អានតួអត្ថបទ
ភូមា

លោកស្រី អ៊ុង សានស៊ូជី៖« ខ្ញុំ​មាន​សុទិដ្ឋិនិយម តែ​ប្រយ័ត្នប្រយែង​ចំពោះ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ថ្មី​នៅ​ភូមា »

ជំនួប​លើកទី១​រវាង​លោកស្រី អ៊ុង សានស៊ូជី និង​មន្រ្តី​រដ្ឋាភិបាល​ភូមា
ជំនួប​លើកទី១​រវាង​លោកស្រី អ៊ុង សានស៊ូជី និង​មន្រ្តី​រដ្ឋាភិបាល​ភូមា Reuters
១៥ នាទី

នៅ​ក្នុង​កិច្ចសន្ទនាផ្តាច់មុខ​មួយ​ដែល​ប្រមុខ​បក្ស​ប្រឆំាង​នៅ​ភូមា​បាន​ផ្តល់​ឲ្យ AFP លោកស្រី អ៊ុង សានស៊ូជី​បាន​កត់សម្គាល់​ឃើញ​ថា ប្រទេស​ភូមា​ហាក់​ដូច​ជា​កំពុង​បោះជំហាន​ចូល​ទៅ​ក្នុង​សករាជ​កំណែទម្រង់​មួយ​ប្រកប​ដោយ​សុទិដ្ឋិនិយម ក្រោយ​ពី​បាន​គ្រប់គ្រង​ដោយ​របប​យោធា​អស់​កន្លះ​សតវត្ស​មក។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោកស្រី​ជ័យលាភី​រង្វាន់ណូបែល​សន្តិភាព​រូប​នេះ​បាន​បញ្ជាក់​ថា ដំណើរផ្លូវ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ និង​ប្រកប​ដោយ​ចិរភាព​ស្ថិត​នៅ​វែងឆ្ងាយ និង​មិន​អាច​ទៅ​ដល់ ដោយ​ប្រើ​អំពើ​ហិង្សា​នោះ​ទេ។

ផ្សាយពាណិជ្ជកម្ម

« យើង​នៅ​មិន​ទាន់​មាន​សេរីភាព​ពេញ​បរិបូណ៌​ទេ តែ​ពិត​ជា​មាន​ការ​ផ្លាស់ប្តូរ​ប្រកប​ដោយ​វិជ្ជមាន » នេះ​ជា​ការ​អះអាង​របស់​លោកស្រី អ៊ុង សានស៊ូជី នៅ​កិច្ចសន្ទនា​ផ្តាច់មុខ​មួយ​ឲ្យ AFP រៀប​ចំ​នៅ​ក្នុង​ទីស្នាក់ការ​កណ្តាល​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ។ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​របបសឹក​រំលាយ​ចោល​នៅ​មុន​ការ​បោះឆ្នោត​ក្នុង​ខែ​វិច្ឆិកា ឆ្នំា ២០១០ កន្លង​ទៅ និង​ដែល​លោកស្រី អ៊ុង សានស៊ូជី​បាន​ផ្តើម​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ភូមា​កាល​ពី ២០ឆ្នំា​មុន។ លោកស្រី​បាន​ប្រកាស​ទទួល​ស្គាល់​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី​ភូមា ថេន សេន ដែល​បាន​ផ្តើម​ឲ្យ​មាន​កំណែទម្រង់​មួយ​នំា​ភូមា​ឆ្ពោះ​ទៅ​កាន់​របបប្រជាធិបតេយ្យ។ ក៏​ប៉ុន្តែ រឿង​ដែល​លោក ថេន សេន​អាច​នឹង​សម្រេច​បាន ឬ​មិន​បាន​នោះ ជា​រឿង​មួយ​ដែល​ទំាង​អស់​គ្នា​ត្រូវ​រង់​ចំា​មើល។

ការ​ហ៊ាន​អះអាង​របៀប​នេះ​របស់​លោកស្រី អ៊ុង សានស៊ូជី​បាន​ធ្វើ​ឡើង បន្ទាប់​ពី​របប​ថ្មី​នៅ​ភូមា​បាន​ហុច​​ដៃ​ទៅ​រក​គណបក្ស​ប្រឆំាង ពិសេស​គឺ​រូប​លោកស្រី អ៊ុង សានស៊ូជី​ផ្ទាល់​តែ​ម្តង។ ជាក់ស្តែង លោកស្រី​ស៊ូជី​បាន​ចេញ​ទៅ​ធ្វើ​សកម្មភាព​នយោបាយ​លើកទី១ នៅ​ក្រៅ​ទីក្រុង​រ៉ង់ហ្គូន​ប្រកប​ដោយ​ជោគជ័យ និង​ត្រូវ​បាន​រដ្ឋអំណាច​យល់ព្រម​ទទួល​ជួប​រហូត​ដល់​ទៅ ៣ដង។ ២ដង ជួប​ជាមួយ​លោក​រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​ចុង​ក្រោយ​ជាមួយ​លោក​ប្រធានាធិបតី ថេន សេន។ ជា​ការ​ពិត គេ​គ្មាន​ព័ត៌មាន​លំអិត​ជុំវិញ​ជំនួប​នោះ​ទេ ប៉ុន្តែ​លោកស្រី ស៊ូជី​បាន​អះអាង​ថា ជំនួប​បាន​ប្រព្រឹត្ត​ទៅ ដោយ​រលូន និង​មាន​ចំណុច​ជា​ច្រើន​ដែល​យើង​បាន​យល់​ស្រប​គ្នា។

ក្រៅ​ពី​ការ​ទទួល​ស្គាល់​នូវ​​ឆន្ទៈ​ចង់​ធ្វើ​កំណែទម្រង់​ប្រទេស​ពិតប្រាកដ​របស់​រដ្ឋាភិបាល​ថ្មី លោកស្រី អ៊ុង សានស៊ូជី​ក៏​បាន​អំពាវនាវ​ឲ្យ​ដំណើរការ​នេះ​ប្រព្រឹត្ត​ទៅ ដោយ​អហិង្សា នោះ​បើ​ទោះបី ជា​ត្រូវ​ប្រើ​ពេល​វេលា​យូរ​ក៏​ដោយ។ លោកស្រី ស៊ូជី​ចង់​និយាយ​សំដៅ​លើ​មហា​ចលនា​មហាជន​ភូមា​អហិង្សា​ក្នុង​ឆ្នំា ១៩៨៨ និង ២០០៧ ដែល​ត្រូវ​បាន​របបសឹក​​វាយបង្រ្កាប​យ៉ាង​ហិង្សា។ សម្រាប់​លោកស្រី អ៊ុង សានស៊ូជី ការ​សងសឹក​គ្នា​ទៅ​វិញ ទៅ​មក ទោះ​បី​ជា​ធ្វើ​ឡើង​នៅ​ក្រោម​រូបភាព​ណា​ក៏​ដោយ មិន​មែន​ជា​ដំណោះស្រាយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ