ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ពលរដ្ឋ​ខ្មែរ​គួរ​តែ​ទម្លាប់​ពិនិត្យ​សុខភាព​មុន​ពេល​ធ្លាក់​ខ្លួនឈឺ

សំឡេង ០៤:៣០
កម្ពុជា​មាន​ទម្លាប់​មិនយក​ចិត្ត​ទុក​ដាក់​ពិនិត្យសុខភាព
កម្ពុជា​មាន​ទម្លាប់​មិនយក​ចិត្ត​ទុក​ដាក់​ពិនិត្យសុខភាព Getty Images/Steve Cole

បច្ចុប្បន្ននេះ បញ្ហា​សុខ​ភាពជា​ប្រធានបទ​ប្រចាំថ្ងៃ​ដ៏​សំខាន់​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ។ ការ​ត្អូញត្អែរ​ពី​សុខភាព​បាន​ហូរ​ចេញពី​បបូរមាត់​របស់​មនុស្ស​ស្ទើរ​គ្រប់គ្នា​នៅពេលដែល​ពួកគេ​បាន​ជួប​សួរសុខទុក្ខ​គ្នា។ មនុស្ស​កាន់តែ​មាន​វ័យ​ក្មេង​ឡើងៗ​ដែល​មាន​បញ្ហា​សុខភាព​នៅ​ខណៈដែល​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​នៅតែ​ស្ថិតក្នុង​សភាព​ទន់ខ្សោយ​យ៉ាងខ្លាំង។ ម្យ៉ាងទៀត ពលរដ្ឋ​ខ្មែរ​មាន​ទម្លាប់​មិន​យក​ចិត្ត​ទុកដាក់​ពិនិត្យ​សុខភាព​ជាប្រចាំ​ឡើយ​ ដោយ​រង់ចាំ​ដល់ពេល​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង​ទើប​ទៅ​មន្ទីរពេទ្យ។ តើ​ទម្លាប់​នេះ​បណ្តាល​មកពី​អ្វី?

ផ្សាយពាណិជ្ជកម្ម

បញ្ហា​សុខភាព​ប្រៀបបាន​ទៅនឹង​សង្គ្រាម​ដ៏​ស្ងៀមស្ងាត់​មួយ​ដែល​កំពុង​វាយលុក​ទៅលើ​គ្រួសារ​ខ្មែរ​ស្ទើរតែ​គ្រប់គ្នា។ ក្រៅពី​ជំងឺ​កាច​សាហាវ​នានា​ដែល​គេ​បាន​ស្គាល់​រួច​ហើយ នៅមាន​ជំងឺ​ជាច្រើន​ប្រភេទ​ទៀត​កំពុង​សម្ងំ​លាក់​ខ្លួន​ដើម្បី​បំផ្លាញ​​សរីរាង្គកាយ​​មនុស្ស​ឲ្យ​ចុះ​ទន់ខ្សោយ​បន្តិច​ម្តងៗ​ជា​រៀង​រាល់ថ្ងៃ។

 
ឈានចូល​ដល់​វ័យ​ចាប់ពី​៤០​ឆ្នាំ​ឡើង ម្នាក់ៗ​សុទ្ធ​តែមាន​បញ្ហា​នេះ​ឬ​នោះ​ស្ទើរ​គ្រប់គ្នា។ អ្នក​ខ្លះទៀត​ទោះបីជា​មិនទាន់​ធ្លាក់ខ្លួន​ឈឺ​ក៏ដោយ ក៏​មិន​ប្រាកដថា​គ្មាន​ជំងឺ​អ្វី​នោះដែរ​ពីព្រោះ​ពួកគេ​មិន​ដែល​ទៅ​ពិនិត្យ​សុខភាព​ឡើយ។ ទម្លាប់​មិន​ពិនិត្យ​សុខភាព​ជាប្រចាំ​ គឺជា​បញ្ហា​ធម្មតា​របស់​គ្រួសារ​ខ្មែរ​ទៅហើយ។ មនុស្ស​ភាគច្រើន​មិនដែល​បាន​ពិនិត្យ​សុខភាព​សូម្បីតែ​ម្តងណា​សោះ​ក្នុង​មួយជីវិត​លើកលែងតែ​ពេល​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង​​ទើប​ទៅ​មន្ទីរពេទ្យ។

ជាការ​ពិតណាស់ ការពិនិត្យ និង​តាមដាន​សុខភាព​គឺជា​កិច្ចការ​ចាំបាច់​មួយ​ដែល​ប្រជាជាតិ​ក្នុង​បណ្តា​ប្រទេស​ជឿនលឿន​លើ​លោក​នេះ​តែង​ធ្វើជា​ប្រចាំ​ទោះបីជា​ពួកគេ​នៅមាន​កម្លាំង​ពលំ​មាំមួន មិន​ឈឺ​អ្វី​ក៏ដោយ។ ការពិនិត្យ​សុខភាព​ជាប្រចាំ​អាច​អនុញ្ញាត​ឲ្យ​យើង​បានដឹង​ជាមុន​នូវ​រោគសញ្ញា​នានា​ ដើម្បី​កម្ចាត់​វា​ភ្លាមៗ​ចេញ​ពី​រាង​កាយ​តាំងពី​ដំបូង​ទី។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ នេះ​មិនមែនជា​ទម្លាប់​របស់​ប្រជាជន​ខ្មែរ​នោះឡើយ។

ជាទូទៅ ពលរដ្ឋ​ខ្មែរ​ទៅ​មន្ទីរពេទ្យ ឬ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​តែ​នៅ​ពេលណា​ដែល​ពួកគេ​ធ្លាក់ខ្លួន​ឈឺ​តែប៉ុណ្ណោះ។ អ្នក​ខ្លះទៀត ឈឺ​ល្មមៗ​ក៏​មិន​ចង់​ទៅ​មន្ទីរពេទ្យ​ដែរ​ ដោយ​សុខចិត្ត​ព្យាបាល​ដោយ​ខ្លួនឯង​តាម​មធ្យោបាយ​ផ្សេងៗ ឬ​ប្រើ​ថ្នាំពេទ្យ​ដោយ​ខ្លួន​ឯង​ ដោយ​គ្មាន​វេជ្ជបញ្ជា។ ទៅ​មន្ទីរពេទ្យ ឬ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​គឺជា​ជម្រើស​ចុងក្រោយ​នៅពេលដែល​ពួកគេ​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង​ងើប​ពី​កន្ទេល​លែងរួច ដែល​ជា​ស្ថានភាព​យឺត​ពេល ឬ​ជ្រុលពេល​ក្នុង​ការ​ជួយសង្គ្រោះ។ តើ​ហេតុអ្វី​បានជា​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ទម្លាប់​បែប​នេះ? នេះ​ជា​សំណួរ​សំខាន់​ដែល​ត្រូវ​រក​ចម្លើយ។

ជាការ​ពិត ការស្តីបន្ទោស​ពលរដ្ឋ​ម្នាក់ៗ​ថា​មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​សុខភាព​របស់​ខ្លួន​ជា​រឿង​​មួយ ប៉ុន្តែ លក្ខខណ្ឌ​មិន​អំណោយផល​នៃ​ប្រព័ន្ធ​សុខាភិបាល​គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​ទៀត។ នៅ​កម្ពុជា ហេដ្ឋារចនា​សម្ព័ន្ធ​សុខាភិបាល​នៅ​ខ្វះខាត​យ៉ាង​ច្រើន​ជាពិសេស​នៅ​តំបន់​ជនបទ​តែម្តង។ មន្ទីរពេទ្យ​នៅ​ឆ្ងាយ​ពី​ផ្ទះ គុណភាព​មាន​កម្រិត គ្រូពេទ្យ​មួយ​ចំនួន​មាន​សីលធម៌​មិនល្អ​ជាមួយ​អ្នកជំងឺ និង​ការចំណាយ​ខ្ពស់​លើ​ការព្យាបាល សុទ្ធសឹង​ជា​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ខ្លាច​មន្ទីរពេទ្យ ឬ​គ្មាន​លទ្ធភាព​ទៅ​មន្ទីរពេទ្យ​តែម្តង។ អ្នកខ្លះ​សុខចិត្ត​ដេកស្លាប់​នៅផ្ទះ​ដោយ​មិន​ខ្ចី​ទៅ​មន្ទីរពេទ្យ​ក៏មាន។

បច្ចុប្បន្ន រដ្ឋាភិបាល​បាន​ខិតខំ​ដោះស្រាយ​បញ្ហា​ដោយ​ពង្រាយ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ទៅ​កៀក​នឹង​ផ្ទះ​ប្រជាពលរដ្ឋ។ សេវាកម្ម​ឯកជន​ក៏បាន​រីកដុះដាល​យ៉ាងខ្លាំង​ណាស់ដែរ។ ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក្តី ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​ស្ថិតនៅ​ឆ្ងាយ​ពី​សេចក្តី​ត្រូវការ​ជាក់ស្តែង​នៅ​ឡើយ​(ទាំង​បរិមាណ និង​គុណភាព) ដែល​ទាមទារ​ឲ្យ​រដ្ឋ​ត្រូវ​វិនិយោគ​បន្ថែម​ទៀត​ទៅលើ​វិស័យ​នេះ​ជា​ចាំបាច់។ ទន្ទឹម​នឹង​នោះ ប្រជាពលរដ្ឋ​ខ្មែរ​ក៏ត្រូវ​ផ្តើម​កែប្រែ​ឥរិយាបថ​របស់ខ្លួន​ចំពោះ​​សុខ​ភាពជា​ចាំបាច់​ដែរ​ពីព្រោះថា សុខភាព​ដែល​ជា​របស់​សំខាន់​ជាង​អ្វីៗ​ទាំងអស់​នោះ​កំពុង​រង​ការគំរាមកំហែង​យ៉ាងខ្លាំង។

ការហូបចុក​មិន​ប្រមាណ និង​ចំណីអាហារ​​គ្មាន​សុវត្ថិភាព គឺជា​គ្រោះថ្នាក់​ធំ​បំផុត​ចំពោះ​សុខភាព។ ពាក្យចាស់​បូរាណ​បាន​ពោលថា «ស្រឡាញ់​ខ្លួន​ឲ្យ​ស្ងួន​ចំណី» នេះ​ជា​បញ្ហា​ទី១​ដែល​​ត្រូវ​យកចិត្ត​ទុកដាក់​អនុវត្ត។ ចំណែកឯ​ការពិនិត្យ​និង​តាមដាន​សុខភាព​ជាប្រចាំ​គឺជា​បញ្ហា​សំខាន់​ទី២ ដែល​គួរ​ធ្វើ​ឲ្យ​ទៅជា​ទម្លាប់។ គឺទម្លាប់«ការពារ​ប្រសើរ​ជាង​ព្យាបាល»៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI