ជំងឺ​សន្លាក់

សំឡេង ០៦:៣៣
សន្លាក់​ឆ្នឹង
សន្លាក់​ឆ្នឹង

ជំងឺសន្លាក់ ត្រូវបាន​ អង្គការ​សុខភាព​ពិភពលោក ចាត់ទុក ជា​ភ្នាក់ងារ​ចំបង​នៃ​ពិការភាព។ អ្នកស្រាវជ្រាវ​តែង រក​ឃើញ​មធ្យោបាយ​ព្យាបាល​ថ្មីៗ ហេតុដូច្នេះ ហើយ បាន​ជា​អង្គការ​សុខភាព​ពិភពលោក ឱ្យ​ងារ​ទសវត្ស​នេះ ថា​ជា​ទសវត្ស​ឆ្អឹង និង សន្លាក់។ តើ​ជំងឺ​នេះ​មាន​រោគ​សញ្ញា​ដូចម្តេច​ខ្លះ ? តើ​ធ្វើ​ដូចម្តេច​អាច ចៀស វាង​ជំងឺ នេះ​បាន ? សូម​អញ្ជើញ​ស្តាប់ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត ROSIER ឯកទេស​ផ្នែក​ជំងឺ សន្លាក់​ឆ្អឹង​នៅ​​ក្រុង លីយ៉ុង​ប្រទេស​បារាំង ដែល​រៀបចំ និង ប្រែ​សម្រួល​ដោយ អៀង សុខម៉ិញ ។

ផ្សាយពាណិជ្ជកម្ម

ជំងឺសន្លាក់​ជា​ជំងឺ​ដែល​មាន​ការ​រីក​រាលដាល និង វិវឌ្ឍ​ទៅ​តាម​វ័យ​របស់​អ្នកជំងឺ ហើយ​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចុកចាប់ នៅ​តាម​សន្លាក់​កាន់​តែ​ខ្លាំង​ឡើងៗ ដោយសារ ភាព​ទ្រុឌទ្រោម រេចរឹល​នៃ​ស្រទាប់​ឆ្អឹងខ្ចី ដែល​នៅ​ព័ទ្ធ​ជុំវិញ​ឆ្អឹង​ម្តុំ​សន្លាក់ តែ​មិនមែន​ជា ជំងឺ រលាក​ឆ្អឹង ឬ ឆ្អឹងខ្ចី នៅ​ម្តុំ​សន្លាក់​ទេ។ ជំងឺ​សន្លាក់​ដែល​លើក​យក​មក​បរិយាយ​នៅ​ពេល​នេះ គឺ​ជា​ជំងឺ​សន្លាក់ ជាទូទៅ ដែល​ហៅជា ភាសា បារាំង ARTHROSE។

ជំងឺសន្លាក់ ARTHROSE គឺ​ជា​ភាព​ចាស់​រេចរឹល​បន្តិច​ម្តងៗ​នៃ​ស្រទាប់​ឆ្អឹងខ្ចី។ ឆ្អឹងខ្ចី នេះ​រុំ​ព័ទ្ធ​ឆ្អឹង ដើម្បី​សន្លាក់​អាច​ងាក និង​ធ្វើ​ចលនា​ដោយ​រអិល​បាន។ នៅពេល ដែល​ឆ្អឹងខ្ចី​នេះ ចាស់​សឹក​រេចរឹល ខូច​ប្រើ​ការ​លែង​កើត នោះ​វា​នឹង​បង្ក​ផលវិបាក​ជាច្រើន​ដល់​ឆ្អឹង ដែល​នៅ​ជុំ​ជិត និង ទៅ​លើ​សន្លាក់ បង្ក​ឲ្យ​មាន​ ការ​ឈឺ​ចាប់​នៅ​តាម​សន្លាក់ ឬ មាន​ដៃជើង ខ្លួនប្រាណ​រឹង មិន​ទន់ភ្លន់ ពិបាក​ពត់ពេន បត់ខ្លួន នៅ ត្រង់​សន្លាក់ ឬ​គាំងសន្លាក់​ក៏មាន។
ប៉ុន្តែ ជំងឺ​សន្លាក់​មិន​ប្រាកដ​ថា​ពិត​ជា​ឱ្យ​រោគ​សញ្ញា​ឈឺចាប់​ទេ ពេល​ខ្លះ​ទាល់ តែ​ទៅ​ធ្វើការ​ពិនិត្យ​ថត​ឆ្លុះ ទើប​ដឹង​ថា​ឆ្អឹង​ខ្ចី​ខូច។ ផ្ទុយទៅវិញ អ្នកជំងឺខ្លះ​មាន​ឆ្អឹងខ្ចី សឹករេចរឹល​តែ​បន្តិច តែ​ត្រូវ​រង​ការ​ឈឺ​ចាប់​ជា​អតិបរមា​ភ្លាម។

កត្តា​ផ្សេងៗ​នៃ​ការ​សឹក​រេច​រឹល​របស់​ឆ្អឹង​ខ្ចី

រហូត​មក​ទល់​ពាក់​កណ្តាល​ទសវត្ស​ឆ្នាំ ៧០ គេ​គិត​ថា ជំងឺ​សន្លាក់​ឆ្អឹង​ជា​ជំងឺ​មនុស្ស​ចាស់។ មនុស្សចាស់ ដែល​ឆ្អឹងខ្ចី​ត្រូវ​សឹក​រេចរឹល ព្រោះតែ​ការ​ធ្វើ​ចលនា ជា​រៀង​រាល់​ថ្ងៃ យូរៗ​ទៅ។ ប៉ុន្តែ​ក្នុង​ពេល​ថ្មីៗ​នេះ គេ​សង្កេត​ឃើញ​ថា​ឆ្អឹងខ្ចី មិន​ប្រាកដ​ថា​នឹង​ត្រូវ​សឹក​ខូច ដូច​គ្រឿង​យន្ត​ដែល​ប្រើ​យូរ​ទេ។ ឆ្អឹងខ្ចី​មាន ការដុះដាល​លូតលាស់​ខ្លាំង​ណាស់។ ឆ្អឹង​សឹក​រេចរឹល​ហើយ​មិន​អាច​ដុះ​វិញ​បាន​បណ្តាល​មកពី​ភ្នាក់ងារ​ប៊ីយូគីមី ​ឬ គីមីសរីរាង្គ។ ភ្នាក់ងារ​​គីមីសរីរាង្គ ដែល​ជា​សារធាតុគីមី​មាន​ស្រាប់​ក្នុង​ខ្លួន​មនុស្ស​យើង ហើយ​ដែល​យើង​បញ្ចេញ​ចោល។ គឺ​នៅ​ពេល​នោះ​ហើយ ដែល​អ្នក​វេជ្ជសាស្ត្រ​ចាប់​អារម្មណ៍​ថា គេ​នឹង​អាច​រក​ឃើញ ការ​ព្យាបាល​មួយ ដើម្បី​ទប់ស្កាត់​ការ​សឹក​រេចរឹល​របស់​ឆ្អឹង​ខ្ចី​បាន។

 
ប្រភេទ​នៃ​ជំងឺ​សន្លាក់

ជំងឺ​សន្លាក់​ដែល​គេ​ជួប​ប្រទះ​ញឹកញាប់​ជាង​គេ គឺ​សន្លាក់ដៃ សន្លាក់ជើង។ បើ មាន ជីដូនជីតា ម្តាយ ឬ​បងប្អូន​ក្នុង​គ្រួសារ​ណា​ម្នាក់​កើត​ជំងឺ​នេះ​ហើយ​នោះ កូន​ចៅ ជំនាន់​ក្រោយ​ងាយ​នឹង​ឈឺ​សន្លាក់​ដៃ ជើង ជង្គង់ សន្លាក់​ឆ្អឹងក ចង្កេះ និង ម្រាម​ជើង ណាស់។ ក្រៅ​ពី​កត្តាត​ពូជ​របៀប​របប​រស់នៅ ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់ បង្ក​ឱ្យ​ឆាប់​មាន​បញ្ហា​សន្លាក់​ដែរ។ អ្នក​បញ្ចេញ​កម្លាំង​កាយ​ខ្លាំង ធ្វើការ​ធ្ងន់​តាំង​ពី​វ័យ​ក្មេងៗ នឹង​ឆាប់​មាន​បញ្ហា​សន្លាក់​ជាង​អ្នក​ស្រណុក​ស្រួល មិន​ថា​ស្ត្រី ឬ បុរស ឬ ជាតិសាសន៍ ណា​ទេ។ ជាងនេះ​ទៅ​ទៀត បើ​អ្នក​មាន​ជំងឺ​សន្លាក់​នៅ​ដៃ ហើយ​ប្រឹង​ធ្វើការ ប្រើ​ដៃ​នោះ​ច្រើន នោះ​នឹង​ធ្វើ​ឱ្យ​ជំងឺ​នេះ​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​ត្រូវ​គិត​ថា​សន្លាក់​នៅ​ត្រង់​កន្លែង​ផ្សេងៗ​ទៀត ក៏​មាន​បញ្ហា​ដែរ។

ការ​ព្យាបាល

គ្មាន​​ការព្យាបាល​ណា​មួយ​ដែល​ប្រសើរ​ជាង​គេ​បំផុត តែ​មួយ អាច​ជួយ​បំបាត់ ការឈឺចាប់ ទប់​ស្កាត់​ការ​សឹក​ខូចខាត​របស់​ឆ្អឹង និង ធ្វើ​ឱ្យ​សន្លាក់​មាន​ចលនា​ប្រសើរ ជាងមុន បាន​ទេ។ ម្យ៉ាង​មក​ពី​ជំងឺសន្លាក់​មាន​ច្រើន​កន្លែង ត្រូវ​ការព្យាបាល តម្រូវ​តាម​ករណី​នៃ​សន្លាក់​នីមួយៗ និង ម្យ៉ាង​វិញ​ទៀត ពុំ​មាន​ការព្យាបាល​ណា ដែល​ប្រសើរ​ជាង​គេ ឥត​ខ្ចោះ​នោះ​ឡើយ។ ការព្យាបាល​ត្រូវតែ​ធ្វើ​ឡើង​ទៅ​តាម​ករណី ជាក់ស្តែង។
មាន​ការព្យាបាល​ដោយ​ថ្នាំ គ្រាន់​បំបាត់ ការឈឺចាប់ និង ការព្យាបាល ​ឲ្យ​បាន​ស៊ីជំរៅ ។ ជំងឺ​សន្លាក់​ប្រៀប​ដូច​ភ្នំភ្លើង។ ភ្នំភ្លើង​ដែល ជួន​ស្ងប់ស្ងាត់ ជួន​ក៏​ផ្ទុះ​ឡើង បង្ក​ជា​ការ​ឈឺចាប់។

នៅពេលមានអាការៈឈឺចាប់ស្តែងឡើង គេអាចព្យាបាលដោយប្រើថ្នាំបំបាត់ ការឈឺចាប់ បាន​មួយ​រយៈ។ យើងគួរ ធ្វើសរសៃ ចាក់ម្ជុលវិទ្យាសាស្ត្រ ដើម្បីសម្រួល​និង កាត់​បន្ថយ​ការឈឺចាប់។ ការធ្វើ​សរសៃ​នេះ ជា​ប្រយោជន៍​សំរាប់​អ្នក​ដែល​មាន​បញ្ហា​សន្លាក់​នៅ​ជើង និង ឆ្អឹងខ្នង។ ការ​លេង​កីឡា ជា​ការ​ចាំបាច់​សំរាប់​អ្នក​ជំងឺ ប៉ុន្តែ​ ត្រូវ​ធ្វើ​កីឡា​ឱ្យ​ស្រប​នឹង កម្លាំង​កាយ ស្រប​នឹង​កម្លាំង​សន្លាក់ មិនមែន​សម្រប កម្លាំង​សន្លាក់ ឬ ប្រឹង​ដើម្បី​ធ្វើ​កីឡា​ទេ។ ការ​ឡើង​ទម្ងន់ ជា​សត្រូវ​ចំបង បង្អស់​របស់​ជំងឺ​សន្លាក់។ ចាប់ពីអាយុ ៤០ឆ្នាំទៅ គួរ​រួសរាន់​មក​ជួប​គ្រូពេទ្យ​នៅ​ពេល​មាន​រោគ​សញ្ញា​ការ​ឈឺ​ចាប់​នៅ​តាម​សន្លាក់។ សូម​បរិភោគ​បាយ​បន្លែ​ត្រី​សាច់ និង ជីវជាតិ​គ្រប់មុខ ឱ្យ​បាន​ស្មើៗ​គ្នា​ស្រប​តាម តម្រូវការ​របស់​រាងកាយ ដើម្បី​រក្សា​សុខភាព​ឱ្យ​បាន​ល្អ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI