អាស៊ី-ប៉ាស៊ីហ្វិក អនាគតទីផ្សារទិញយន្តហោះទីមួយនៅលើពិភពលោក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងរយៈពេល២០ឆ្នាំខាងមុខ តំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងក្លាយទៅជាទីផ្សារទីមួយ សម្រាប់ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប។ តំបន់នេះនឹងអាចធ្វើការបញ្ជាទិញ យន្តហោះ ដល់ទៅមួយភាគបី នៃការបញ្ជាទិញទាំងមូលនៅលើពិភពលោក ទៅថ្ងៃអនាគត។ នេះបើយោងតាមការសន្និដ្ឋានរបស់ក្រុមអាកាសចរណ៍ផលិតយន្តហោះ អ៊ែរប៊ូស Airbus នៅថ្ងៃចន្ទទី ៧ មីនា ២០១១។
សេចក្តីរាយការណ៍របស់ អៀង សុខម៉ិញ
អាស៊ី-ប៉ាស៊ីហ្វិក នឹងវ៉ាដាច់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នៅក្នុងការអភិវឌ្ឍន៍វិស័យអាកាសចរណ៍របស់ខ្លួន ! ពីពេលនេះទៅដល់ឆ្នាំ២០២៩ តំបន់អាស៊ី-ប៉ាស៊ីហ្វិកអាចនឹងបញ្ជាទិញយន្តហោះក្នុងតម្លៃទឹកប្រាក់ប្រមាណជាង ១២០០ពាន់លានដុល្លារ។
អ្នកទទួលបន្ទុកគ្រប់គ្រងយុទ្ធសាស្ត្រក្រុមហ៊ុនAirbus ហ៊ានធ្វើសេចក្តីសន្និដ្ឋានបែបនេះ ដោយសំអាងលើហេតុផលពីរយ៉ាង។
ចំនួនអ្នកធ្វើដំណើរ និងការដឹកជញ្ជូនតាមយន្តហោះ នៅក្នុងតំបន់ កើនឡើងលើសពីកំរិតមធ្យម ព្រោះតែតំបន់អាស៊ី-ប៉ាស៊ីហ្វិក មានកំណើនសេដ្ឋកិច្ចខ្លាំង ចរាចរណ៍ផ្លូវអាកាសបើកទូលាយខ្លាំង ប្រជាជនមានកំរិតជីវភាពខ្ពស់ជាងមុន។
ម្យ៉ាងវិញទៀត យន្តហោះជាច្រើន ដែលកំពុងធ្វើចរាចរណ៍ ក្នុងពេលបច្ចុប្បន្ននេះ សុទ្ធតែចាស់ទ្រុឌទ្រោម។ ក្នុងចំណោមយន្តហោះទាំង ៣៦០០គ្រឿង ៧៨% ត្រូវប្តូរចោល។
ក្នុងពេលដែលចំនួនអ្នកធ្វើដំណើរ និងការដឹកជញ្ជូន លើពិភពលោកកើនឡើងតែ ៤,៨%និង៥,៩% នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកវិញ ចំនួនអ្នកធ្វើដំណើរប្រចាំឆ្នាំនឹងកើនឡើង ៥,៨% ចំណែកឯការដឹកជញ្ជូនវិញនឹងកើនឡើង៧%។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនAirbus ពីទីក្រុងហុងកុង ព្រឹកមិញ និងដែលបានបន្ថែមទៀតថា តំបន់អាស៊ីដែលមានប្រជាជនរស់នៅច្រើន អាចនឹងត្រូវការបញ្ជាទិញយន្តហោះធុនធំ រយៈឆ្ងាយ ដល់ទៅ៣៣៦០គ្រឿង គឺស្មើនឹង៤០%នៃការបញ្ជាទិញនៅលើពិភពលោក។ ចំណែកយន្តហោះប្រភេទមធ្យម រយៈខ្លី ដែលអាចផ្ទុកអ្នកដំណើរពី ១០០ ទៅ២០០នាក់វិញ តំបន់នេះត្រូវការដល់ទៅប្រមាណជា៥២០០គ្រឿង។
នៅក្នុងឆ្នាំ២០១០ ក្រុមហ៊ុន Airbus លក់បានយន្តហោះចំនួន១៥គ្រឿង ក្នុងតម្លៃទឹកប្រាក់១៥០០លានដុល្លារ។ ជាទឹកប្រាក់ដែលច្រើនបំផុតមិនធ្លាប់មានសម្រាប់ក្រុមហ៊ុន ហើយ២៥%ជាប្រាក់របស់ប្រទេសចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ