អ៊ុងសាន់ស៊ូជី៖ភូមាពុំមែនជាទីលានប្រយុទ្ធរវាងប៉េកាំងនិងវ៉ាស៊ីនតោនទេ
ចុះផ្សាយនៅថ្ងៃ៖
ជ័យលាភីរង្វាន់ណូបែលសន្តិភាពលោកស្រីអ៊ុងសាន់ស៊ូជីនៅថ្ងៃសុក្រ១មិថុនានេះបានព្រមានចិននិងសហរដ្ឋអាមេរិកថា ”ភូមាពុំមែនជាទីតាំងយុទ្ធសាស្ត្រនយោបាយសំរាប់ការប្រជែងឥទ្ធិពលដាក់គ្នានោះទេ។ ឥឡូវនេះ មតិសាធារណៈ កំពុងតែចោទសួរថា តើភូមានឹងត្រូវប្រកាន់ជំហនយោបាយបែបណា? បើសិនជាភូមាងាកខ្លាំងទៅខាងអាមេរិកនោះទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងភូមានិងចិននឹងត្រូវប៉ះពាល់ជាមិនខាន-នេះជាការថ្លែងបញ្ជាក់របស់លោកស្រីស៊ូជីប្រមុខបក្សប្រឆាំងភូមានៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងបាងកក។
ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ីបូព៌ានៅទីក្រុងបាងកក ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់ខ្លួននៅឯបរទេសនារយៈពេល២៤ឆ្នាំចុងក្រោយនេះ លោកស្រីអ៊ុងសាន់ស៊ូជី បានសំដែងក្តីព្រួយបារម្ភយ៉ាងខ្លាំង អំពីអនាគតប្រទេសភូមានៅខណៈដែលប្រទេសមហាអំណាចទាំងពីរ « ចិននិងអាមេរិក » ប៉ុនប៉ងយកភូមាធ្វើជាទីលានយុទ្ធសាស្រ្តនយាបាយដ៏សំខាន់របស់ពួកគេក្នុងការប្រជែងឥទ្ធិពលដាក់គ្នា។
«ប្រទេសភូមា មិនត្រូវស្ថិតនៅក្នុងករណីដូចខាងលើនេះទេ តែគួរជាតំបន់មួយប្រកបដោយសុខដុមរមនាសំរាប់ប្រទេសមហាអំណាចទាំងពីរ"-នេះជាការថ្លែងបញ្ជាក់របស់លោកស្រីអ៊ុងសាន់ស៊ូជី ដោយបានសង្តត់ធ្ងន់ទៀតថា «ប្រទេសភូមានិងប្រទេសចិន ជាប្រទេសភូមិផងរបងមួយដ៏ល្អតាំងពីយូរឆ្នាំកន្លងមកហើយ"។
មួយវិញទៀត ប្រទេសចិន បានធ្វើវិនិយោគទុនមុនគេបង្អស់នៅភូមានិងបានទិញជាពិសេសប្រេងឥន្ធនៈនិងឧស្ម័នធម្មជាតិភូមា ដោយថែមទាំងបាននាំចូលផលិតផលចិនយ៉ាងច្រើនឥតគណនា មកក្នុងទីផ្សារប្រទេសភូមា។
ជាសំណងវិញ ទីក្រុងប៉េកាំង បានប្រើឥទ្ធិពលរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយក្នុងនាមជាសមាជិកអចិន្ត្រៃយនៃក្រុមប្រឹក្សាសន្តិសុខអសប ដោយបានខិតខំជួយភូមាក្នុងជំនាន់ដឹកនាំដោយរបបសឹកដើម្បីកុំឲ្យជាប់ទណ្ឌកម្មរបស់អសប។
របបសឹក បានរំលាយខ្លួននៅខែមីនា២០១១ និងបានផ្តល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលភូមា ដែលសមាជិកសុទ្ធតែជាអតីតមេយោធា កាន់កាប់វិញ។ រដ្ឋាភិបាលថ្មីភូមានេះ បានខិតខំធ្វើកំណែទម្រង់យ៉ាងសម្បើមអស្ចារ្យនៅក្នុងប្រទេសនិងបានជួយលើកទឹកចិត្តប្រមុខបក្សប្រឆាំងលោកស្រីស៊ូជី ឲ្យវិលត្រឡប់ចូលមកប្រឡូកក្នុងឆាកនយោបាយវិញ រហូតដល់ក្លាយជាអ្នកតំណាងរាស្ត្រភូមាចាប់តាំងពីការបោះឆ្នោតសភាមួយភាគនៅខែមេសាកន្លងផុតទៅ។
ម្យ៉ាងទៀត នៅខែកញ្ញាឆ្នាំទៅមិញ លោកប្រធានាធិបតីភូមាថេនសេនក៏បានធ្វើឲ្យគេភ្ញាក់ផ្អើលមិនតិចដែរ ដោយលោកបានជូនដំណឹង អំពីការលើកផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គីសនីមួយដែលមានតម្លៃប្រមាណជា ៣៦០០លានដុល្លារនិងដែលផ្តល់ហិរញ្ញប្បទានដោយប្រទេសចិន បន្ទាប់ពីមានបាតុកម្មប្រឆាំងយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋភូមា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ