ បើពិនិត្យឲ្យស៊ីជម្រៅជាងនេះ គឺប្រព័ន្ធសង្គមទាំងមូលដែលអំណោយផលដល់ការមិនគោរពច្បាប់ និងការមិនទទួលខុសត្រូវរបស់មនុស្ស។ ជាក់ស្តែង ការផ្តល់បណ្ណ័បើកបរ និងការត្រួតពិនិត្យបច្ចេកទេសយានយន្តជាដើម សុទ្ធតែអាចធ្វើឡើងតាមផ្លូវកាត់បានក្រោមឥទ្ធិពលទឹកប្រាក់។ ឥទ្ធិពលទឹកប្រាក់បានអនុញ្ញាតឲ្យមនុស្សជាច្រើនមិនគោរពច្បាប់។ នេះជាប្រភពនៃការបង្កបញ្ហាដ៏ធំធេងក្នុងសង្គម។
នៅពេលមានបញ្ហាកើតឡើងទៀតសោត ឥទ្ធិពលប្រាក់និងអំណាចក៏នៅតែអាចគារពារជនល្មើសមួយចំនួនឲ្យរួចផុតពីសំណាញ់ច្បាប់បានដដែល។ ទាំងនេះគឺជាបញ្ហាតភ្ជាប់គ្នាជាប្រពន្ធ័ និងដែលទាមទារឲ្យមានការដោះស្រាយជាប្រព័ន្ធដែរ។ នៅពេលដែលប្រព័ន្ធសង្គមមានរបៀបរៀបរយ ហើយបង្ខំឲ្យមនុស្សគោរពច្បាប់ដោយមិនលើកលែង និងដោយស្មើភាពគ្នានោះ គ្រប់គ្នាច្បាស់ជាមានទម្លាប់រស់ដោយយកច្បាប់ជាគោលជាមិនខាន។
ផ្ទុយទៅវិញ ភាពមិនរៀបរយនៃប្រព័ន្ធដឹកនាំសង្គមជះឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្នត់គំនិតរបស់មនុស្ស។ ជាក់ស្តែង បញ្ហារាប់រយជំពូកដែលបាននិងកំពុងកើតឡើងសព្វថ្ងៃ ក្នុងនោះក៏មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់តក់ស្លុតផងដែរនោះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសេចក្តីត្រូវការដែលត្រូវធ្វើឲ្យសង្គមខ្មែរមានរបៀបរៀបរយឡើងវិញជាចាំបាច់។
សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គមនេះហើយ ដែលជាកត្តាធានាសេចក្តីសុខសាន្តប្រកបដោយនិរន្តរភាពរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីចៀសផុតពីស្ថានភាព«សប្បាយក្លាយជាទុក្ខ»៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ