ស៊ីរី

សម្ព័ន្ធ​អារ៉ាប​បង្ហាញ​ផែនទី​​ផ្សះផ្សា​ជាតិ​នៅ​ស៊ីរី

ប្រធាន​សម្ព័ន្ធ​អារ៉ាប និង​នាយក​រដ្ឋមន្ត្រី កាតារ (ស្តាំ) ក្នុង​ជំនួប​ប្រជុំ​វិសាមញ្ញា​ នៅ​ទីក្រុង​គែរ
ប្រធាន​សម្ព័ន្ធ​អារ៉ាប និង​នាយក​រដ្ឋមន្ត្រី កាតារ (ស្តាំ) ក្នុង​ជំនួប​ប្រជុំ​វិសាមញ្ញា​ នៅ​ទីក្រុង​គែរ © Reuters

ការ​បង្ក្រាប​ហិង្សា​បង្ហូរ​ឈាម​មិន​ថម​ថយ​ឡើយ​ នៅ​ប្រទេស​ស៊ីរី ! មាន​ស្លាប់​យ៉ាង​ហោច​ណាស់​៩​នាក់​ទៀត​ នៅ​ថ្ងៃ​អាទិត្យ​ទី ១៦​តុលា ២០១១។ ប៉ុន្តែ​សម្ព័ន្ធ​អារ៉ាប​នៅ​តែ​​ជឿ​ជាក់​លើ​ដំណោះ​ស្រាយ​ តាម​ផ្លូវ​ចរចា។ បន្ទាប់​ពី​បាន​បើក​ជំនួប​​ប្រជុំ​វិសាមញ្ញ​ ស្តី​ពី​ស្ថានភាព​នៅ​ប្រទេស​ស៊ីរី នា​ទីក្រុង​ គែរ​ ម្សិលមិញ​មក សម្ព័ន្ធ​អារ៉ាប​បាន​បង្ហាញ​ផែនទី​ចង្អុល​ផ្លូវ បើក​សន្និសីទ​ផ្សះផ្សា​ជាតិ ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​ក្រុម​ភាគី​ទាំង​អស់នៅ​ស៊ីរី ពោល​គឺ​​​ក្រុម​អ្នក​កាន់​អំណាច​ និង​បក្ស​ប្រឆាំង។

ផ្សាយពាណិជ្ជកម្ម

គឺ​គណៈកម្មការក្រសួង​ការបរទេស ដឹក​នាំ​ដោយ​ប្រទេស​កាតារ ជា​អ្នកទទួល​​​បន្ទុក​ទាក់​ទង​​​រដ្ឋាភិបាល​ស៊ីរី និង​ក្រុមបក្ស​ប្រឆាំង ដោយ​ផ្ទាល់ ដើម្បី​ស្វែង​​រក​ច្រក​ចេញ​​ពី​វិបត្តិ​នៅ​ស៊ីរី។ សម្ព័ន្ធ​អារ៉ាប តាម​រយៈ​ក្រសួង​ការបរទេស​កាតារ បាន​បង្ហាញ ផែនទី​ចង្អុល​ផ្លូវ​​មួយ​ ដែល​មាន​ចំណុច​សំខាន់ៗ​​ដូច​ខាង​ក្រោម​ ៖

 
« ស្នើ​ឲ្យ​រដ្ឋាភិបាល​កាន់​អំណាច​​ស៊ីរី បញ្ឈប់​​រាល់​សកម្មភាព​ហិង្សា វាយ​ប្រហារ​លើ​ជនស៊ីវិល និង​បញ្ឈប់​ការ​ប្រើ​កម្លាំង​យោធា។

​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​គ្រប់​សមាសភាគ​បក្ស​ប្រឆាំង ចូល​ទៅ​កាន់​តុ​ចរចា ដើម្បី​ធ្វើ​កំណែ​ទម្រង់​នយោបាយ​ ឲ្យ​សម​ស្រប​តាម​សេចក្តី​ត្រូវការ​របស់​ពល​រដ្ឋ​ស៊ីរី។

ភ្ជាប់​ទំនាក់ទំនង​ ជា​ចាំបាច់​ ជាមួយ​នឹង​រដ្ឋាភិបាល​ស៊ីរី និង​គ្រប់​សមាសភាគ​បក្ស​ប្រឆាំង​ទាំងអស់ ដើម្បី​ផ្តល់​សន្ទុះ​ និង​នាំ​ដល់​ការ​បើក​សន្និសីទ​​ផ្សះផ្សា​ជាតិ​ស៊ីរី នៅ​​ទីស្នាក់ការ​សម្ព័ន្ធ​អារ៉ាប និង​ដឹក​នាំ​ដោយ​សម្ព័ន្ធ​អារ៉ាប »។

អត្ថបទ​នៃ​ផែនទី​ចង្អុល​ផ្លូវ​នេះ គឺ​ជា​លទ្ធផល​ ដែល​បាន​មក​ពី​ការ​ពិភាក្សា​​រយៈ​ពេល​៦​ម៉ោង នៅ​ទីក្រុង​គែរ​ ម្សិលមិញ ក្នុង​ជំនួប​ប្រជុំ​វិសាមញ្ញ​​របស់​សម្ព័ន្ធ​អារ៉ាប ស្តី​ពី​បញ្ហា​ស៊ីរី។ ជំនួប​ប្រជុំ​ ដែល​កម្មវត្ថុ​ដំបូង ​ចង់​ផ្អាប់​​អាសនៈ​​ស៊ីរី​នៅ​​​សម្ព័ន្ធ​អារ៉ាប ដូច​ធ្លាប់​បាន​ធ្វើ​ក្នុង​ករណី​ប្រទេស​លីប៊ី និង​ចង់​ដាក់​ទណ្ឌកម្ម​​សេដ្ឋកិច្ច​លើ​របប​ដឹក​នាំ​របស់​លោកបាស្ហា អាល់អាសាត ប៉ុន្តែ​ត្រូវ​ជួប​នឹង​ការ​ប្រឆាំង​ជា​ច្រើន​ពី​សំណាក់​សម្ព័ន្ធ​មិត្ត​របស់​ក្រុង​ដាម៉ាស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI