កម្ពុជា​

យោធា​បរទេស​៤​ប្រទេស​មក​ធ្វើ​សមយុទ្ធ​យោធា​នៅ​កម្ពុជា

ទាហាន​អាមេរិក​មក​ធ្វើ​សមយុទ្ធ​ឆ្មាំ​អង្គរ នៅ​កម្ពុជា​
ទាហាន​អាមេរិក​មក​ធ្វើ​សមយុទ្ធ​ឆ្មាំ​អង្គរ នៅ​កម្ពុជា​ © ចាន់ណា

យោធា​បរទេស​រួមមាន​អាមេរិក ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​នេប៉ាល់​បាន​មក​ដល់​កម្ពុជា​ហើយ ដើម្បី​ត្រៀម​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​រយៈពេល​ជាង​១០​ថ្ងៃ ចាប់​ពី​ថ្ងៃទី​១៨​ឧសភា​ខាន​ស្អែក​នេះ។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ប្រាប់​អោយ​ដឹង​ថា នេះ​គឺ​ជា​សមយុទ្ធ​ផ្នែក​មនុស្សធម៌ ឈ្មោះ​ឆ្មាំ​អង្គរ​ដែល​កម្ពុជា​ធ្លាប់​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ម្តងរួច​មក​ហើយ​កាល​ពី​ឆ្នាំ​កន្លង​ទៅ។

ផ្សាយពាណិជ្ជកម្ម

ឆ្មាំ​អង្គរ​គឺ​ជា​ឈ្មោះ​សមយុទ្ធ​យោធា​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ទី​២​នៅ​ឆ្នាំ​នេះ។ ជា​សមយុទ្ធ​ក្នុង​ទម្រង់​អន្តរជាតិ​ដោយ​មាន​ការ​ចូលរូម​ពី​យោធា​បរទេស​ចំនួន​៤​ប្រទេស​ផ្សេង​ទៀត។ មាន​យោធា​សរុប​ទាំងអស់​ចំនួន​ជាង​៥០០​នាក់ រួម​ទាំង​កង​យោធពលខេមរ​ភូមិន្ទ​ផង។ យោធា​បរទេស​រួម​មាន អាមេរិក ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​នេប៉ាល់ ដែល​ក្នុង​ចំណោម​នោះ​យោធា​អាមេរិក​មាន​ជាង​២០០​នាក់។ សមយុទ្ធ​នេះ​នឹង​មាន​រយៈពេល​ប្រមាណ​១០​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៨​ឧសភា​នេះ​ទៅ។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក​ឧត្តម​សេនីយឯក ឈុំ សុជាតិ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃ​នេះ​ថា សមយុទ្ធ​ឆ្នាំ​អង្គរ​នឹង​ត្រូវ​ធ្វើ​ជាមួយ​វិញ្ញាសា​ចំនួន​៣។ ទីមួយ ការហ្វឹកហ្វឺន​ផ្នែក​ទី​បញ្ជាការ ទី២ ការហ្វឹកហ្វឺន​ផ្នែក​វិស្វកម្ម ដូចជា​ការសាងសង់​សាលា​រៀន និង​ជួសជុល​មន្ទីរ​ពេទ្យ​ជាដើម និង​វិញ្ញាសា​ទី​៣​គឺ ការព្យាបាល​ជំងឺ។

អ្នក​នាំពាក្យ​យោធា​កម្ពុជា​បាន​ពន្យល់​ថា សមយុទ្ធ​ឆ្មាំ​អង្គរ ត្រូវ​បាន​រៀបចំ​ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​ផ្នែក​យោធា​អាមេរិក​-កម្ពុជា និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​យោធា​នៃ​ប្រទេស​ជា​មិត្ត​ផ្សេង​ទៀត។ អ្នក​នាំពាក្យ​យោធា​ដដែល​បញ្ជាក់​ថា ការ​រៀបចំ​សមយុទ្ធ​យោធា​នៅ​កម្ពុជា គឺជា​មោទនភាព​របស់​កម្ពុជា ហើយ​ថា​ព្រឹត្តិការណ៍​នេះ ក៏​ជា​ឱកាស​ក្នុងការ​បង្ហាញ​អំពី​ភាព​រីក​ចំរើន​របស់​យោធា​កម្ពុជា និង​បញ្ហា​សន្តិសុខ​នៅកម្ពុជា​ផង​ដែរ។

កម្ពុជា​បាន​ពង្រឹង​ផ្នែក​យោធា​យ៉ាង​ខ្លាំងក្លា​ជាមួយ​ប្រទេស​មហា​អំណាច​មួយ​ចំនួន ជា​ពិសេស​អាមេរិក។ ជាមួយ​អាមេរិក យោធា​កម្ពុជា​បាន​ធ្វើ​សមយុទ្ធ​ជាច្រើន​លើក ហើយ​ទាហាន​ជើងទឹក​អាមេរិក​បាន​ចូល​មក​ធ្វើ​សកម្មភាព​សប្បុរសធម៌ នៅខេត្ត​ព្រះសីហនុ​ជា​ញឹកញាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI