រុស្ស៊ី

សារ​ប្រចាំឆ្នាំ របស់​ប្រធានាធិបតី ទៅ​កាន់​ប្រជាជាតិ

លោក Dmitry Medveded ប្រធានាធិបតីរុស្ស៊ី
លោក Dmitry Medveded ប្រធានាធិបតីរុស្ស៊ី REUTERS

សារ​ប្រចាំឆ្នាំដែល​លោក​ប្រធានាធិបតី​មេដវេដេវថ្លែង​ថ្ងៃ​នេះ ទៅកាន់​ប្រជាជាតិតាម​រយៈ​សភា​ទាំងពីរ​ថ្នាក់ គឺ​ជា​លើកទី៤លើក​ចុងក្រោយ​ក្នុងអាណត្តិ​៤ឆ្នាំ​របស់​គាត់ ដែល​ត្រូរផុត​នៅ​ខែ​ឧសភា​ខាងមុខ។ សារ​នេះតាម​ធម្មតា​គាត់​តែង​ថ្លែងនៅ​ខែ​វិច្ឆិកា ប៉ុន្តែ​គាត់​សម្រេច​ថាលើក​មក​ថ្លែងឥឡូវ​នេះគឺ​ក្រោយ​ពី​​ម្សិលមិញ​សភា​​ឌូម៉ា នីតិ​កាល​​ថ្មី​បានផ្តើម​​រួម​ប្រជុំ​​ពេញអង្គ​ ដោយ​​ចាប់​ដំណើរ​ការ​មែនជា​លទ្ធផល ​នៃ​ការបោះឆ្នោត​សភា កាល​ពី​ថ្ងៃ​ទី​៤ធ្នូ​កន្លង​ទៅទោះបីមានរលក​មិទ្ទិញប្រឆាំង​ទល់​នឹង​លទ្ធផល​នោះក្តី។

ផ្សាយពាណិជ្ជកម្ម

គឺ​ជុំវិញ​រឿង​បោះឆ្នោត​នេះឯងដែល​លោក​មេដវេដេវ បានផ្តើម​បទ​អន្តរាគមន៍​របស់​ខ្លួនដោយ​អបអរ​សរសើររាល់​អ្នក​តំណាងរាស្ត្រ​ទាំង​៤៥០​នាក់ ដែល​ទើប​ជាប់ឆ្នោត។ គាត់បានសំដែង​នូវ​ភាពត្រៀម​ខ្លួនសហការ​ជាមួយ​អង្គការ​អំណាច​នីតិបញ្ញត្តិនៅតាម​គ្រប់​មុខ​ព្រួញនៃបញ្ហា​ដែល​ចោទ​នៅ​ពី​មុខប្រទេស។

ព្រម​ជាមួយ​នោះលោក​ប្រធានាធិបតី​មេដវេដេវ បាន​មាន​ប្រសាសន៍ប៉ះលើ​ការ​ទិតៀនដែលមាន​បន្លឺ​ឡើងចំពោះ​ការ​បោះឆ្នោត​សភា​កន្លង​ទៅ។ គាត់ថាបើ​ការ​ទិតៀន​នោះ​ត្រឹម​ត្រូវ​មាន​ទឡ្ហីករណ៍​ជា​សំអាងនោះ ​អាជ្ញាធរ​នឹង​ស្វែង​រក​យុត្តិធម៌​ជូន។ ការ​ធ្វើ​មិទ្ទិញ​តវ៉ាជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ និងជាសញ្ញា​នៃការកើនឡើង​នូវ​ប្រជាធិបតេយ្យ និង​សឲ្យឃើញ​ពី​ការកើនឡើងនៃការប្រជែង​គ្នា​រវាង​បក្សនយោបាយដាស់តឿន​រដ្ឋ​អំណាចឲ្យ​ធ្វើការ​កាន់​តែ​មាន​គុណភាព។ ប៉ុន្តែតាម​លោក​មេដវេដេវ ជាការមិនអាច​ទទួលយក​បានឡើយទង្វើ​ ដែល​បង្ក​ឲ្យមាន​ការរញ្ជួយ​ក្នុង​សង្គម។​ប្រទេសរុ​ស្ស៊ីត្រូវការ​ប្រជាធិបតេយ្យមិនមែន​ភាព​ជ្រួល​ច្របល់​ទេ។

ប្រមុខ​រដ្ឋរុស្ស៊ីសង្កត់​ធ្ងន់​ថា ជា​ការ​មិនអាច​បណ្តោយឲ្យមាន​ទៅកើត​ឡើយ អំពើរបស់ពួក​បង្ក​ហេតុលូកដៃ​ជ្រៀតជ្រែក​ពី​ក្រៅចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​រុស្ស៊ី។

ក្នុង​បទ​អន្តរាគមន៍​ខ្លួនលោក​មេដវេដេវក៏បាន​លើកឡើង​ ពី​ជោគជ័យ​នៃ​នយោបាយ​សេដ្ឋកិច្ចក្នុង​អំឡុង​៤ឆ្នាំ​កន្លង​ទៅ​នៃ​អាណត្តិគាត់ លុះទាល់​តែ​លើក​សេដ្ឋកិច្ច​ប្រទេសរុស្ស៊ីឲ្យ​​មាន​ទំហំ​ជាប់​បាន​ចំណាត់​ថ្នាក់​​ទី៦​​នៅក្នុងលោក ហេតុ​ដែលញ៉ាំង​ឲ្យមាន​ការទះដៃសាទរ​យ៉ាង​ទ្រហឹង​ពី​សំណាក់​​អង្គសភា​ទាំង​២​ថ្នាក់។

លោក​មេដវេដេវបាន​ឆ្លៀត​យក​តួលេខ​មួយ​ស្តី​អំពី​ ទំនើបកម្ម​ប្រទេស​ជាតិមក​បង្ហាញ​ដែរ​គឺ​ថា​បច្ចុប្បន្ននៅរុស្ស៊ី​ មាន​អ្នកប្រើ​បណ្តាញ​អ៊ិនធ័រណែតដល់​៥៥លាន​នាក់ជា​តួលេខ​ខ្ពស់​ជាងគេនៅ​ទ្វីប​អឺរ៉ុប។

ប្រធានាធិបតីរុស្ស៊ីក៏​បាន​និយាយ​ប៉ះ​លើគ​ម្រោង កែប្រែ​ប្រព័ន្ធ​នយោបាយ​នៅរុស្ស៊ី ​ក្នុងនោះមាន​គម្រោងធ្វើការបោះឆ្នោត​រើស​អភិបាល​ខេត្ត ដោយ​ប្រជាជន​សាមី​ខេត្ត​ផ្ទាល់ដែលជាចំណុច​ទាមទារ​គ្មានឈប់​ដោយ​ពួក​ប្រឆាំង​នៅ​រុស្ស៊ី ពីព្រោះ​តាំង​ពី​ឆ្នាំ​២០០៤​មកអភិបាល​ខេត្ត​ទាំង​៨៣​នៅ​រុស្ស៊ីតែង​បោះឆ្នោត​ជ្រើស​តាំង​ឡើង គឺ​ដោយសភា​នៃសាមី​ខេត្ត​ផ្ទាល់ពី​ក្នុង​ចំណោមបេក្ខជន​ស្នើដោយ​ប្រធានាធិតី​ទេ​តើ។ នៅ​មាន​ការ​ធ្វើវិមជ្ឈការផ្ទេរអំណាចឲ្យ​បាន​ច្រើន​ឡើងទៅខេត្ត ​និង​ក្រុងក្នុង​សហព័ន្ធ។  សារ​ប្រចាំឆ្នាំ​លើកនេះ​របស់​ប្រមុខរដ្ឋរុស្ស៊ីបាន​ពន្យារ​ទៅ​១ម៉ោង​និង​១០​នាទី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI