ស៊ីរី​-អ.ស.ប.​

លោកកូហ្វី​អាណាន​ស្នើឲ្យ​មាន​រដ្ឋាភិបាល​អន្តរកាល​មួយ​នៅស៊ីរី​

បេសកជន​ពិសេស​របស់​​អង្គការ​​សហ​ប្រជាជាតិ​​លោក​កូហ្វី​​អាណាន​
បេសកជន​ពិសេស​របស់​​អង្គការ​​សហ​ប្រជាជាតិ​​លោក​កូហ្វី​​អាណាន​ REUTERS/Denis Balibouse

បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​លោក​កូហ្វី​អាណាន​បាន​ស្នើ​ឲ្យ​រៀបចំ​បង្កើត​រដ្ឋាភិបាល​អន្តរកាល​មួយ​នៅ​ប្រទេស​ស៊ីរី​ ​ ដើម្បី​ជួយ​រិះរក​ដំណោះស្រាយ​នយោបាយ​ឲ្យ​វិបត្តិ​នៅ​ប្រទេស​នេះ​ ដែល​ធ្លាក់ចុះ​កាន់តែ​ធ្ងន់ធ្ងរទៅៗ។ ការវាយ​ប្រហារ​ដ៏​ហិង្សា​នៅតែ​កើតមាន​នៅ​ប្រទេស​ស៊ីរី​ ​ ដែលបាន​បណ្តាល​ឲ្យ​មាន​មនុស្សស្លាប់​ជាង២៥០នាក់​ក្នុងរយៈ​ពេល​តែ​៤៨ម៉ោង។​ ទាំងនេះ​នៅ​ពីរថ្ងៃ​មុន​ការបើក​សន្និសីទ​អន្តរជាតិ​ស្តីពី​ប្រទេស​ស៊ីរី​ ​ ហើយ​ទីក្រុង​ម៉ូស្គូ​បាន​សម្ដែង​ឲ្យដឹងថា​ ​ ប្រទេស​រុស្ស៊ី​ពុំ​ព្រម​ទទួល​យកឡើយ​ ដំណោះស្រាយ​ដែល​មកពី​បរទេស។

ផ្សាយពាណិជ្ជកម្ម

 

ប្រទេស​មហា​អំណាច​ទាំងប្រាំ​នៃ​អ.ស.ប.​ដែល​ក្នុងនោះ​មាន​ ប្រទេស​រុស្ស៊ី​ ចិន​ សហរដ្ឋ​អាមេរិក​ បារាំង​និង​អង់គ្លេស​ ​ គាំទ្រ​សំណើ​របស់​លោក​កូហ្វី​អាណាន​ដែល​ស្នើ​បង្កើត​ឲ្យ​មាន​ រដ្ឋាភិបាល​អន្តរកាល​មួយ​នៅ​ប្រទេស​ស៊ីរី​ ​ ដើម្បី​ជួយ​រិះរក​ដំណោះស្រាយ​នយោបាយ​ឲ្យ​វិបត្តិ​នៅ​ប្រទេស​ស៊ីរី។​ សំណើនេះ​នឹង​ត្រូវ​គេ​លើកយក​មក​ពិភាក្សា​នាឱកាស​ជំនួប​ប្រជុំ​នៃ​ក្រុម​សកម្មភាព​ស្ដីពី​ប្រទេស​ស៊ីរី​ Groupe d’action sur la Syrie នៅ​ថ្ងៃសៅរ៍​ខាងមុខនេះ​នៅទីក្រុង​ហ្សឺណែវ។

គំនិត​បង្កើត​រដ្ឋាភិបាល​អន្តរកាល​ចម្រុះ​ ​ ដែល​ក្នុងនោះ​មាន​អ្នកគាំទ្រ​ប្រធានាធិបតី​ស៊ីរី​បច្ចុប្បន្ន​ បាស្ហារ​អាល-អាស្សាដ​ ​ ហើយនិង​អ្នកចេញ​ពី​ក្រុម​បក្សប្រឆាំង​ ​ គឺជា​ចំណែកមួយ​នៃ​ខ្សែបន្ទាត់​នយោបាយ​និងជា​គោលការណ៍​សម្រាប់​នយោបាយ​អន្តរកាល​នៅ​ស៊ីរី​ ​ ដែល​បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​លោក​កូហ្វី​អាណាន​ បាន​បញ្ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ដែល​ត្រូវ​ចូល​រួមប្រជុំ​នៅ​ទីក្រុង​ហ្សឺណែវ។

ថ្វីដ្បិតតែ​ ប្រទេស​មហាអំណាច​ទាំងប្រាំ​នៃ​អ.ស.ប.​ យល់ព្រម​គាំទ្រ​សំណើ​របស់​លោក​កូហ្វី​អាណាន​ ​ ដំណោះ​ស្រាយ​ឲ្យ​វិបត្តិ​នៅ​ស៊ីរី​ ក៏​ពុំមែន​ច្បាស់ជា​អាច​រកច្រកចេញ​បាន​ដោយ​ងាយ​ស្រួល​ដែរ។​ ជាក់ស្តែង​ ​ នៅ​ថ្ងៃពុធ​ម្សិលមិញ​នៅ​មុខ​អ្នកកាសែត​ ​ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អ.ស.ប.​ លោក​ Vitaly Tchourkine ​បាន​គូស​បញ្ជាក់​ប្រាប់ថា​ ​ សំណើ​របស់​លោក​កូហ្វី​អាណាន​ដែល​ស្នើ​បង្កើត​ឲ្យ​មាន​ រដ្ឋាភិបាល​អន្តរកាល​នៅ​ប្រទេស​ស៊ីរី​ ​ ពុំមែន​បាន​សេចក្តីថា​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ដែល​ចូល​រួម​ប្រជុំ​នៅ​ទីក្រុង​ហ្សឺណែវ​ទទួល​យល់ព្រម​យក​ជា​ស្វ័យប្រវត្ត​នោះឡើយ។​ សំណើ​របស់​លោក​កូហ្វី​អាណាន​គ្រាន់តែជា​ “មូលដ្ឋាន​នៃ​កិច្ចចរចា”​ សម្រាប់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប៉ុណ្ណោះ​ ​ ហើយ​សំណើ​ដទៃ​ផ្សេងទៀត​ក៏​អាច​ត្រូវ​គេ​ស្នើ​បន្ថែម​ពី​លើ​សំណើ​របស់​លោក​កូហ្វី​អាណាន​ផងដែរ។

សូមបញ្ជាក់ថា​ ​ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី២៨​មិថុនា​នេះ​ ​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​ លោក​ ស៊ែរហ្គេយឡាវរ៉ូវ​ បាន​ថ្លែង​ប្រកាសថា​ ​ “ជោគវាសនា​របស់​លោក​ប្រធានាធិបតី​ស៊ីរី​បាស្ហារ​អាល-អាស្សាដ​ត្រូវ​ឋិត​នៅ​ក្រោម​សេចក្តី​សម្រេចចិត្ត​របស់​ប្រជាជន​ស៊ីរី​ ​ ហើយ​ក៏​ត្រូវ​ឋិត​នៅក្នុង​ក្របខណ្ឌ​នៃ​កិច្ចចរចា​រវាង​ប្រជាជន​ស៊ីរី​ផងដែរ”។​ ហើយពីរថ្ងៃ​មុន​ពេលបើក​សន្និសីទ​នៅ​ទីក្រុង​ហ្សឺណែវ​ស្ដីពី​ប្រទេស​ស៊ីរី​ ​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​ លោក​ ស៊ែរហ្គេយឡាវរ៉ូវ​បាន​ថ្លែង​គូស​បញ្ជាក់​ទៀតថា​ ​ “នៅខណៈនេះ​ នៅពុំទាន់​មានឡើយ​ផែនការ​ដែល​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី”។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោកស្រី​ហ៊ីលឡារី​គ្លីនតុន​ដែល​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ Helsinki ​បាន​ឆ្លើយ​ឲ្យដឹងថា​ ​ លោកស្រី​បាន​ពិភាក្សា​ជាមួយ​ បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​លោក​កូហ្វី​អាណាន​ ​ ស្តីពី​ការស្នើ​រៀបចំ​បង្កើត​រដ្ឋាភិបាល​អន្តរកាល​មួយ​នៅ​ប្រទេស​ស៊ីរី​ ​ ដើម្បី​ជួយ​រិះរក​ដំណោះស្រាយ​នយោបាយ​ឲ្យ​វិបត្តិ​នៅ​ប្រទេស​នេះ​ ដែល​ធ្លាក់ចុះ​កាន់តែ​ដុនដាបទៅៗ។​ លោកស្រី​គ្លីនតុន​គាំទ្រ​ផែនការ​របស់​លោក​កូហ្វី​អាណាន​ ​ ហើយ​លោកស្រី​ចាត់ទុក​ផែនការ​របស់​លោក​អាណាន​នេះ​ថាជា​ ​ “ផែនទី​គោចរ​ដ៏ជាក់ច្បាស់​សម្រាប់​នយោបាយ​អន្តរកាល​នៅ​ស៊ីរី”។

គួរកត់​សម្គាល់ថា​ ​ ការវាយ​ប្រហារ​ដ៏​ហិង្សា​នៅតែ​កើតមាន​នៅ​ប្រទេស​ស៊ីរី​ ​ ដែលបាន​បណ្តាល​ឲ្យ​មាន​មនុស្សស្លាប់​ជាង២៥០នាក់​ក្នុងរយៈ​ពេល​តែ​៤៨ម៉ោង។​ ទាំងនេះ​នៅ​ពីរថ្ងៃ​មុន​ការបើក​សន្និសីទ​អន្តរជាតិ​ស្តីពី​ប្រទេស​ស៊ីរី​ ​ ហើយ​ទីក្រុង​ម៉ូស្គូ​បាន​សម្ដែង​ឲ្យដឹងថា​ ​ ប្រទេស​រុស្ស៊ី​ពុំ​ព្រម​ទទួល​យកឡើយ​ ដំណោះស្រាយ​ដែល​មកពី​បរទេស។

សូមបញ្ជាក់ថា​ ​ ការអញ្ជើញ​ឲ្យ​មក​ចូលរួម​ប្រជុំ​សន្និសីទ​នៅទីក្រុង​ហ្សឺណែវ​ស្ដីពី​ប្រទេស​ស៊ីរីនេះ​​ ក៏បាន​ផ្ញើ​ទៅ​ឲ្យ​ប្រទេស​ទួរគី​ និង​សហភាព​អឺរ៉ុប​ ​ ក៏​ដូចគ្នា​អ៊ីចឹងដែរ​សម្រាប់​ប្រទេស​កាតារ​ ​ កូវ៉េត​ ​ អ៊ីរ៉ាក់​ ​ ក្នុងឋានៈ​ជាអ្នក​មាន​តួនាទី​នៅក្នុង​បក្សសម្ព័ន្ធ​អារ៉ាប់។
ផ្ទុយទៅវិញ​ ប្រទេស​អ៊ីរ៉ង់​ដែលជា​សម្ព័ន្ធមិត្ត​របស់​ទីក្រុង​ដាម៉ាស​ ពុំបាន​ត្រូវ​គេ​អញ្ជើញ​ឲ្យ​មក​ចូលរួម​សន្និសីទ​នៅទីក្រុង​ហ្សឺណែវ​ឡើយ​ ​ ទោះបីជា​មាន​ការទាមទារ​ពី​សំណាក់​ប្រទេស​រុស្ស៊ីក៏ដោយ។​ ទាំងនេះ​ដោយហេតុតែ​ទីក្រុង​វ៉ាស៊ីនតោន​បាន​បរិហារ​ពី​តួនាទី​ “អវិជ្ជមាន”​ របស់​ទីក្រុង​តេហេរ៉ង់​នៅ​ក្នុង​វិបត្តិ​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI