កម្ពុជា-អាស៊ាន

អាស៊ានស្វែងរកមធ្យោបាយតភ្ជាប់ក្នុងតំបន់

សមាជិក​អាស៊ាន​ទាំង​១០​កំពុង​ខិតខំ​តម្រង់​ខ្លួន​ឆ្ពោះ​ទៅ​កាន់សហគមន៍​តែ​មួយ​នៅ​ឆ្នាំ​២០១៥​
សមាជិក​អាស៊ាន​ទាំង​១០​កំពុង​ខិតខំ​តម្រង់​ខ្លួន​ឆ្ពោះ​ទៅ​កាន់សហគមន៍​តែ​មួយ​នៅ​ឆ្នាំ​២០១៥​ RFI/Leang Delux

កម្ពុជាបាន​រៀបចំ​ការ​ពិភាក្សា​ថ្នាក់​អាស៊ាន​​រយៈពេល​២​ថ្ងៃ​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ស្វែងរក​វិធី​តភ្ជាប់​តំបន់​អាស៊ាន​អោយ​ក្លាយ​ទៅ​ជា​គ្រួសារ​តែ​មួយ។ លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំ​ហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេសបាន​ថ្លែង​ប្រាប់​អ្នកកាសែត​ថា ការ​តភ្ជាប់​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ទាំង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្នែក​ទន់​និង​ផ្នែក​រឹង។​

ផ្សាយពាណិជ្ជកម្ម

សមាជិក​អាស៊ាន​ទាំង​១០​កំពុង​តែ​ខិតខំ​តម្រង់​​ខ្លួន​ឆ្ពោះ​ទៅ​សហគមន៍​គ្រួសារ​តែ​មួយ​នៅ​ឆ្នាំ​២០១៥។ នៅ​ថ្ងៃ​នេះ កម្ពុជាកំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​ថ្នាក់​អាស៊ាន​មួយ​នៅ​សណ្ឋាគារ អាំងទែរកុងទីណង់តាល់ ដើម្បី​ស្វែង​រក​មធ្យោបាយ​នៃ​ការ​តភ្ជាប់​សហគមន៍​គ្រួសារ​អាស៊ាន។
កិច្ច​ប្រជុំ​នេះមាន​រយៈ​ពេល​២​ថ្ងៃ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​សមាជិក​អាស៊ាន​និង​អគ្គលេខាធិការ​អាស៊ាន​ផង​ដែរ។

បន្ទាប់ពី​ថ្លែង​សុន្ទរកថា​បើក​​កិច្ចប្រជុំ​ក្រោម​ប្រធានបទ​ ការ​ត​ភ្ជាប់​តំបន់​អាស៊ាន លោក ហោ ណាំហុង មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា កិច្ចប្រជុំ​នេះ មាន​គោលដៅ​រិះរក​វិធី​តភ្ជាប់​តំបន់​អាស៊ាន​ទាំង​មូល​ ដើម្បី​ឈាន​ទៅ​បង្កើត​សហគមន៍​អាស៊ាន​តែ​មួយ​នៅ​ឆ្នាំ ២០១៥ ។ ការ​ត​ភ្ជាប់​តំបន់​អាស៊ាន​ត្រូវ​ធ្វើ​ឡើង​ទាំង​ផ្នែក​ហេដ្ឋារចនា​សម្ពន្ធ័​ ទន់​និង​រឹង​ បាន​ន័យ​ថា ជា​ការ​តភ្ជាប់​រវាង​ហេដ្ឋារចនា​សម្ពន្ធ័​ផ្លូវ​ថ្នល់​ដែល​ត្រូវ​បាន​ចាត់ទុកថា ជា​ផ្នែក​រឹង  និង​បន្ទាប់​មក​គឺ​ការ​តភ្ជាប់​រវាង​ប្រជាជន ស្ថាប័ន​នៃ​ប្រទេស​អាស៊ាន​និង​វិស័យ​អប់រំ​បច្ចេកវិទ្យា​ផ្នែក​ធនធាន​មនុស្ស ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ផ្នែក​ទន់។

គួរ​កត់​សម្គាល់​ថា នេះ​ជា​កិច្ច​ប្រជុំ​អាស៊ាន​មួយ​ថ្មី​ទៀត​ក្នុង​ខណៈ​ដែល​កម្ពុជា​កំពុងតែ​ធ្វើ​ ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​អាស៊ាន​សម្រាប់​ឆ្នាំ ២០១២ នេះ។ អាស៊ាន ដែល​កំពុង​ដាក់​ការងារ​អាទិភាព​របស់​ខ្លួន​​គឺ​ការ​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ ២០១៥​ខាង​មុខ​នេះ។

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​គឺ​ការ​ប្រកួត​ប្រជែង​ផ្នែក​ពាណិជ្ជកម្ម​នៅ​ក្នុង​ទីផ្សារ​តែ​មួយ​នៃ​ប្រទេស​សមាជិក​ទាំង​១០។ ដូច្នេះ​វា​នឹង​មាន​ការ​ចរាចរ​ដោយ​សេរី​នូវ​ទំនិញ សេវ៉ា មូលធន​ទុន​វិនិយោគ​និង​កម្លាំង​ពលកម្ម​រវាង​ប្រទេស​ទាំង​១០​នេះ។

កម្ពុជា​ដែល​ជា​សមាជិក​មួយ​ ហើយ​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​ឡើយ​នោះ ក៏​កំពុង​តែ​ព្រួយ​បារម្ភ​អំពី​ការ​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ផ្នែក​ពាណិជ្ជកម្ម​យ៉ាង​ខ្លាំងនោះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI