សញ្ញាវិជ្ជមានមួយក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មានសញ្ញាវិជ្ជមានមួយគួរឱ្យលើកទឹកចិត្តបានលេចឡើងនៅក្នុង ប្រព័ន្ធតុលាការកម្ពុជាក្នុងរយៈពេលចុងក្រោយនេះ។ តុលាការកំពូលបានធ្វើឱ្យមានការភ្ញាក់ផ្អើលក្នុងសំណុំរឿងពីរ ទាក់ទងនឹងអំពើមនុស្សឃាតទៅលើសកម្មជនសហជីព។ កាលពីថ្ងៃទី២មីនាកន្លងទៅនេះ តុលាការកំពូលបានសម្រេចដោះលែងជនសង្ស័យសម្លាប់មេដឹកនាំសហជីពម្នាក់ ឱ្យមានសេរីភាព និងបញ្ជាឱ្យតុលាការសាលាដំបូង និងសាលាឧទ្ធរណ៍បើកការស៊ើបអង្កេតឡើងវិញ។ កាលពី៣ឆ្នាំមុននេះ តុលាការកំពូលក៏ធ្លាប់បានដោះលែងជនសង្ស័យពីរនាក់ដែលមហាជនទូទៅ ចាត់ទុកជាឃាតករសិប្បនិម្មិត។ ការដោះលែងទាំងពីរលើកនេះបានទទួលការអបអរសាទរជាទូទៅ។ តើព្រឹត្តិការណ៍នេះមានអត្ថន័យបែបណាខ្លះសម្រាប់ប្រព័ន្ធយុត្តិធម៌ កម្ពុជា?
អង្គការពលកម្មអន្តរជាតិ រួមជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ទើបតែបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយនៅថ្ងៃទី៤មីនាម្សិលមិញ ដើម្បីស្វាគមដល់សេចក្តីសម្រេចរបស់តុលាការកំពូល។ ស្វាគមន៍ដោយហេតុថាស្ថាប័នយុត្តិធម៌ថ្នាក់ខ្ពស់បំផុតមួយនេះបានដោះលែងជនសង្ស័យម្នាក់ដែលគេចាត់ទុកថាជាឃាតករសិប្បនិម្មិត។
ជនសង្ស័យម្នាក់នេះត្រូវបានតុលាការសាលាដំបូងផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ។ ទោសនេះត្រូវបានតម្កល់ដោយសាលាឧទ្ធរណ៍ដែលជាតុលាការថ្នាក់ទី២របស់ប្រទេស។ ក៏ប៉ុន្តែ សម្រាប់ក្រសែភ្នែកក្រុមអ្នកតាមដានព្រឹត្តិការណ៍ទាំងនោះរួមទាំងគ្រួសារជនរងគ្រោះផង ជនសង្ស័យដែលប៉ូលិសចាប់ ហើយត្រូវតុលាការទាំងពីរថ្នាក់ផ្តន្ទាទោសនេះ មិនមែនជា ឃាតករពិតប្រាកដឡើយ។ ដូច្នេះហើយ បានជាពួកគេបន្តការតស៊ូខាងផ្លូវច្បាប់រហូតដល់តុលាការកំពូល។ នៅទីបំផុត តុលាការកំពូលបានដោះលែងជនសង្ស័យម្នាក់នោះឱ្យមានសេរីភាពឡើងវិញ និងបញ្ជាឱ្យបើកការស៊ើបអង្កេតជាថ្មី។ ការសម្រេចចិត្តបែបនេះហើយដែលគេចាត់ទុកជាសញ្ញាល្អមួយនិងដែលទទួលបានការលើកទឹកចិត្ត។
និយាយអំពីបញ្ហានេះ គេប្រាកដជានឹកឃើញដល់រឿងរ៉ាវដូចគ្នាកាលពី៣ឆ្នាំមុន។ កាលណោះ តុលាការកំពូលបានដោះលែងជនសង្ស័យពីររូបគឺ ប៊ន សំណាង និងសុខ សំអឿន ដែលជា ជនសង្ស័យពាក់ព័ន្ធនឹងឃាតកម្មលើលោក ជា វិជ្ជា សកម្មជនសហជីពដ៏ល្បីល្បាញម្នាក់។ ដើមរឿងគឺប្រហាក់ប្រហែលគ្នាទេ។ ជនសង្ស័យទាំងពីរដែលត្រូវបានតុលាការសាលាដំបូង និងសាលាឧទ្ធរណ៍កាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ២០ឆ្នាំ ត្រូវតុលាការកំពូលផ្តល់យុត្តិធម៌ដល់ពួកគេដោយដោះលែងឱ្យមានសេរីភាពឡើងវិញ។
ជាការពិត ការចោទប្រកាន់ ការផ្តន្ទាទោស ឬក៏ការដោះលែងជនសង្ស័យណាម្នាក់មិនមែនជារឿងចម្លែកទេនៅក្នុងរង្វង់នៃប្រព័ន្ធយុត្តិធម៌។ ប៉ុន្តែ អ្វីដែលសំខាន់នោះ គឺភស្តុតាងដែលត្រូវដាក់បន្ទុក ឬដោះបន្ទុកជនសង្ស័យឯណោះទេ។ ការចាប់ខ្លួន និងផ្តន្ទាទោសមនុស្សម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ឬ២០ឆ្នាំដោយគ្មានភស្តុតាងគ្រប់គ្រាន់ ឬគ្មានភស្តុតាងទាល់តែសោះវាជារឿងគួរឱ្យសង្វេគខ្លាំងណាស់សម្រាប់ប្រព័ន្ធយុត្តិធម៌នៃប្រទេសមួយ និងជាពិសេសសម្រាប់តម្លៃនៃមនុស្សជាតិ។ តើរឿងរបៀបនេះកើតឡើងទៅលើមនុស្សប៉ុន្មាននាក់ហើយ? តើអ្នករងគ្រោះដោយសារអំពើអយុត្តិធម៌បែបនេះទទួលរងការឈឺចាប់ប៉ុណ្ណា? ទាំងនេះជាសំណួរដែលចៅក្រមគ្រប់រូបត្រូវចោទសួរមុននឹងធ្វើសេចក្តីសម្រេចចិត្តដាក់ទោសអ្នកណាម្នាក់។
ពិតហើយថា ប្រហែលជាមកពីទង្វើទាំងនោះហើយដែលធ្វើឱ្យប្រព័ន្ធយុត្តិធម៌កម្ពុជាទទួលរងការរិះគន់ និងស្ថិតនៅក្នុងចំណាត់ថ្នាក់ទាបមួយសម្រាប់ជំនឿចិត្តរបស់ប្រជាពលរដ្ឋ។ ទាំងអស់គ្នាសុទ្ធតែទទួលស្គាល់ចំណុចខ្វះខាត និងចំណុចខ្សោយរបស់តុលាការ។ ការទទួលស្គាល់នេះហើយបានជារដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់យ៉ាងក្តៅគគុកទៅលើប្រព័ន្ធយុត្តិធម៌។ ប៉ុន្តែ រយៈពេលជាច្រើនឆ្នាំមកនេះ គេទន្ទឹងរង់ចាំខ្លាំងណាស់នូវលទ្ធផលជាវិជ្ជមានដែលជាផ្លែផ្កានៃកំណែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា។ ក្នុងបរិបទនេះ សេចក្តីសម្រេចរបស់តុលាការកំពូលក្នុងសំណុំរឿងទាំងពីរខាងលើត្រូវគេមើលឃើញថាជា «សញ្ញាវិជ្ជមាន» មួយ។ ក៏ប៉ុន្តែ សុភាសិតបារាំងមួយបានពោលថា «អ្វីដែលកើតឡើងម្តងម្កាលមិនមែនជាទម្លាប់ទេ» ក្នុងន័យនេះ ដើម្បីធ្វើឱ្យសេចក្តីសម្រេចប្រកបដោយយុត្តិធម៌ក្លាយទៅជាទម្លាប់ ចៅក្រមតុលាការគ្រប់គ្នារាប់ទាំងសាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល ត្រូវតែខិតខំគោរពឱ្យបានខ្ពស់បំផុតនូវនិយាមយុត្តិធម៌ដែលវិជ្ជាជីវៈតម្រូវ ។
ចៅក្រមម្នាក់ដែលកាត់ទោសមនុស្សខុសចៅក្រមនោះបានសាងបាបកម្មពីរយ៉ាង ៖ ទី១ គេបានធ្វើឱ្យមនុស្សល្អជាប់ទោស និងទី២ គឺគេបានទុកឱ្យមនុស្សអាក្រក់រស់ក្នុងសេរីភាពដែលអាចបន្តធ្វើសកម្មភាពអាក្រក់បន្ថែមទៀត។ បាបកម្មទាំងពីរយ៉ាងមានសភាពធ្ងន់ធ្ងរទាំងផ្លូវលោក និងផ្លូវធម៌។ សេចក្តីសម្រេចរបស់តុលាការកំពូលក្នុងសំណុំរឿងទាំងពីរគឺជាក្តីសង្ឃឹមមួយសម្រាប់ប្រព័ន្ធយុត្តិធម៌កម្ពុជា ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ