អានតួអត្ថបទ
កម្ពុជា

ព្រះអង្គម្ចាស់​ក្សត្រី​ អរុណ​ រស្មី​ ទស្សនកិច្ច​ប្រទេស​ចិន​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​​

ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់​ក្សត្រី​នរោត្តម អរុណ រស្មី និង​ប្រតិភូ​នៃ​គណបក្ស​
ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់​ក្សត្រី​នរោត្តម អរុណ រស្មី និង​ប្រតិភូ​នៃ​គណបក្ស​ RFI
ដោយ៖ លាង ដឺលុច
១៨ នាទី

ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច ព្រះអង្គ​ម្ចាស់​ក្សត្រី ​នរោត្តម អរុណ រស្មី បាន​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​គណបក្ស​ ចេញទៅទស្សនកិច្ច​នៅ​ប្រទេស​ចិន ​កាល​ពី​ថ្ងៃទី​១៦​ មេសា។ នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​ពង្រឹងទំនាក់ទំនង​និង​សហប្រតិបត្តិការ ​រវាង​គណបក្ស​កុម្មុយនិស្ត​ចិន និង​គណបក្ស​ហ៊្វុនស៊ីនប៉ិច ប្រតិភូ​គណបក្ស​នេះ​នឹង​ជួប​ជាមួយ​មេដឹកនាំថ្មី​របស់បក្ស​កុម្មុយនិស្ត​ចិន​ នៅ​ទីក្រុង​ប៉េកាំង និង​ថ្នាក់​ដឹកនាំ​នៅតាម​បណ្តា​ខេត្ត​របស់​ចិន​ផ្សេង​ទៀត។

ផ្សាយពាណិជ្ជកម្ម

ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់​ក្សត្រី​នរោត្តម អរុណ រស្មី និង​ប្រតិភូ​នៃ​គណបក្ស​នេះ​កំពុង​បំពេញ​ទស្សនកិច្ច​ នៅ​ក្នុង​ប្រទេស​ចិនប្រជាមានិត ក្នុង​ក្របខណ្ឌ​នៃ​ការ​ពង្រឹង​សហប្រតិបត្តិការ​​រវាង​គណបក្ស​ដែល​បង្កើត​ឡើង​ដោយ​សម្តេច​ឪ​នរោត្តម សីហនុ និង​បក្ស​កុម្មុយនីស​ចិន។ ដោយសារតែ​ហ៊្វុនស៊ិនប៉ិច​ជា​ដៃ​គូរាជ​រដ្ឋាភិបាល​កម្ពុជា ការ​ពិភាក្សា​រវាង​មេដឹកនាំ​គណបក្ស​ទាំងពីរ ​ក៏​នឹង​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ប្រទេស​ចិន​ផងដែរ។

ប្រតិភូ​គណបក្សហ៊្វុនស៊ីនប៉ិច​ ចំនួន​៦​រូប ​ដែល​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ​កាល​ពីថ្ងៃទី​១៦​មេសា​ម្សិលមិញ ​មាន​ព្រះអង្គ​ម្ចាស់ក្សត្រី ​អរុណ រស្មី លោក​សៅ រ៉ានី អគ្គលេខាធិការ​រង​គណបក្ស​ហ៊្វុនស៊ីនប៉ិច និង​សមាជិក​គណៈកម្មាធិការ​នាយក​ផ្សេងទៀត។ គោលដៅ​នៃ​ទស្សនកិច្ចចំនួន​៨ថ្ងៃ​​រួមមាន ទីក្រុង​ប៉េកាំង។ នៅ​ទីនោះ​ហើយ​ ដែល​ថ្នាក់ដឹកនាំ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​កំពុង​ជួប​ពិភាក្សា​ជាមួយ​សមាជិក​ថ្មី​នៃ​គណៈកម្មាធិការ​មជ្ឈឹមបក្សកុម្មុយនិស្តចិន។ បន្ទាប់មក ​ប្រតិភូ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ក៏​នឹង​ទស្សនកិច្ច​ទីក្រុងស៊ីអាន នៃ​ខេត្ត​សានស៊ី និង​ទីក្រុង​សេងជិន​ នៃ​ខេត្តកង់តុង។

អគ្គលេខា​ធិការ​គណបក្ស​ហ៊្វុនស៊ីនប៉ិច លោក ញឹក ប៊ុនឆៃ​ ដែលមិន​បាន​រួម​ដំណើរ​ក្នុង​ទស្សនកិច្ច​នេះ​ទេ​នោះ បាន​ថ្លែង​​ប្រាប់​វិទ្យុបារាំងអន្តរជាតិ​ នៅ​ថ្ងៃ​នេះថា ទំនាក់ទំនង​រវាង​ហ៊្វុនស៊ីនប៉ិច និង​បក្ស​កុម្មុយនិស្ត​​ចិនដែល​មាន​តាំង​ពី​ទស្សវត្សរ​៨០​មក​នោះ ​កាន់​តែ​រឹងមាំ​​ទៅ ហើយ​ថា​ការបាត់​បង់​ព្រះរាជវត្តមាន​របស់​សម្តេចឪ ​នរោត្តម សីហនុ​ ដែល​ជា​ស្ថាបនិក​ចលនា​ហ៊្វុនស៊ីនប៉ិច​នោះ ​ក៏មិន​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ទំនាក់ទំនង​នេះ​ឡើយ។ លោក​ញឹក ប៊ុនឆៃ ​បាន​បញ្ជាក់ថា បក្ស​កុម្មុយនិស្ត​​ចិន​បាន​គាំទ្រ​របប​រាជា​និយម​​នៅ​កម្ពុជា ហើយ​បក្ស​កុម្មុយនិស្ត​​​ចិន​ក៏​បាន​គាំ​ទ្ររាជ​រដ្ឋាភិបាល​ចម្រុះ ​ដែល​មាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ហ៊្វុនស៊ីនប៉ិច​ដែរ។

អគ្គលេខាធិការ​ហ៊្វុនស៊ីនប៉ិច​ក៏​បាន​ប្រាប់​អោយដឹង​ផងដែរថា ជារៀងរាល់ឆ្នាំ ​មាន​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ពីរ​ក្រុម ​រវាង​ហ៊្វុនស៊ីនប៉ិច និង​បក្ស​កុម្មុយនិស្ត​ចិន ពោលគឺ​ទស្សនកិច្ច​នៃ​កម្រិត​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់ និង​ក្រុម​យុវជន។

គួរ​បញ្ជាក់​ផងដែរ​ថា ក្រៅពី​បក្ស​កុម្មុយនីសចិន គណបក្ស​ហ៊្វុនស៊ីនប៉ិច​ ក៏​មាន​ទំនាក់ទំនង​ជាមួយ​បក្ស​ពលករ​កូរ៉េ​ខាង​ជើង​ផងដែរ។ គណៈកម្មាធិការកណ្តាល​នៃ​បក្សពលករ​កូរ៉េ​ទើប​តែ​បាន​ធ្វើ​សារ​លិខិត​សាទរ​ព្រះអង្គម្ចាស់​ក្សត្រី​នរោត្តម អរុណ រស្មី​ ដែល​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច ហើ​យ​ថា​ បក្ស​ពលករ​កូរ៉េ​បាន​សំដែង​ក្តីសង្ឃឹម​ថា ទំនាក់ទំនង​រវាង​ហ៊្វុនស៊ីនប៉ិច និង​គណបក្ស​ពលករ​កូរ៉េ​ខាងជើង​នេះ ​នឹង​កាន់តែ​ជិតស្និទ្ធ​ និង​រឹងមាំថែមទៀត ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះអង្គ​ម្ចាស់​ក្សត្រី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ