កម្ពុជា

ការ​ចាប់​ខ្លួន​មេធាវី​គណបក្ស​សម រង្ស៊ី​ស្ថិត​នៅ​ជាអាថ៌​កំបាំង​

លោក​មេធាវី​ជូង ជូងី​ដែល​ជា​អ្នក​ការពារ​ក្តី​អោយ​សមាជិក​​គណបក្ស​សម រង្ស៊ី​
លោក​មេធាវី​ជូង ជូងី​ដែល​ជា​អ្នក​ការពារ​ក្តី​អោយ​សមាជិក​​គណបក្ស​សម រង្ស៊ី​ ©RFI/ លី ម៉េងហួរ

តាំង​ពី​​ព្រឹក​​រហូត​​ដល់​​ល្ងាច​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ ​គ្មាន​​​ព័ត៌មាន​​ច្បាស់​លាស់​​នៅ​ឡើយ​​​​ទាក់ទង​នឹង​​ការ​​ចាប់​ខ្លួន​​លោក​​មេធាវី ​ជូង ជូងី។ ​លោក ជូង ​ជូងី​​ដែល​​តែងតែ​​ធ្វើ​​ជា​​អ្នក​​ការពារ​​ក្តី​​អោយ​​សមាជិក​​គណបក្ស​​សម រង្ស៊ី ​រួមទាំង​​មេ​គណបក្ស​​ប្រឆាំង​​គឺ​​លោក​​សម រង្ស៊ី​​ផង។​ ក្រុម​​​អង្គការ​​សិទ្ធិ​មនុស្ស​​អាដហុក​ ​​បាន​​អះអាង​ ​​ថា​​មេ​ធាវី​​រូប​នេះ​​​ត្រូវ​​បាន​​ចាប់​ឃុំ​​ខ្លួន​​ក្នុង​​ក្រសួង​​មហាផ្ទៃ។​​ ប៉ុន្តែ​​អ្នក​​នាំ​ពាក្យ​​ស្នងការដ្ឋាន​​នគរបាល​​ជាតិ​ ​​បាន​​បដិសេធ​​ថា​​គ្មាន​​ការ​​ចាប់​​ខ្លួន​​នេះ​​ទេ។​

ផ្សាយពាណិជ្ជកម្ម

ពេញ​មួយ​ថ្ងៃ​ព័ត៌មាន​ស្តី​អំពី​ការ​ចាប់​ខ្លួន​លោក​មេធាវី​ជូង ជូងី​ដែល​ជា​អ្នក​ការពារ​ក្តី​អោយ​សមាជិក​​គណបក្ស​សម រង្ស៊ី​នោះ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង។ តាំង​ពី​ព្រឹក​មក​សារព័ត៌មាន​​ខ្លះ​បាន​ផ្សាយ​យ៉ាង​ជាក់​ច្បាស់​អំពី​ការ​ចាប់​ខ្លួន​មេធាវី​រូប​នេះ ខណៈ​ដែល​សារព័ត៌មាន​​ផ្សេង​ទៀត​ក៏​ច្បាស់​ដែរ​ថា គ្មាន​ទេ​ការ​ចាប់​ខ្លួន​មេធាវី​ជូង ជូងី។

 
មន្ត្រី​ស៊ើប​អង្កេត​​នៃ​អង្គការ​សិទ្ធិមនុស្ស​វិញ​ក៏​បាន​ព្យាយាមតាមដាន​ព័ត៌មាន​នេះ​យ៉ាង​ស្វិត​ស្វាញ​​​​ផងដែរ។ កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ចាន់ សូវេត​មន្ត្រី​ស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​អះអាង​ច្បាស់លាស់​ថា មេធាវី​ជួង ជូងី​ត្រូវ​បាន​ចាប់​ខ្លួន​​ហើយ ដោយ​នគរបាល​ក្រសួង​មហាផ្ទៃ ហើយ​ក៏​ត្រូវ​នាំ​មក​ឃុំ​ខ្លួន​នៅ​ទី​នោះ​ផងដែរ។

ផ្ទុយទៅវិញ​អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ជាតិ​លោក​ឧត្តមសេនីយ​គៀត ចន្ទថារិទ្ធ​បាន​ច្រានចោល​ព័ត៌មាន​នេះ​ដោយ​អះអាង​ថា គ្មាន​ទេ​ការ​ចាប់​ខ្លួន​លោក​មេធាវី​នោះ។ តំណាងរាស្ត្រ និង​សមាជិក​គណបក្ស​សម រង្ស៊ី​វិញ​បាន​ទៅ​ជួបជុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត​កណ្តាល​នៅ​ថ្ងៃ​នេះ​បន្ទាប់​ពី​សង្ស័យ​ថា​លោក​មេធាវី​ជូង ជូងី​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​តុលាការ​ដើម្បី​ចោទប្រកាន់​នោះ។

លោក​មេធាវី​សុខ សំអឿន​ប្រធាន​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​សារភាព​ថា​លោក​មិន​ដែល​លឺ​​ព័ត៌មាន​អំពី​ការ​ចាប់​ខ្លួន​មេធាវី​យ៉ាង​ដូច្នេះ​ទេ​ពី​មុនមក ហើយ​ថា​ការ​ចាប់​ខ្លួន​មេធាវី​ប្រសិនបើ​មាន​មែន​នៅ​ពេល​នេះ គឺ​វា​ធ្វើ​អោយ​លោក​ភ័យព្រួយ​ចំពោះ​ការ​អនុវត្ត​វិជ្ជាជីវៈ​នេះ​សម្រាប់​រូប​លោក​ផ្ទាល់ខ្លួន។

ដោយសារ​លោក​មេធាវី​ជូង ជូងី​គឺ​ជា​អ្នក​ការពារក្តី​អោយ​សមាជិក​គណបក្ស​សម រង្ស៊ី រួមទាំង​លោកសម រង្ស៊ី​ផង​នោះ លោកចាន់ សូវេត​មន្ត្រី​ស៊ើបអង្កេត​របស់​សមាគម​អាដហុក​វិញ​បាន​អត្ថាធិប្បាយ​ថា​ការ​ចាប់ខ្លួន​នេះ នឹង​បង្ហាញ​អំពី​សម្ពាធ និង​ស្ថានភាព​តានតឹង​ចំពោះ​គណបក្ស​ជំទាស់។

សូម​បញ្ជាក់ថា​មេធាវី​ជូង ជូងី​ត្រូវ​បាន​សង្ស័យ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ផ្តល់​មធ្យោបាយ​អោយ​ជនជាប់ចោទ​ជា​សកម្មជន​គណបក្ស​សម រង្ស៊ី​រត់គេច​ខ្លួន​ពី​ពន្ធនាគារ។ សំណុំរឿង​នេះ​ហើយ​ដែល​តម្រូវ​អោយ​រដ្ឋសភា​អនុម័ត​ព្យូរ​អភ័យឯកសិទ្ធិ​សភា​របស់​លោក​ចាន់ ចេង​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI