ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​មួក​សុវត្ថិភាព​អាច​ការពារ​អាយុ​ជីវិត​បាន​គ្រប់គ្នា​ដែរ​ឬទេ?

សំឡេង ០៤:៣២
គ្រោះថ្នាក់ចរាចរណ៍​មួយ ​នៅ​ភ្នំពេញ
គ្រោះថ្នាក់ចរាចរណ៍​មួយ ​នៅ​ភ្នំពេញ RFI/Channa Siv

សព្វថ្ងៃ​នេះ មាន​មនុស្ស​ស្លាប់​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍ កាន់តែ​ច្រើន​ឡើងៗ ក្នុង​នោះ​ក៏​មាន​ទាំង​អ្នក​ដែល​ពាក់​មួយ​សុវត្ថិភាព​ផង​ដែរ។ តួលេខ​ពី​ស្ថាប័ន​ជំនាញ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ករណី​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ មាន​ចំនួន​ខ្ពស់​ជាង អ្នកស្លាប់​ដោយ​ជំងឺ​អេដស៍​ដែល​នៅ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ទៅ​ទៀត។ ដូច្នេះ មួក​សុវត្ថិភាព​ពិត​ជា​សំខាន់​សម្រាប់​ការពារ​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍ ប៉ុន្តែ មាន​វិធី​ជាច្រើន​ទៀត​ដែល​ត្រូវ​អនុវត្ត​ព្រមគ្នា។

ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ននេះ ឃើញ​ថា​ចំនួន​អ្នក​ប្រើប្រាស់​មួក​សុវត្ថិភាព​មាន​ការកើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់។ ទោះបី​ជា​បែប​នេះ​ក្ដី​ក៏​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​មាន​ការកើន​ឡើង​គួរ​ឱ្យ​ព្រួយ​បារម្ភ​ ជា​ដដែល។

តួលេខ​របស់​គេហទំព័រ www.roadsafetycambodia.info ដែល​ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០១១​កន្លង​ទៅ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ក្នុង​មួយ​ឆ្នាំ​មាន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១៩០៥​នាក់​ ហើយ​បើ​គណនា​ទៅ​ឃើញ​ថា​មាន​មនុស្ស​ស្លាប់​ដោយ​ករណី​នេះ​ប្រមាណ​ជា​៥​នាក់​ក្នុង​មួយ​ថ្ងៃ ក្នុង​នោះ​ជន​រងគ្រោះ​ដែល​ស្លាប់​ច្រើន​ជាង​គេ​ គឺ​អ្នក​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​តែ​ម្ដង។

គ្រោះថ្នាក់នេះ​ក៏​ធ្វើ​ឱ្យ​រដ្ឋ​ត្រូវ​ខាតបង់​ថវិកា​ប្រមាណ​ជា​៣១០​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១១​នេះ​ផង​ដែរ ហើយ​បើ​ធៀប​នឹង​ឆ្នាំ​២០១០​ឃើញ​ថា​ការខាតបង់​នេះ​កើន​ឡើង​ប្រមាណ​ជា​១១​ភាគរយ។
ចំនួនអ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បើ​ប្រៀប​ជាមួយ​នឹង​អ្នក​ផ្ទុក​មេអេសដ៍​ដែល​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ នៅ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ឱ្យ​ជា​សះស្បើយ​ដាច់​ស្រលះ​នៅ​ឡើយ​នោះ ឃើញ​ថា​អ្នក​ស្លាប់​ដោយ​ករណី​នេះ​មាន​ចំនួន​៦០២​នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​បើ​គិត​ជា​ថ្ងៃ​វិញ​ឃើញ​ថា​មាន​អ្នក​ស្លាប់​ដោយ​មេរោគ​អេសដ៍​ប្រហែល​ជា​ម្នាក់​ក្នុង​មួយ​ថ្ងៃ។ ការប្រៀបធៀប​នេះ​គឺ​តាម​តួលេខ​នៅ​ឆ្នាំ​២០១១​ដូចគ្នា។

អ្វីដែលជាការគួរ​ឱ្យ​កត់សម្គាល់​នោះ​​ឃើញ​ថា​ការស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការកើន​ឡើង​ជា​លំដាប់​ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​ដោយ​មេរោគ​អេសដ៍​បែរ​ជា​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ទៅ​វិញ។

ហេតុផល​ដែល​បណ្ដាល​ឱ្យ​មាន​អ្នកស្លាប់​ច្រើន​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​អ្នក​ជំនាញ​មួយ​ចំនួន​មើល​ឃើញ​ថា​ ភាគច្រើន​កើត​ឡើង​បណ្ដាល​មកពី​ការបើក​បរ​លើស​ល្បឿន​កំណត់។
ច្បាប់​ចរាចរណ៍​ផ្លូវគោក​បាន​កំណត់​ថា​នៅ​តាម​ទី​ប្រជុំ​ជន​ម៉ូតូ​គ្រប់​ប្រភេទ​ទាំងអស់ ត្រូវ​បើក​បរ​ក្នុង​ល្បឿន​ច្រើន​បំផុត​ត្រឹម​៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ចំណែក​ឡាន​វិញ​គឺ​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ចំពោះ​ក្រៅ​ប្រជុំជន​វិញ​ ទាំង​ឡាន ទាំង​ម៉ូតូ​ អាច​បើក​ក្នុង​ល្បឿន​លឿន​បំផុត​ត្រឹម​៩០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ោង។

កត្តាមួយទៀតគឺ​ ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​លើស​កំណត់។ ករណី​នេះ​ឃើញ​ថា​មាន​អ្នក​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​មកពី​ទទួល​ទាន​គ្រឿង​ស្រវឹង​មាន​ប្រហែល​១៦​ភាគរយ​ដែរ។

មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​កាន់​តែ​ទំនើប​ និង​មាន​កម្លាំង​ខ្លាំង​ជាដើម នោះ​ ក៏អាច​ជា​កត្តា​បណ្ដាល​ឱ្យ​គ្រោះថ្នាក់ ចរាចរណ៍​ត្រូវ​កើន​ឡើង​ផង​ដែរ។ ជាឧទាហរណ៍​ជាក់ស្ដែង​ បើប្រៀប​ទៅ​នឹង​អំឡុង​ទសវត្សរ៍​១៩៨០ ឃើញ​ថា​ប្រសិន​បើ​ត្រឹម​តែ​ម៉ូតូ និង​ម៉ូតូ​បុក​គ្នា​នោះ គឺ​ច្រើន​បំផុត​មាន​ត្រឹម​តែ​រងគ្រោះ​សន្លប់ ឬ​បាក់ជើង​បាក់ដៃ​ខ្លះៗ​ប៉ុណ្ណោះ ហើយ​វា​ក៏​គួប​ផ្សំ​នឹង​ផ្លូវ​ក្រហេងក្រហូង​ច្រើន​ផង។ ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​វិញ ឃើញ​ថា​មាន​ករណី​ស្លាប់​ដោយសារ​តែ​ម៉ូតូ​បុក​នឹង​ម៉ូតូ​ហ្នឹង​ក៏​មាន​តួលេខ​ខ្ពស់​ដែរ។

អ្វីដែល​ជា​ការ​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ​ឃើញ​ថា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ផ្លូវ​ថ្នល់​ភាគ​ច្រើន​មាន​ស្ថានភាព​ល្អ​ប្រសើរ​បើ​ទោះ​បី​ជា​នៅ​កន្លែង​ខ្លះ មិនមាន​ផ្លូវ​បេតុង ឬ​កៅស៊ូ​រលោង​ក្ដី​ក៏​មាន​ផ្លូវ​ក្រួស​ក្រហម​រាប​ស្មើ​ស្រួល​ធ្វើ​ដំណើរ។ កត្តា​បែប​នេះ​ហើយ ទើប​បុគ្គល​មួយ​ចំនួន​ចូលចិត្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ហួស​កំណត់។

ការមិនគោរព​តាម​ស្លាក និង​ភ្លើង​សញ្ញា​ចរាចរណ៍​ ការធ្វេស​ប្រហែស​នៅ​ពេល​ឆ្លងកាត់​ផ្លូវ ការ​និយាយ​ទូរស័ព្ទ​ក្នុង​ពេល​កំពុង​បើក​បរ​ ការលែង​ជ្រូក​គោ​ក្របី និង​ឆ្កែ​ជាដើម ឱ្យ​ដើរ​ពាស​វាល​ពាស​កាល​នោះ ក៏​ជា​កត្តា​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ផង​ដែរ។

ជាលទ្ធផល​ដែល​បន្សល់​ទុក​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​ឃើញ​ថា​មាន​ជនពិការ ស្ត្រីម៉េមាយ កូនកំព្រា បាត់បង់​ទ្រព្យ​ផ្ទាល់ខ្លួន ខូចខាត​សម្បត្តិ​សាធារណៈ​ និង​ត្រូវ​បង់​ផាក​ពិន័យ​អស់​ប្រាក់​ជាច្រើន​ជាដើម។

ជារួម​ការពាក់​មួក​សុវត្ថិភាព​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ដើម្បី​ការពារ​អាយុ​ជីវិត​ខ្លួន​ឯង​នោះ។ ក្រៅពី​នេះ​ការ​មិន​ទទួល​ទាន​គ្រឿង​ស្រវឹង​ដែល​មាន​ដូចជា​ស្រា​និង​ប៊ីយែរ​លើស​កំណត់​ក្នុង​ពេល​បើកបរ​ក៏​អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ដោយសារ​បញ្ហា​នេះ​បាន​ដែរ។ ការដើរ​ឆ្លង​ផ្លូវ​ ការគោរព​តាម​ភ្លើង​ ស្លាក​សញ្ញា និង​ច្បាប់​ចរាចរណ៍​ព្រមទាំង​មិន​ឱ្យ​សត្វ​ចិញ្ចឹម​ដើរ​ពាស​វាល​ពាស​កាល​នោះ ក៏​ជា​ចំណែក​សំខាន់​មួយ​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​នេះ​ផង​ដែរ។ ការ​យោគ​យល់​​គ្នា ​ដោយ​ឱ្យ​គេ​ទៅ​មុន​ យើង​ទៅ​តាម​ក្រោយ​ក៏​ជា​វិធី​ល្អ​មួយ​ដែរ។

ដើម្បី​កុំ​ឱ្យ​ក្រុម​គ្រួសារ​ពិបាក​រៀបចំ​បុណ្យ​សព​ឱ្យ​ បុគ្គល​ទាំងឡាយ​គួរ​បើកបរ​ដោយ​ប្រុង​ប្រយ័ត្ន​មើល​មុខ​ មើល​ក្រោយ​មុន​នឹង​បត់​ព្រម​ទាំង​មិន​គួរ​បើក​លើស​ល្បឿន​កំណត់​នោះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI