អានតួអត្ថបទ
កម្ពុជា

ប្រទេស​ចំនួន​១៣​កំពុង​ពិភាក្សា​បញ្ហា​កសិកម្ម និង​ព្រៃឈើ នៅ​ភ្នំពេញ

អាស៊ាន និង​ប្រទេស​អាស៊ី​បី​ទៀត ដូចជា​ចិន ជប៉ុន និងកូរ៉េខាងត្បូង​ជួប​ប្រជុំ​គ្នា​នៅ​ភ្នំពេញ ដើម្បី​រក​ដំណោះស្រាយ​លើ​បញ្ហា​កសិកម្ម និង​ព្រៃឈើ
អាស៊ាន និង​ប្រទេស​អាស៊ី​បី​ទៀត ដូចជា​ចិន ជប៉ុន និងកូរ៉េខាងត្បូង​ជួប​ប្រជុំ​គ្នា​នៅ​ភ្នំពេញ ដើម្បី​រក​ដំណោះស្រាយ​លើ​បញ្ហា​កសិកម្ម និង​ព្រៃឈើ ©សុវណ្ណារ៉ា
ដោយ៖ ប៉ែន បូណា
២២ នាទី

រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​កំពុង​តែ​ពិភាក្សាគ្នា យ៉ាង​ផុលផុស​អំពី​បញ្ហា​កសិកម្ម និង​ព្រៃឈើ​ដែល​ជា​បញ្ហា​ប្រឈម​រួម​ដ៏​ធំ​មួយ នៅ​ក្នុង​សហគមន៍​របស់​ខ្លួន។ ​ការ​ពិភាក្សា​នេះ​បាន​ធ្វើ​ឡើង ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន​លើក​ទី ៣២​ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ នៅ​រាជធានី​ភ្នំពេញ។​ ប្រធានបទ​ដ៏សំខាន់​នេះ​ត្រូវ​បាន​គេ​លើក​មក​ពិភាក្សា​ក្នុង​បរិបទ​ដែល​​ ធនធាន​ធម្មជាតិ​​របស់​ប្រទេស​ជាច្រើន​ត្រូវ​បាន​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ រីឯ​ដី​កសិកម្ម​ទៀត​សោត​ក៏​កាន់តែ​​រួម​តូច​ទៅៗ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការព្រួយ​បារម្ភ​អំពី​សន្តិសុខ​ស្បៀង។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់​ប៉ែន បូណា​ពី​ទីក្រុង​ភ្នំពេញ

រដ្ឋមន្ត្រី​ទទួល​បន្ទុក​កសិកម្ម​និង​ព្រៃឈើ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​រួម ទាំង​ប្រទេស​អាស៊ី​៣​ទៀត​គឺ ចិន​ កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​ កំពុង​តែ​ស្វែង​រក​ការឯកភាព​គ្នា​​អំពី​គោល​នយោបាយ​កសិកម្ម និង​ព្រៃឈើ។ ​មន្ត្រី​ជំនាញ​នៃ​បណ្តា​ប្រទេស​​ទាំង​១៣ ដែល​បាន​មក​ជួបជុំ​គ្នា នៅ​ភ្នំពេញ​ជា​ច្រើន​ថ្ងៃ​មក​ហើយ​នោះ កំពុង​ចែក​រំលែក​ព័ត៌មាន​គ្នា​​ទៅ​វិញ ទៅ​មក​អំពី​ប្រធានបទ​ដ៏​សំខាន់​នេះ។

ក្នុង​ឱកាស​បើក​កិច្ច​ប្រជុំ​ជា​ផ្លូវការ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​ លោក​នាយក​រដ្ឋមន្ត្រី​​ហ៊ុន​ សែន​បាន​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​អាស៊ាន​ផ្តោត​លើ​កិច្ច​សហការ​ផ្នែក​បច្ចេកទេស និង​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​ឲ្យ​បាន​ច្រើន​ជាង​នេះ​ដើម្បី​ធានា​សន្តិសុខ​ស្បៀង ក្នុង​តំបន់។ ​លោក​នាយក​រដ្ឋមន្ត្រី​គូស​បញ្ជាក់​ថា សន្តិសុខ​ស្បៀង​កំពុង​ក្លាយ​ជា​បញ្ហា​​ដ៏​សំខាន់​មួយ នៅ​ក្នុង​ពិភពលោក ខណៈ​ដែល​តម្លៃ​ស្បៀង​អាហារ និង​ប្រេងសាំង​កាន់​តែ​ឡើង​ខ្ពស់ ជា​លំដាប់ នៅ​ពេល​ដែល​ដី​កសិកម្ម​កាន់​តែ​រួម​តូច​ទៅៗ។​ ក្នុង​បរិបទ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​បាន​អំពាវនាវ​ឲ្យ​ប្រទេស​អាស៊ាន​ដើរ​តួនាទី​កាន់​តែ​សំខាន់​​ថែម​ទៀត ក្នុង​ការធានា​សន្តិសុខ​ស្បៀង។

កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន​ និង​អាស៊ាន​បូក​៣​ដែល​កម្ពុជា​​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៅ​ពេល​នេះ​បាន​ប្រារព្ធ​ឡើង ក្នុង​ខណៈ​ដែល​បញ្ហា​កសិកម្ម និង​​ព្រៃឈើ​ក្នុង​បណ្តា​ប្រទេស​ជាច្រើន​កំពុង​ទទួល​ការគំរាម​កំហែង ជា​បន្តបន្ទាប់។ នៅ​កម្ពុជា​ ព្រៃឈើ​បាន និង​កំពុង​ទទួល​ការគំរាម​កំហែង​យ៉ាង​ខ្លាំង។​ ជំនួញ​ឈើ​ខុស​ច្បាប់​នៅ​តែ​បន្ត​កើត​ឡើង មិន​អាច​ទប់ស្កាត់​បាន បើ​ទោះបី​ជា​មាន​បទបញ្ជា​តឹងរ៉ឹង​ពី​ប្រមុខ​រដ្ឋាភិបាល​ក៏ដោយ។ ​ឈើ​ប្រណីត​ត្រូវ​បាន​ឈ្មួញ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មួយ​ចំនួន បន្ត​ដឹក​ចេញ​ទៅ​ក្រៅ​ប្រទេស ជា​ហូរហែ ជា​ពិសេស​ទៅ​កាន់​ប្រទេស​​វៀតណាម​តែម្តង។

យ៉ាង​ណា​ក៏ដោយ​ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​គោល​នយោបាយ​ជាតិ​មួយ សំដៅ​លើកស្ទួយ​វិស័យ​កសិកម្ម ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ដ៏ធំ​មួយ ក្នុង​ពេល​អនាគត។ ​ប៉ុន្តែ ​មហិច្ឆតា​នេះ​នៅ​ឆ្ងាយ​ពី​ការពិត​នៅ​ឡើយ​ដោយ​សារតែ​​ប្រទេស​នេះ​កំពុង​ខ្វះខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​កសិកម្ម​ជាច្រើន ជា​ពិសេស​គឺ​ប្រព័ន្ធ​​ស្រោចស្រព​តែម្តង។

គេ​សង្ឃឹម​ថា​ កិច្ច​ប្រជុំ​ក្នុង​ក្របខ័ណ្ឌ​តំបន់ ស្តីពី​ព្រៃឈើ និង​កសិកម្ម​នៅ​កម្ពុជា​ដែល​គ្រោង​នឹង​បិទ​បញ្ចប់ នៅ​ថ្ងៃ​ទី​២៦​តុលា​នេះ នឹង​ផ្តល់​ពន្លឺ​ខ្លះ​ទៀត សម្រាប់​រដ្ឋាភិបាល​នីមួយៗ​ក្នុង​ការគ្រប់គ្រង​ឲ្យ​បាន​កាន់​តែ​ល្អ​នូវ​ធនធាន​ព្រៃឈើ និង​កសិកម្ម​របស់​​ខ្លួន​ដើម្បី​ចៀសវាង​ការបំផ្លិច​បំផ្លាញ​មួយ​ដែល​អាច​នឹង​នាំ​មហន្តរាយ​ដ៏​ធំធេង​ដល់​មនុស្ស​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ