ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចរឹត​ហួសហេតុ​របស់​លោក​ប៊ែរលូស្កូនី​ ធ្វើអោយ​បក្សស្តាំនិយម​អ៊ីតាលី​របស់​លោក​ប្រេះឆា​

សំឡេង ០៣:៥២
ស្ថាបនិក​គណបក្ស​ប្រជាជន​នៃសេរីភាព លោក Sílvio Berlusconi
ស្ថាបនិក​គណបក្ស​ប្រជាជន​នៃសេរីភាព លោក Sílvio Berlusconi REUTERS/Remo Casilli/Files

អ៊ីតាលី​បាន​ជួប​វិបត្តិ​នយោបាយ​ យ៉ាង​ទាន់ហន់​ កាលពី​ចុងសប្តាហ៍​កន្លងទៅ​ ដោយសារ​តែ​ការលាលែង​ពីតំណែង​របស់​រដ្ឋមន្ត្រី​​​៥រូប មកពី​គណបក្ស​ប្រជាជន​នៃសេរីភាព​ ដែលជា​គណបក្ស​ស្តាំនិយម​ របស់​​លោក ស៊ីលល្វីយ៉ូ ប៊ែរលូស្កូនី។ ​​រដ្ឋមន្ត្រី​ទាំង៥រូបនេះ បានទទួល​សំណូមពរ​​ពីលោក ប៊ែរលូស្កូនី អោយ​លាពីតំណែង​ក្នុង​រដ្ឋាភិបាល​ចំរុះ ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ឆ្វេងនិយម ហង់រីកូ លេតា។ ​អ្វីដែល​លោកប៊ែរលូស្កូនី នឹក​ស្មាន​មិនដល់​នោះ គឺថា ជាជាងធ្វើអោយ​រដ្ឋាភិបាល​ចំរុះ ដួលរលំ ​​គណបក្ស​របស់​លោកបែរជា​បែកបាក់គ្នា​ជាបក្សពួក ហើយ​សកម្មជន​គាំទ្រ​លោក​មួយចំនួន​ធំ បាន​ប្រែចិត្ត​​បោះឆ្នោត​ផ្តល់សេចក្តី​ទុកចិត្ត​ដល់​នាយករដ្ឋមន្ត្រី​​ហង់រីកូ លេតា ធ្វើអោយ​លោក​បាន​ទទួល​សេចក្តីទុក​ចិត្ត​​ពី​ព្រឹទ្ធសភាជាតិ។ លោក លេតា​ទទួល​បាន​សម្លេង​ឆ្នោត​​លើសលុប ២៣៥សម្លេង គឺ​ហួសពី​សម្លេង​​ដាច់ខាត ដែល​មាន​ត្រឹម​តែ​១៥៣សម្លេងទៅទៀត។

ផ្សាយពាណិជ្ជកម្ម

ការសំរេច​លាលែងពីតំណែង​របស់​រដ្ឋមន្ត្រី​ទាំង៥រូប នៅអ៊ីតាលី​ កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​នេះ គឺ​ធ្វើឡើង​​តាម​សំណូមពរ​របស់​លោក ស៊ីលល្វីយ៉ូ ប៊ែរលូស្កូនី​ ​​ស្ថាបនិក​និង​ជា​មេដឹកនាំ​គណបក្ស​​ស្តាំនិយម​​ឈ្មោះថា គណបក្ស​ប្រជាជន​នៃ​សេរីភាព តែប៉ុណ្ណោះ។ រដ្ឋមន្ត្រី​ទាំង៥រូប សុទ្ធតែ​ជា​សមាជិក​នៃគណបក្ស​ស្តាំនិយម​មួយ​នេះ ដែលហៅកាត់ថា បក្ស​PDL។ ពួកគេ​ចុះចេញ​ពីរដ្ឋាភិបាល​ ដើម្បី​បង្ហាញពី​ភក្តីភាព​ចំពោះ​ស្ថាបនិក​បក្ស​PDL។​​ រដ្ឋមន្ត្រី​ទាំង៥​រូប មាន​ការ​មិនពេញចិត្ត​ចំពោះ​នាយករដ្ឋមន្ត្រី​ឆ្វេងនិយម គឺលោក ហង់រីកូ លេតា ដែលបាន​សុំអោយ​សភា ​បំភ្លឺពី​ទង្វើ​​គាំទ្ររបស់​​​​បក្ស​ស្តាំនិយម ចំពោះរដ្ឋាភិបាល​ចំរុះ ព្រោះថា ការគាំទ្រ​នេះហាក់​គ្មាន​ភាព​ជាក់លាក់​សោះឡើយ។​

ពីរខែ​មកនេះ លោក​ប៊ែលូស្កូនី ​តែង​ព្យាយាមធ្វើយ៉ាងណា​ ​ចៀសវាង​ការ​បាត់បង់​​​​​តំណែង​របស់​លោក​ក្នុង​​ព្រឹទ្ធសភា​​​​​។ ​លោក ស៊ីលល្វីយ៉ូ ប៊ែរលូស្កូនី ត្រូវ​បាន​សាលាដំបូង ដាក់ទោស​​​​អោយ​ជាប់ពន្ធនាគារ​៤ឆ្នាំ ពីបទ​បន្លំពន្ធរដ្ឋ។ ប៉ុន្តែ លោក​បាន​ប្រឹងប្រែង​​គ្រប់បែបយ៉ាង រហូត​ដល់​ទទួលបាន​ការលើកលែងទោសបីឆ្នាំ​ ពី​ប្រធានាធិបតីអ៊ីតាលី​ ធ្វើអោយ​ទោស​របស់​លោកថយ​មកនៅត្រឹម​មួយឆ្នាំ​វិញ។ ទោះយ៉ាងនេះក្តី សិទ្ធិ​អំណាច​របស់​លោក​ក្នុង​ព្រឹទ្ធសភា​​​​ នៅតែ​អាច​​ត្រូវ​បាត់បង់។ នៅចំពោះ​មុខច្បាប់ ប៊ែរលូស្កូនី អាច​នឹងត្រូវ​ឃាត់ខ្លួន​ ក្នុងបទ​បំពាន​អំណាច​ និង​ពេស្យាចា​លើ​អនិតិជន ព្រមទាំង​រឿងពុករលួយ​ក្នុងព្រឹទ្ធសភា​ទៀតផង។

ដូច្នេះ ​មហាសេដ្ឋី​រូបនេះ ​​​ហាក់​ប្រឹងធ្វើ​​​​យ៉ាងណា​ជំរុញ​​​រដ្ឋាភិបាល​ចំរុះ​​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ ហង់រីកូ លេតា ​ធ្លាក់​ក្នុង​វិបត្តិ ដើម្បី​អោយ​អ៊ីតាលី​​អាច​រៀបចំ​ការ​បោះឆ្នោត​​ឡើងវិញ មុនពេលកំណត់។ ​ កាលពី​ថ្ងៃ​២៥កញ្ញា លោកបាន​បញ្ជា​​សមាជិក​សភា​១៨៨រូប​ ក្នុង​គណបក្ស​ស្តាំនិយម​របស់​លោក ​ចាកចេញ​ពីតំណែងសភា ប្រសិន​បើនៅថ្ងៃ​៤តុលា ស្អែកនេះ ​គណៈកម្មការ​ព្រឹទ្ធសភា​ ទទួលបន្ទុក​សំណុំរឿង​លោក សំរេច​ចិត្ត​ដករូបលោក​ចេញ​ពី​សភាជាន់ខ្ពស់។  

បើយើង​មើលអោយ​ដិតដល់ទៅ ​​លោកប៊ែរលូស្កូនី ហាក់​សំអាង​ថា ដោយសារតែ​លោក​ជា​ស្ថាបនិកបក្ស ជា​ម្ចាស់​បក្ស ដូច្នេះ រាល់សមាជិក​ដែលនៅក្នុង​បក្ស​របស់​លោក ត្រូវ​តែ​គោរពតាម​លោក ចុះចេញពីរដ្ឋាភិបាល​ចំរុះ ទោះ​ជា​ពេលនេះ​ស្ថានភាព​ជាតិ ធ្លាក់ទៅដល់​ណា​ក៏ដោយ​ចុះ អោយ​តែ​លោក​នៅតែ​រក្សា​សិទ្ធិអំណាច​ក្នុងព្រឹទ្ធសភាអ៊ីតាលីបាន។

បើយើង​ក្រលេក​មើល​តំណែង​របស់​រដ្ឋមន្ត្រី​ទាំង៥រូប ដែលបាន​​ចុះចេញ​ពី​ជួររដ្ឋាភិបាល​តាមសំណូមពរ​របស់​លោកប៊ែរលូស្កូនី ទៀតសោត​ ​គឺ​សុទ្ធតែជាតំណែង​ក្នុង​ក្រសួង​សំខាន់ៗ​ ​ដូចជា​​ ​ក្រសួងមហាផ្ទៃ ​ការពារជាតិ​ ​ដឹកជញ្ជូន ​សុខាភិបាល​ជាដើម។ ដូច្នេះ ការសុំអោយ​ពួកគេ​បោះបង់​តំណែងនេះ​ចោល​ ហាក់​ដូច​ជា​​​​​​មិនសម​ហេតុផល​សោះឡើយ រឹតតែ​បានក្បត់​​​ឆន្ទៈ​​​​អ្នកបោះឆ្នោត​ដែល​បានគាំទ្រ​គណបក្ស​​លោកប៊ែរលូស្កូនី​ទៀតផង។ ពិសេស​​នៅពេលនេះ ​​​អ៊ីតាលី ជា​​មហាអំណាចសេដ្ឋកិច្ច​ទី៣​ក្នុងតំបន់​អឺរ៉ូនេះ ​កំពុង​​​ប្រឈម​​ទៅនឹង​បញ្ហាជាច្រើន ដូច​ជា​ភាពគ្មានការងារធ្វើ​របស់​ប្រជាជន​ដែល​បាន​ឡើងដល់អត្រា​១២,២ភាគរយ​ជាដើម។ ​​

នៅពេលនេះ ក្បាច់​កាច់​បំបាក់​រដ្ឋាភិបាល​របស់​លោកប៊ែរលូស្កូនី​ បាន​ប្រែ​មក​ខាំ​ត្របាក់​រូបលោកវិញហើយ ប្រៀបបាន​នឹង​កាំបិត​ចិតដង​ឯង ដូច្នោះដែរ។ បក្ស​ស្តាំនិយម​របស់​លោកបាន​បែកបាក់គ្នា សមាជិក​គណបក្សដែលធ្លាប់​គាំទ្រ​​លោកជាច្រើន​រូប​ខកចិត្ត​ចំពោះទង្វើ​ហួសហេតុ​ និង​​ទំនើងចិត្ត​របស់​មេបក្ស​ខ្លួន។ ពួកគេ​ចង់​ប្រែចិត្ត​ទៅ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​​​នាយករដ្ឋមន្ត្រី​ លេតា ទៅវិញ។ ​រដ្ឋមន្ត្រី​ទាំង​៥រូប ​ដែល​បាន​ចុះពីតំណែង​នោះ បាន​​ប្រាប់ថា ចង់ឃើញ​មុខមាត់បែប​ផ្សេងមួយទៀត​របស់​បក្ស​ខ្លួន។ ​​មេដឹកនាំ​សំខាន់​ទីពីរនៃគណ​បក្ស គឺលោក អាន់ចឺលីណូ អាល់ហ្វាណូ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លាលែងពីតំណែងនោះ បាន​សុំអោយ​សមាជិក​បក្ស​ទាំងអស់បោះឆ្នោត​​​​ផ្តល់ទំនុកចិត្ត​​ដល់​នាយករដ្ឋមន្ត្រី​ឆ្វេងនិយម​វិញ។

សមាជិក​បក្ស​លោកប៊ែរលូស្កូនី មួយចំនួន​​ថែមទាំង​ចង់​បង្កើត​ក្រុមមាន​មតិ​ដាច់​ដោយឡែក​មួយ​​​​ ទៀតផង។ ដូច្នេះ ​ទំនើងចិត្ត​របស់មេដឹកនាំ​​នេះ ​ធ្វើ​អោយ​គណបក្ស​ប្រជាជន​នៃសេរីភាព​ ស្ទើរតែ​បែកប្រេះ​ជាពីរ ជាបី​ទៅហើយ។

ប្រហែល​ជាដោយសារឃើញ​បញ្ហា​អស់នេះ​ហើយ ទើប​​នៅថ្ងៃពុធម្សិលមិញ​នេះ នៅនាទី​ចុងក្រោយ​​មុនពេល​បោះឆ្នោត​ផ្តល់សេចក្តី​ទុកចិត្ត​ដល់​នាយករដ្ឋមន្ត្រី​លេតា លោក​ប៊ែរលូស្កូនី បាន​ប្តូរ​​​ជំហរ​​​​មកវិញ។ លោកបាន​ប្រកាស​ថា លោកនិង​បក្ស​លោក​បានសំរេច​​បោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត​ដល់​លោកលេតា ព្រោះថា លោកលេតា​ បាន​សន្យា​ថា និង​បន្ថយពន្ធ​ការងារ និង​អាច​សំរេច​អោយ​មានទណ្ឌកម្ម​ប្រឆាំង​ចៅក្រម ដែល​រំលោភ​និតិវិធី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI