ម៉ាឡេស៊ី

អានវ៉ារ អ៊ីប្រាហ៊ីម ដែល​ជាប់​ចោទ​ថា​បាន​រួម​ភេទ​ជាមួយ​បុរស គ្មាន​ទោស​ពៃរ៍

ប្រមុខ​បក្សប្រឆាំងម៉ាឡេស៊ី លោក អានវ៉ារ អ៊ីប្រាហ៊ីម
ប្រមុខ​បក្សប្រឆាំងម៉ាឡេស៊ី លោក អានវ៉ារ អ៊ីប្រាហ៊ីម . REUTERS/Bazuki Muhammad

នៅថ្ងៃចន្ទទី៩មករានេះ តុលាការម៉ាឡេស៊ីបានប្រកាសថា ប្រមុខបក្សប្រឆាំង អានវ៉ារ អ៊ីប្រាហ៊ីម គ្មានទោសពៃរ៍ នៅ​ក្នុង​បទ​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​អំពើ​អានាចារ​រួម​ភេទ​ជាមួយ​បុរស។ ភ្លាមៗ​នោះ រដ្ឋាភិបាល​ម៉ាឡេស៊ី​របស់​លោក​ ណាស៊ីប រ៉ាហ្សាក់ (NaJib Razak) បាន​បញ្ចេញ​​​ប្រតិកម្ម​ថា ប្រព័ន្ធ​តុលាការ​នៃ​ប្រទេស​មាន​ឯករាជភាព​ពេញលេញ ខុស​​ផ្ទុយ​​​ពី​ការ​ចោទ​​ប្រកាន់​របស់​បក្សប្រឆាំង។ យ៉ាងណាក៏ដោយ សម្រាប់​ក្រុម​អ្នក​សង្កេត​ការណ៍ ការ​ចោទ​ប្រកាន់​ម្តង​ជា​ពីរ​ដង​ទៅ​លើ​លោក អានវ៉ារ អ៊ីប្រាហ៊ីម គឺ​ជា​ល្ខោន​នយោបាយ។

ផ្សាយពាណិជ្ជកម្ម

ក្រោយពី​តុលាការ​ ​បាន​ប្រកាស​សាលក្រម​បញ្ជាក់​ថា​លោក​គ្មាន​ទោសពៃរ៍​​អ្វី​ទេ ​លោក អានវ៉ារ​ អ៊ីប្រាហ៊ីម​(Anwar Ibrahim) បាន​ប្តេជ្ញាចិត្ត​នៅ​ចំពោះ​មុខ​ពួក​អ្នក​គាំទ្រ​លោក​ថា ​លោក​នឹង​ដឹកនាំ​គណបក្សប្រឆាំងឆ្ពោះទៅរកជោគជ័យ នៅពេលបោះឆ្នោតខាងមុខនេះ។

នេះគឺជាលើកទីពីរហើយដែលតុលាការម៉ាឡេស៊ីបានកាត់ក្តីលោកអានវ៉ារ អ៊ីប្រាហ៊ីម​ក្នុង​បទ​ចោទ​ប្រកាន់ថា បានប្រព្រឹត្តអំពើអនាចាររួមភេទជាមួយបុរស។ លើកទី១ កាលពី១០ឆ្នាំមុន។ កាលណោះ លោកបានជាប់ពន្ធនាគារអស់ប្រាំមួយឆ្នាំ មុននឹងត្រូវបាន​ដោះលែង​នៅ​ឆ្នាំ​២០០៤។​

សម្រាប់ក្រុមអ្នកសង្កេតការណ៍ ការចោទប្រកាន់ម្តងហើយម្តងទៀត​បែបនេះទៅលើ​លោក​អាន់វ៉ារ អ៊ីប្រាហ៊ីមគឺជាវិធានការនយោបាយ ក្នុងគោលដៅ​រារាំង​សកម្មភាព​របស់ប្រមុខ​បក្ស​ប្រឆាំង​ដ៏មានប្រជាប្រិយភាពរូបនេះ។ សូមជម្រាបថា កាលពី១៥ឆ្នាំមុន លោកអានវ៉ារ អ៊ីប្រាហ៊ីម​​ ជាបុរសខ្លាំងទីពីរនៃរបបម៉េឡេស៊ី។ កាលណោះ លោកជាឧបនាយករដ្ឋមន្ត្រី​នៅ​ក្នុង​​រដ្ឋាភិបាលលោកម៉ាហាធីរ(Mahathir) ដែលលោកបានចេញ​មុខ​ប្រឆាំង​ខ្លាំង​នៅ​ឆ្នាំ​១៩៩៨។

លោកអានវ៉ា អ៊ីប្រាហ៊ីម​ បាន​ផ្តើមចេញ​មុខ​ធ្វើ​ជា​មេដឹកនាំនៃគណបក្សប្រឆាំងនៅ​ឆ្នាំ២០០៤​ក្រោយពី​លោកត្រូវបានដោះលែងចេញពីពន្ធនាគារ ដើម្បីដណ្តើមអំណាច​ពីគណបក្ស​អង្គការ​ឯកភាពជាតិ​ម៉ាឡេហៅកាត់ថា UMNO ដែលបានគ្រប់គ្រងផ្តាច់មុខប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ១៩៥៧​មកម្ល៉េះ។ នៅពេលបោះឆ្នោតខែមីនាឆ្នាំ២០០៨ ចំនួនអាសនៈ​របស់​បណ្តា​គណបក្ស​ប្រឆាំងដែលបានរួបរួមគ្នាជាធ្លុងមួយ បានកើនពី១៨ទៅ៨២។

ម្ល៉ោះហើយ ក្រោយពីតុលាការបានប្រកាសសាលក្រមឲ្យលោកអានវ៉ារ អ៊ីប្រាហ៊ីម​រួចទោស​ពៃរ៍​នៅ​ថ្ងៃនេះ ឥទ្ធិពលរបស់ពួកប្រឆាំងម៉ាឡេស៊ីអាចនឹងកើនឡើងថែមទៀត នៅពេលបោះឆ្នោត​ដែលនឹង​ត្រូវប្រព្រឹត្តទៅនៅមុនដើមឆ្នាំ២០១៣ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI