វេទិកាធុរកិច្ច ”មុនបើក”ជំនួបកំពូលផ្ទាល់”របស់ APEC នៅថ្ងៃស្អែក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រធានាធិបតីរុស្ស៊ី-ជាប្រទេសម្ចាស់ផ្ទះទទួលជំនួបកំពូលAPECលើកនេះគឺលោកពូទីនថ្ងៃនេះបានថ្លែងសុន្ទរកថា ពីលើវេទិកាធុរកិច្ចនេះដែលចូលរួមដោយថៅកែនិងប្រធានអគ្គនាយកក្រុមហ៊ុនធំៗបំផុតនៅក្នុងលោកចំនួនជាង៥០០នាក់។ បទអន្តរាគមន៍នេះឆ្ពោះទៅស៊ីជម្រៅសមាហរ័ណកម្មសេដ្ឋកិច្ចនិងបំផុសបំផុលទំនាក់ទំនងពាណិជ្ជកម្មស្របនឹង ឈ្មោះរបស់ APEC ជាអង្គការ“សហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក”។
ជាការកត់សម្គាល់ APEC បានប្រសូត្រមកក្នុងឆ្នាំ១៩៨៩ ដោយតាំងគោលដៅបង្កើនកំណើនសេដ្ឋកិច្ចនិងការរីកចម្រើននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ រុស្ស៊ីដែលឆ្នាំនេះ ឡើងធ្វើជាប្រធាន APEC ជាលើកទី១ ត្រូវបានទទួលឲ្យចូលក្នុង APEC គឺក្នុងឆ្នាំ១៩៩៨ ដោយរួមជាមួយនិងVietnamនិង Perou ជាប្រទេសនៅមាត់មហាសមុទ្រប៉ាស៊ីហ្វិក។ បច្ចុប្បន្ន ក្នុងAPEC មាន២១ប្រទេសជាសមាជិកដែលតំណាងឲ្យបណ្តាជន៤០%លើផែនដី, និង៤៤% នៃពាណិជ្ជកម្មក្នុងលោក។ ប៉ុន្តែ ដោយហេតុថា Taiwan បានត្រូវទទួលឲ្យចូលកាលក្នុងឆ្នាំ១៩៩១ ដោយមានការយល់ព្រមរបស់ចិន បានជា ក្នុង APEC គេនិយមប្រើពាក្យថា គឺ ២១សេដ្ឋកិច្ច មិនមែន ២១ប្រទេសទេ ដែលស្ថិតនៅក្នុងអង្គការសេដ្ឋកិច្ច APEC។
ចំណុចគួរឲ្យកត់សម្គាល់មួយទៀត គឺថាឲ្យសម្ភាសន៍ម្សិលមិញទៅកាណាល់ទូរទស្សន៍រដ្ឋរុស្ស៊ី
ដែលផ្សាយជាភាសាអង់គ្លេសទៅបរទេសឈ្មោះ Russia Today មុននឹងគាត់ចេញដំណើរ ទៅធ្វើជាប្រធានជំនួបកំពូល APECនៅក្រុង Vladivostok ចម្ងាយជាង៩.០០០គមខាងកើតពីរដ្ឋធានី ម៉ូស្គូ លោកប្រធានាធិបតីពូទីន បានសំដែងនូវការសោកស្តាយនិងការយោគយល់ចំពោះការបង្ខំចិត្តអវត្តមានក្នុងជំនួបនេះនៃលោកប្រធានាធិបតីអាមេរិក Barack Obama មកពីគាត់ជាប់រវល់នឹងរឿងបោះឆ្នោតថ្ងៃមុខនៅស.រ.អា.។ ម៉្លោះហើយ បានជាលោកអូបាម៉ានឹងជំនួសមុខដោយ រដ្ឋមន្ត្រីការបរទេសរបស់គាត់គឺលោកស្រី Hillary Clinton។
លោកពូទីន ដោយថ្លែងថ្ងៃនេះពីលើ”វេទិកាធុរកិច្ច” APEC បានសំដែងនូវភាពប្រាកដក្នុងចិត្ត ថា “សមាហរ័ណកម្មសេដ្ឋកិច្ចភូម៌ភាគ”នឹងដើរតួនាំមុខសម្រាប់ធានាដល់ទីផ្សារសេរីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ពាក្យថា “សមាហរ័ណកម្មសេដ្ឋកិច្ចភូម៌ភាគ” ក្នុងបទអន្តរាគមន៍លោកពូទីន គឺសំដៅទៅលើ “សហភាពគយ”និង”លំហសេដ្ឋកិច្ចរួម” ដែលរួមក្តោបប្រទេស Russie Belarus Kazakhstan ដែលឥឡូវកំពុងធ្វើកិច្ចចរចាជាមួយប្រទេស Nouvelle Zelande ជាសមាជិក APEC ស្រាប់ដើម្បីចុះកិច្ចព្រមព្រៀង ស្តីអំពី “លំហពាណិជ្ជកម្មសេរី “ ហើយក្នុងគោលដៅនេះ ក៏កំពុងប្រព្រឹត្ត ទៅដែរដំណើររៀបចំ ធ្វើកិច្ចចរចា ជាមួយ ប្រទេស APEC មួយទៀត គឺ Vietnam ព្រមទាំង ប្រទេសរាប់សិបទៀតដែលបានសំដែងនូវភាពត្រៀមខ្លួនចរចាដែរ។
ពិតជាក្នុងន័យនេះ ដែលតាមលោកប្រមុខរដ្ឋរុស្ស៊ីពូទីន ៖ សំវាទ រវាងរចនាសម្ព័ន្ធសេដ្ឋកិច្ចនៃភូម៌ភាគធំៗ បែបយ៉ាង APEC , កិច្ចព្រមព្រៀងអំពីពាណិជ្ជកម្មសេរីនៃស.រ.អា. កាណាដានិង ម៉ិចស៊ិកហៅកាត់ថា NAFTA ,សហភាពអឺរ៉ុបនិងលំហសេដ្ឋកិច្ចរួមនៃសហគមន៍រដ្ឋឯករាជ្យគឺបម្រើជាគ្រឹះមូលដ្ឋានដ៏ល្អ សម្រាប់សុវុឌ្ឍិកម្មក្បួនខ្នាត នៃពាណិជ្ជកម្មពិភពលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ