ភូមា

​អ៊ុង ​សាន់ស៊ូជី​ចាប់​ផ្តើម​ចុះ​ឈ្មោះ​ជា​ផ្លូវការ​សំរាប់​​ការ​បោះឆ្នោត​សភា​ថ្ងៃ​១​មេសា​២០១២​

លោក​ស្រី​អ៊ុង​ សានស៊ូជី​​ឈរ​​សើច​ញញឹម​នៅ​ចំពោះ​មុខ​​បក្សព័ន្អ​គាំទ្រ​របស់​គាត់​​នៅ​ទី​ក្រុង​រ៉ង់ ហ្គូន​​
លោក​ស្រី​អ៊ុង​ សានស៊ូជី​​ឈរ​​សើច​ញញឹម​នៅ​ចំពោះ​មុខ​​បក្សព័ន្អ​គាំទ្រ​របស់​គាត់​​នៅ​ទី​ក្រុង​រ៉ង់ ហ្គូន​​ REUTERS/Soe Zeya Tun

នៅ​​​ថ្ងៃ​​​​ពុធ​​​១៨​​​មករា​​​២០១២​​​នេះ​​ ប្រធាន​​​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​ភូមា​​​លោកស្រី​ ​​អ៊ុង​ សាន់​ស៊ូជី​​ បាន​​ចុះ​ឈ្មោះ​ជា​ផ្លូវការ​​នូវ​​​បេក្ខភាពខ្លួន​​​​​​សំរាប់​​ការ​​បោះឆ្នោត​​​​សភា​​​នៅ​​ថ្ងៃ​​​​១​​មេសា ​​២០១២​​ខាង​​មុខ​​​នៅ​​​​មណ្ឌល​​បោះ​ឆ្នោត​​នៅ​​​Kawhmu​​ជិត​​ទីក្រុង​​រ៉ង់ហ្គូន​។ តំបន់ Kawhmu​នេះ​​ដែល​បាន​​​ទទួល​​រង​​អន្តរាយ​​​​ដោយ​​ខ្យល់​ព្យុះសង្ឃរា ​Nargis​នៅ​​ឆ្នាំ​​២០០៨ ​និង​​ដែល​​បាន​​សម្លាប់​​ជីវិត​​មនុស្ស​​ចំនួន​ ១៣​​ម៉ឺន​​៨០០០​​នាក់។

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ពុធ​ទី​១៨​មករា​២០១២​នេះ លោកស្រីអ៊ុងសាន់ស៊ូជី គឺ​​ជា​សមាជិក​ទី​មួយ​នៃ​គណបក្ស​សម្ព័ន្ធជាតិ​​ ដើម្បី​លទ្ធិ ​ប្រជាធិបតេយ្យ  ​LND ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​សំរាប់​ការ​បោះ​ឆ្នោត​​នៅថ្ងៃទី១​មេសាខាងមុខ​​ -នេះ​ជា ការ​បញ្ជាក់​របស់​លោក Win Htein​ កម្មាភិបាល​គណបក្ស LND។ គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​ ស្រ្តី ដ៏​ល្បី​ឈ្មោះ​របស់​ទីក្រុង​រ៉ង់ហ្គូន​ បាន​​ចុះឈ្មោះ​ចូល​រួម​បោះឆ្នោត​​សភា។

គួររំលឹកថា លោកស្រី អ៊ុង​សាន់ស៊ូជី ត្រូវ​ជាប់ឃុំឃាំងក្នុងលំនៅឋាន ​​តាំងពីពេល​បោះ​ឆ្នោត​សភា​នៅ​​ឆ្នាំ​១៩៩០​ដែលជំនាន់នោះ គណបក្ស LND ​​បាន​ដណ្តើម​​ជ័យជំនះ​ដ៏​ត្រចះ​ត្រចង់​​ ដោយបានទទួល អាសនៈ ចំនួន ៣៩២​ក្នុង​ចំណោមអាសនៈទាំងអស់នៅក្នុង​រដ្ឋសភា​​ចំនួន​៤៨៥​អាសនៈ។ ជាហេតុធ្វើឲ្យ​របបសឹក​ភូមា អាម៉ាស់មុខយ៉ាងខ្លាំងមហិមានិង​មិន​ព្រម​ទទួល​ស្គាល់​​ជ័យជំនះ​ដ៏ធំធេង​របស់​គណបក្ស​ LND របស់​លោកស្រីអ៊ុង សាន់ស៊ូជី​ទេ។

ចំណែក លោកស្រី អ៊ុងសាន់ស៊ូជី វិញ ​ទើប​ត្រូវបាន ​របបសឹកដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​​​ថ្ងៃទី​១៣​វិច្ឆិកា​គឺមួយសប្តាហ៍ក្រោយពី ការបោះឆ្នោត​សភា​នៅ​ឆ្នាំ​២០១០​ ដែល​​​ជា​​​ការ​បោះ​ឆ្នោតលើកទីមួយចាប់តាំងពី២០ឆ្នាំកន្លងមកនៅភូមា។

​ ការបោះឆ្នោត​ដែល របបសឹក​ បាន​ទទួល​ជោគជ័យ​យ៉ាងគគ្រឹកគគ្រេង​ តែ​គណបក្ស​ប្រឆាំង​ភូមា ចាត់​ទុក​ថា ដំណើរការបោះឆ្នោត​នោះ​​​ គ្រាន់​តែ​ជា​ការ​បំភាន់មតិ​សាធារណជន​ ​និង​មាន​គោល​ដៅ​​បង្កើត​ប្រព័ន្ធ​មួយ​ដែល​ភាគ​ច្រើន​​ជា​ពួក​​កងទ័ព​ដឹកនាំ​ដោយ​ពួកឧត្តម​សេនីយ​និង​ទាំង​​​​ដៃ​​ជើង​របស់​ពួក​គេ​​ប៉ុណ្ណោះ។

តាំងពីនោះមក របបសឹកដែលកាន់អំណាចជិត​ពាក់កណ្តាលសតវត្សរ៍​នោះ​ បាន​រំលាយ​ខ្លួន​ចោល និងបានផ្ទេរ អំណាចនៅខែមីនា​២០១១​ឲ្យ​ដល់​​រដ្ឋាភិបាល​​មួយ​​ដែល​​ខ្លួន​ឲ្យ​ឈ្មោះ​ថា​ « រដ្ឋាភិបាលស៊ីវិល "​ដែល​សមាជិក​សុទ្ធ​តែ​ពួក​យោធាដដែល។ រដ្ឋាភិបាលថ្មីនេះ​ដឹកនាំដោយ​លោកប្រធានាធិបតី ថេនសេន បានធ្វើ​កំណែ​ទម្រង់​យ៉ាងច្រើន អស្ចារ្យ ក្នុង​អំឡុងពេល​ប៉ុន្មាន​ខែ​ចុងក្រោយនេះ។ មិន​តែ​ប៉ុណ្ណោះ រដ្ឋាភិបាលស៊ីវិលនេះបាន​ដោះលែងអ្នកទោស​នយោបាយ​​​ភូមា​ ចំនួនជាច្រើនទៀត និង អនុញ្ញាត ជាពិសេស​ឲ្យ​លោកស្រីអ៊ុងសាន់ស៊ូជី បាន​ចូល​​មក​ប្រឡូកក្នុង​ឆាកនយោបាយវិញ ។

លោកស្រីស៊ូជី បានសំរេចចិត្តឈរឈ្មោះ​ជាបេក្ខនារីក្នុងការ​បោះឆ្នោត​សភា​ភូមា នៅ​ ​​ថ្ងៃទី​១​មេសា​២០១២ ដែល ធ្វើការ​ជ្រើសរើស សមាជិកសភាទាំងពីរ​និង​សភាតំបន់​ ចំនួន៤៨​អាសនៈ -កៅអីដែលនៅសល់ទំនេរ​ ដោយសារ​អ្នក​តំណាង​រាស្រ្ត ទាំងនោះ​ បានក្លាយ​ទៅ​ជា​រដ្ឋមន្រ្តី។​

នៅ​ខណៈដែល​លោកខាងលិច​អបអរសាទរចំពោះ កំណែ​ទម្រង់​នានា​នៅភូមា​​ តែ​នៅ​រក្សា​ការ​ប្រុងប្រយ័ត្នរបស់ខ្លួននោះ បាន​អំពាវនាវ ​ភូមា​ឲ្យ​រៀបចំការ​បោះ​ឆ្នោត​​មួយ ​សមស្រប​ទៅតាម​និយាម​​ប្រជាធិបតេយ្យអន្តរជាតិ ដែល​ជា​គោលការណ៍​​​មួយដ៏សំខាន់​សន្យាដោយ​រប​ប​ភូមា​ថ្មី។​
 

នៅថ្ងៃចន្ទ១៦មករាមុននេះ​លោក Shwe Mann ប្រធានរដ្ឋសភា​និង អតីត​មេ​ដឹកនាំ​យោធា​ទី​៣​នៃ​របបសឹក​ នាឱកាសជួបសន្ទនា ដាច់មុខជា មួយ ទីភ្នាក់ងារព័ត៌មាន AFP បានសន្យាថា លោក​ធានា ​​អះអាង​ថា​ការ​បោះឆ្នោត​​នៅថ្ងៃទី១​មេសាខាងមុខ នឹង​ប្រព្រឹត្តទៅដោយសេរីនិង​យុត្តិធម៌។ « ប្រសិនបើ លោកស្រីអ៊ុងសាន់ស៊ូជីឈ្នះឆ្នោតនៅ​លើក​នេះ​ នោះ​ជា​ឱកាសល្អមួយ​ដែល​យើង​អាច​ជួបពិភាក្សា​និង​ធ្វើការ​ជាមួយគ្នា » នេះជាការបន្ថែមរបស់លោកប្រធានរដ្ឋសភាភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI