រុស្ស៊ី

ថ្ងៃនេះ នៅ​វិមាន​ក្រេមឡាំង ប្រធានាធិបតី​រុស្ស៊ី ថ្លែង​សារ​ប្រចាំ​ឆ្នាំ

ប្រធានាធិបតី​រុស្ស៊ី Dmitri Medvedev ថ្លែង​សារ​ប្រចាំ​ឆ្នាំ
ប្រធានាធិបតី​រុស្ស៊ី Dmitri Medvedev ថ្លែង​សារ​ប្រចាំ​ឆ្នាំ REUTERS/Sergei Karpukhin

សារ​ប្រចាំឆ្នាំ លើក​នេះ ជា​លើក​ទី​៣ សំរាប់​លោក Dmitri Medvedev តាំង​ពី​គាត់​ឡើង​កាន់​តំណែង​កំពូល​ ជា​ប្រធានាធិបតី​នៅ​រុស្ស៊ី​មក។ ស្រប​នឹង​រដ្ឋធម្មនុញ្ញ​រុស្ស៊ី​ ការ​ថ្លែង​សារ​ប្រចាំ​ឆ្នាំ​ គឺ​ជា​កាតព្វកិច្ច​របស់​ប្រមុខ​រដ្ឋ។ តាម​រយៈ​សារ​នេះ​ដែល​ថ្លែង​ទៅ​កាន់​សម័យ​ប្រជុំ​ចម្រុះ នៃ​សភា​ទាំងពីរ​ជាន់ ប្រមុខ​រដ្ឋ​លាត​ត្រដាង​គោល​ជំហរ​ខ្លួន ទាក់ទង​នឹង​មុខ​ព្រួញ​ជា​គ្រឹះ​មូលដ្ឋាន​នៃ​នយោបាយ​ក្នុង និង​ ក្រៅប្រទេស ព្រម​ទាំង​អំពី​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់ៗ ដែល​គាត់​បាន​​អនុម័ត។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

ខាង​នយោបាយ​ក្នុង​ប្រទេស សារ​ប្រចាំ​ឆ្នាំ​លើក​នេះ បាន​ត្រូវ​លោក​ប្រធានាធិបតី ​Medvedev ចាប់​ផ្តើម​​ គឺ​ពី​ការ​រំលឹក​ថា មួយ​ឆ្នាំ​មុន គាត់​បាន​លើក​ឡើង​ជា​អាទិភាព​​សំរាប់​បំពេញ​តាម គឺ​នយោបាយ​ធ្វើ​ទំនើបកម្ម​ប្រទេស​រុស្ស៊ី ដោយ​លើក​យក​មក​អនុវត្ត​ គឺ​បច្ចេកវិជ្ជា​ឈាន​មុខ​ ​ក្នុង​គោលដៅ​លើក​កំរិត​ជីវភាព​ប្រជាពលរដ្ឋ។ រួច​ទោះបី ទំនើបកម្ម​នេះ​បាន​ចេញ​ដំណើរ​ក្នុង​លក្ខណៈ​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​ក្តី ទាំង​ពើប​ប្រទះ​នឹង​ធាតុ​អាកាស​ក្តៅ​ហួតហែង​ និង​អគ្គិភ័យ​ធម្មជាតិ​មិន​ធ្លាប់​មាន​​ ដូច​កាល​ពី​កណ្តាល​ឆ្នាំ​នេះ​ក្តី ក៏​ជា​លទ្ធផល​ ប្រទេស​ជាតិ​ចេះ​ផ្តល់​ស្ថិរភាព​ដល់​សេដ្ឋកិច្ច​ខ្លួន ទាល់​តែ​កំណើន​របស់​វា ក្នុង​ឆ្នាំ​នេះ​មាន​ទំហំ​បាន ៤%​ ដែរ។ មិន​តែ​ប៉ុណ្ណោះ មាន​កាត់​បន្ថយ​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​បាន​២​លាន​នាក់​ ឲ្យ​ចុះ​មក​នៅ​ត្រឹម ៥​លាន​នាក់។

បន្ទាប់មក លោក Medvedev សង្កត់​ធ្ងន់​ថា គោលដៅ​អវសាន​នៃ​ការ​ធ្វើ​ទំនើបកម្ម​នេះ​ ​គឺ​ដើម្បី​បន្សល់​ប្រទេស​រុស្ស៊ី ឲ្យ​មាន​លក្ខណៈ​ទាន់​សម័យ ទៅ​ក្នុង​ដៃ​មនុស្ស​ស្រករ​ក្រោយ ពោល​គឺ ទៅ​ក្នុង​ដៃ​កុមារ​និង​ក្មេង​ជំទង់​ដែល​នៅ​រុស្ស៊ី សរុប​ទៅ មាន​ចំនួន ២៦​លាន​នាក់ ដែល​ជា​អនាគត​ប្រទេស​ជាតិ។ នេះ​ជា​ភារកិច្ច​បឋម​ទី​១ សំរាប់​មនុស្ស​​វ័យ​ចំណាស់​ទាំងអស់​នៅ​រុស្ស៊ី។ តាម​យោបល់​ប្រមុខ​រដ្ឋ​រុស្ស៊ី ៖ ការ​យក​ចិត្ត​ទុក​ដាក់​​ធ្វើ​យ៉ាង​ណា ឲ្យ​កុមារ​លូតលាស់​ខាង​ផ្លូវ​កាយ​ និង​ខាង​បញ្ញា​បាន​ពេញ​លក្ខណៈ ​លុះ​ទាល់​តែ​ក្លាយ​ជា​ពលរដ្ឋ​ដ៏​សក្តិសម​នៃ​ប្រទេស គឺ​ជា​នយោបាយ​ប្រកប​ដោយ​ប្រសិទ្ធិភាព​​របស់​រដ្ឋ​ចំពោះ​កុមារ នយោបាយ​ទាន់​សម័យ ដែល​ឆ្លើយ​ស្រប​នឹង​ផលប្រយោជន៍​នៃ​ការអភិវឌ្ឍន៍​ជាតិ។

ក្នុង​វគ្គ​ស្តី​អំពី​ជីវភាព​ក្នុង​ប្រទេស លោក Medvedev ក៏​បាន​មាន​ប្រសាសន៍ ប៉ះ​ទៅ​លើ​កំណែ​ទម្រង់​ប្រព័ន្ធ​នយោបាយ​ ដោយ​លម្អិត​ថា ការ​បោះឆ្នោត​សភា​នៅ​ចុង​ឆ្នាំ​ក្រោយ​នៅ​រុស្ស៊ី នឹង​ប្រព្រឹត្ត​ទៅ​គឺ​តាម​ប្រព័ន្ធ​ថ្មី​ទៅ​ហើយ ក្នុង​ន័យ​បង្កើន​អាណត្តិ​តំណាងរាស្ត្រ ពី​៤​ដល់​៥​ឆ្នាំ រី​ឯ​អាណត្តិ​ប្រធានាធិបតី​វិញ ជា​លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ​២០១២ គឺ​នឹង​កើន​ឡើង ពី​៤ ដល់​៦ឆ្នាំ ឯណោះ។ ចំណែក ជាលទ្ធផល​នៃ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ គឺ​រក​យុត្តិធម៌ និង​ធានា​សុវត្ថិភាព​ដល់​កសិណសាក្សី ។

ខាង​នយោបាយ​ក្រៅ​ប្រទេស លោក Medvedev ភ្ជង់ស្មារតី​ទៅ​លើ​សំណើ​ដែល​គាត់​បាន​ធ្វើ​ពេល​ថ្មីៗ ទៅ​កាន់​ថ្នាក់​ដឹកនាំ​បក្ស​សម្ពន្ធ OTAN ទាក់ទង​នឹង​បញ្ហា​ធានា​សន្តិសុខ​សំរាប់​ទ្វីប​អឺរ៉ុប។ ខ្លឹមសារ​នៃ​សំណើ​នេះ គឺ​ថា​បើ​មាន​កាំជ្រួច​មីស្ស៊ីល​ណា​ហោះ​ឆ្លង​កាត់​ដែនដី​ប្រទេស​រុស្ស៊ី សំដៅ​ទៅ​ទ្វីប​អឺរ៉ុប នោះ​រុស្ស៊ី​នឹង​បាញ់​ស្កាត់​កម្ទេច​វា​ចោល​ជា​មុន ហើយ​ពី​ខាង OTAN វិញ បើ​មាន​កាំជ្រួច​មីស្ស៊ីល​ណា​ហោះ​ឆ្លង​កាត់​ដែនដី​របស់​គេ សំដៅ​មក​លើ​ប្រទេស​រុស្ស៊ី ក៏​សុំ​ឲ្យ​ OTAN បាញ់​ស្កាត់​កម្ទេច​វា​ចោល​ជា​មុន​ដែរ។ ដោយ​នៅ​រង់​ចាំ​ចម្លើយ​ពី​ខាង​OTAN លោក​ប្រធានាធិបតី​រុស្ស៊ី Medvedev ក្នុង​ឋានៈ​ជា​អគ្គមេ​បញ្ជាការ​ជាន់​ខ្ពស់​បំផុត​នៃ​ប្រទេស តាម​រយៈ​សារ​ប្រចាំ​ឆ្នាំ​ថ្ងៃ​នេះ បាន​បញ្ជា​ទៅ​ហើយ ឲ្យ​ច្របាច់​ចូល​គ្នា​តែ​ម្តង គឺ​ប្រព័ន្ធ​ការពារ​ដែន​អាកាស និង ខែល​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល ​របស់​រុស្ស៊ី៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI