បាតុកម្មជាវិញ្ញាសាប្រជាធិបតេយ្យនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃអាទិត្យទី៩មិថុនាខាងមុខនេះ លោក ជុំ ម៉ី ជនរងគ្រោះដែលសល់ពីការស្លាប់ពីគុកទួលស្លែងនឹងដឹកនាំមហាបាតុកម្មមហាជនមួយដើម្បីប្រឆាំងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ ក្នុងចំណោមអ្នកចូលរួមបាតុកម្ម ក៏មានដែរតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាលោក ឈាង វុន។ ជាធម្មតា គេធ្លាប់តែឃើញតំណាងរាស្ត្រគណបក្សប្រឆាំងដឹកនាំឬចូលរួមបាតុកម្ម ប៉ុន្តែ ពេលនេះស្រាប់តែតំណាងរាស្ត្របក្សកាន់អំណាចដើរហែក្បួនវិញម្តង។ តើព្រឹត្តិការណ៍នេះមានអត្ថន័យយ៉ាងដូចម្តេច?
តាមទ្រឹស្តី បាតុកម្មគឺជាសិទ្ធិមូលដ្ឋានដ៏សំខាន់មួយនៅក្នុងសង្គមប្រជាធិបតេយ្យដែលមនុស្សគ្រប់គ្នាតែងប្រើប្រាស់ ដើម្បីបញ្ចេញមតិតវ៉ាប្រឆាំងទៅនឹងអ្វីដែលប៉ះពាល់ផលប្រយោជន៍របស់ពួកគេ។ ជាទូទៅ គឺគណបក្សប្រឆាំងដែលច្រើនតែរៀបចំបាតុកម្ម ឬក៏ជាអ្នកចូលរួមក្នុងបាតុកម្មពីព្រោះបាតុកម្មគឺជាចលនាមហាជនដើម្បីប្រឆាំងនឹងការដឹកនាំមិនល្អរបស់រដ្ឋាភិបាល។ ដូច្នេះ ជាអត្ថន័យនយោបាយ បាតុកម្មនឹងផ្តល់ផលចំណេញដល់បក្សប្រឆាំង។
ប៉ុន្តែ លើកនេះ បាតុកម្មបែរជាផ្តល់ផលចំណេញដល់បក្សកាន់អំណាចទៅវិញ ពីព្រោះបាតុកម្មដែលគ្រោងរៀបចំឡើងដោយលោក ជុំ ម៉ី អតីតអ្នករងគ្រោះក្នុងរបបខ្មែរក្រហមនៅថ្ងៃអាទិត្យនេះមានគោលដៅប្រឆាំងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងដ៏សំខាន់មួយរបស់បក្សកាន់អំណាច។ ហេតុដូច្នេះហើយបានជារដ្ឋាភិបាលដែលជាធម្មតាមិនចូលចិត្តបាតុកម្មទាល់តែសោះនោះ បែរជាបង្ហាញជំហរគាំទ្រដល់បាតុកម្មរបស់លោក ជុំ ម៉ី ទៅវិញ។ រីឯបក្សប្រឆាំងដែលជាទូទៅចូលចិត្តបាតុកម្មយ៉ាងខ្លាំងនោះ ឥឡូវបែរទៅជារិះគន់បាតុកម្មនេះដោយចាត់ទុកថាជាឆាករៀបចំឡើងដោយបក្សកាន់អំណាចទៅវិញ។
ជាការពិតណាស់ នៅកម្ពុជា នយោបាយតែងតែចូលលុកលុយនៅគ្រប់បញ្ហា។ វត្តមាននយោបាយនៅគ្រប់ទិសទីនេះហើយបានជាបញ្ហាជាច្រើនក្លាយជារឿងស្មុគស្មាញដោះស្រាយមិនចេញ។ នេះជាបញ្ហាម្យ៉ាង ប៉ុន្តែ បញ្ហាម្យ៉ាងទៀតនោះគឺ តើអ្នកនយោបាយខ្មែរមើលឃើញបាតុកម្មថាជាអ្វីឲ្យពិតប្រាកដ? ហើយតើពួកគេពិតជាគាំទ្រសិទ្ធិធ្វើបាតុកម្មដែរឬទេ? និងតើបាតុកម្មត្រូវបានប្រើប្រាស់ក្នុងន័យត្រឹមត្រូវរបស់វាហើយឬនៅ? នេះជាសំណួរដែលគួររកចម្លើយ។ ករណីបាតុកម្មនៅថ្ងៃអាទិត្យខាងមុខនេះមិនត្រឹមតែជាឧទាហរណ៍មួយ ដើម្បីស្វែងយល់ពីបញ្ហាបាតុកម្មនៅកម្ពុជាប៉ុណ្ណោះទេ តែវាក៏ជាវិញ្ញាសាមួយសម្រាប់វាស់ស្ទង់កម្រិតប្រជាធិបតេយ្យរបស់អ្នកនយោបាយផងដែរ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ប្រសិនបើមានបាតុកម្មប្រឆាំងទៅនឹងគូបដិបក្ខរបស់ខ្លួនអ្នកនយោបាយតែងគាំទ្រនិងការពារបាតុកម្មនោះយ៉ាងមុតមាំ។ ប៉ុន្តែ បើមានបាតុកម្មប្រឆាំងនឹងខ្លួនឬប្រឆាំងផលប្រយោជន៍របស់ខ្លូនវិញ ពួកគេច្បាស់ជាសម្លឹងមើលបាតុកម្មនោះក្នុងក្រសែភ្នែកអាក្រក់ទៅវិញ។ នេះសបញ្ជាក់ថា អ្នកនយោបាយទោះជាក្នុងបក្សកាន់អំណាចក៏ដោយ និងក្នុងបក្សប្រឆាំងក៏ដោយ ហាក់នៅតែមិនទាន់មានវប្បធម៌ប្រជាធិបតេយ្យរឹងមាំនៅឡើយ ជាពិសេសវប្បធម៌ទទួលយកសិទ្ធិធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋ។
ម្យ៉ាងទៀត គេក៏មិនត្រូវភ្លេចដែរថា បាតុកម្មភាគច្រើនបានបាត់បង់អត្ថន័យដើមរបស់វាដោយសារតែពណ៌សម្បុរនយោបាយបានជ្រៀតចូលទៅក្នុងបាតុកម្មនោះ។ នេះសបញ្ជាក់ឲ្យឃើញថា អ្នកនយោបាយនៅតែទន្ទឹងរង់ចាំទាញផលប្រយោជន៍ពីបាតុកម្ម និងពេលខ្លះបានប្រើប្រាស់បាតុកម្ម ដើម្បីគោលដៅនយោបាយត្រង់ៗតែម្តង។ ក្នុងករណីនេះ បាតុកម្មច្រើនតែក្លាយជារឿងគ្រោះថ្នាក់មួយ ហើយអ្នករងគ្រោះច្រើនតែជាពលរដ្ឋស្លូតត្រង់។ គឺដោយសារតែមូលហេតុនេះហើយបានជាបាតុកម្មនៅតែជារឿងរសើបមួយសម្រាប់ប្រទេសកម្ពុជា។
ដូច្នេះ ដើម្បីឲ្យបាតុកម្មក្លាយជាឧបករណ៍ការពារផលប្រយោជន៍របស់មហាជនពិតប្រាកដ អ្នកធ្វើបាតុកម្មត្រូវប្រើប្រាស់សិទ្ធិមួយនេះឲ្យបានត្រឹមត្រូវ ពោលគឺសិទ្ធិសម្តែងមតិដោយសន្តិវិធីដោយចៀសវាងអំពើហិង្សា។ ចំណែកឯអ្នកនយោបាយវិញមិនគួររង់ចាំកេងចំណេញពីបាតុកម្មរហូតដល់យកបាតុកម្មជាឈ្នាន់ដើម្បីសម្រេចគោលដៅរបស់ខ្លួននោះទេ។ ផ្ទុយទៅវិញពួកគេគួរតែចូលរួមការពារនិងលើកស្ទួយសិទ្ធិជាមូលដ្ឋានមួយនេះឲ្យបានខ្លាំង និងស្មើភាពគ្នាចំពោះអ្នករៀបចំបាតុកម្ម។
ម្យ៉ាងទៀត បាតុកម្ម បើទោះបីជាកើតចេញពីប្រភពណាក៏ដោយ ក៏វាជាសិទ្ធិដែលគួរតែទទួលបានការគោរព និងការពារ ដោយចៀសផុតពីការប្រមាថ។ ការឲ្យតម្លៃខុសគ្នាទៅលើបាតុកម្មដោយឈរតែលើផលប្រយោជន៍នយោបាយមិនបង្ហាញពីទស្សនៈគ្រប់ជ្រុងជ្រោយក្នុងការវិនិច្ឆ័យក្នុងនាមជាអ្នកប្រជាធិបតេយ្យនោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ