លោកស្រី អ៊ុងសាន ស៊ូជី ជួបពិភាក្សាជាមួយលោកប្រធានាធិបតីបារាំងនៅវិមានអេលីហ្សេ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ នៅថ្ងៃអង្គារទី២៦មិថុនាម្សិលមិញ បានទទួលយ៉ាងរាក់ទាក់និងយ៉ាងអ៊ឹកអធិក លោកស្រី អ៊ុងសាន ស៊ូជី ប្រមុខបក្សប្រឆាំងភូមានិងជានិមិត្តរូបនៃប្រជាធិបតេយ្យភូមា។ ទស្សនកិច្ចចំនួនបីថ្ងៃនៅប្រទេសបារាំងរបស់ លោកស្រី អ៊ុងសាន ស៊ូជី គឺជាដំណាក់ការចុងក្រោយនៃទស្សនកិច្ចរបស់លោកស្រីនៅអឺរ៉ុបពោរពេញដោយជោគជ័យដ៏ធំធេង។
លោកស្រី អ៊ុងសាន ស៊ូជី ប្រមុខបក្សប្រឆាំងភូមានិងជានិមិត្តរូបនៃប្រជាធិបតេយ្យភូមា បំពេញទស្សនកិច្ចចំនួនបីថ្ងៃនៅប្រទេសបារាំង ចាប់តាំងពីថ្ងៃអង្គារទី២៦មិថុនា។ នៅយប់ថ្ងៃអង្គារម្សិលមិញ លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់បានរៀបចំទទួលជប់លៀងសាយភោជន៍នៅវិមានប្រធានាធិបតីអេលីហ្សេដោយមានការចូលរួមពីសំណាក់លោកនាយករដ្ឋមន្ត្រីបារាំង Jean-Marc Ayrault ហើយនិងឥស្សរជនសំខាន់ៗជាច្រើនទៀត មានជាអាទិ៍ អ្នកនិពន្ធបារាំងដ៏ល្បី លោក Stéphane Hessel និងសមិទ្ធិការិនី Agnès Varda។ ប៉ុន្តែ មុនពិធីជប់លៀង លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ បានពិភាក្សាជាមួយលោកស្រី អ៊ុងសាន ស៊ូជី ប្រមុខបក្សប្រឆាំងភូមាប្រមាណជាងកន្លះម៉ោង។
ប្រទេសបារាំងបានក្រាលព្រំក្រហមទទួល លោកស្រី អ៊ុងសាន ស៊ូជី ជ័យលាភីរង្វាន់ណូបែលសន្តិភាព។ តាមធម្មតា ការរៀបចំទទួលយ៉ាងអ៊ឹកអធិកបែបនេះ គឺគេរៀបចំសម្រាប់តែទទួលប្រមុខរដ្ឋតែប៉ុណ្ណោះ ប៉ុន្តែទាំងនេះក៏ពីព្រោះតែប្រទេសបារាំងចង់ផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជូនលោកស្រី អ៊ុងសាន ស៊ូជី ដែលជានិមិត្តរូបនៃប្រជាធិបតេយ្យភូមា។
ក្រោយពីមានកិច្ចសន្ទនា លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ និង លោកស្រី អ៊ុងសាន ស៊ូជី ប្រមុខបក្សប្រឆាំងភូមា បានធ្វើសន្និសីទកាសែតរួមគ្នាមួយនៅវិមានអេលីហ្សេ។ នាឱកាសនោះ លោកប្រធានាធិបតីបារាំងបានថ្លែងជាអាទិ៍ថា ប្រទេសបារាំងគាំទ្ររាល់តួអង្គដែលជួយជំរុញឲ្យប្រទេសភូមាឈានទៅដល់លទ្ធិប្រជាធិបតេយ្យ ហើយប្រទេសបារាំងនឹងធ្វើយ៉ាងណាឲ្យអភិក្រមប្រជាធិបតេយ្យភូមាឈានដល់ទិសដៅរបស់ខ្លួន។ ទាំងនេះបានសេចក្តីថា ធ្វើយ៉ាងណាឲ្យប្រទេសភូមាក្លាយទៅជាប្រទេសគោរពលទ្ធិប្រជាធិបតេយ្យពេញលេញ។ លោកប្រធានាធិបតីបារាំងបានទាំងគូសបញ្ជាក់ទៀតថា លោកបានត្រៀមលក្ខណៈនឹងទទួលលោកប្រធានាធិបតីភូមា ថេន សេន នៅប្រទេសបារាំង បើប្រសិនជាលោក ថេន សេន “ចង់អញ្ជើញមកប្រទេសបារាំង”។
នាឱកាសទស្សនកិច្ចរបស់លោកស្រី អ៊ុងសាន ស៊ូជី នៅប្រទេសបារាំង លោកស្រីប្រមុខបក្សប្រឆាំងភូមាដែលមានអាយុ៦៧ឆ្នាំនឹងមានជំនួបពិភាក្សាជាមួយលោកប្រធានរដ្ឋសភាបារាំង លោកប្រធានព្រឹទ្ធសភា និងលោកអភិបាលក្រុងប៉ារីស។ ហើយអភិបាលក្រុងប៉ារីសលោក Bertrand Delanoë នឹងផ្តល់កិត្តិយសជូនលោកស្រីអ៊ុងសានស៊ូជីជា “បុរីជនកិត្តិយសនៃទីក្រុងប៉ារីស”ផងទៀត។ បន្ទាប់មក លោកស្រីនឹងមានជំនួបជាមួយអង្គការក្រៅរដ្ឋាភិបាល និងជាមួយនិស្សិតនៅមហាវិទ្យាល័យស័របូន។
លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ ក៏បានសង្កត់បញ្ជាក់ទៀតថា ប្រទេសបារាំងនឹងមានការប្រុងប្រយ័ត្នជានិច្ចក្នុងវិស័យ “តម្លាភាព” ហើយនិង “ការប្រព្រឹត្តដោយត្រឹមត្រូវ” របស់សហគ្រាសបារាំងដែលទៅបោះទុនធ្វើវិនិយោគនៅក្នុងប្រទេសភូមា។
បន្ទាប់មក ប្រមុខបក្សប្រឆាំងភូមា លោកស្រី អ៊ុងសាន ស៊ូជី បានថ្លែងអំពាវនាវនៅថ្ងៃអង្គារម្សិលមិញឲ្យសហគ្រាសនៃប្រទេសលោកខាងលិចចូលទៅបោះទុនធ្វើវិនិយោគនៅប្រទេសភូមា ដើម្បីជួយពង្រឹងគ្រឹះមូលដ្ឋានប្រជាធិបតេយ្យភូមា ដោយថ្លែងពន្យល់ថា “យើងត្រូវការលទ្ធិប្រជាធិបតេយ្យដូចយើងត្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ប៉ុន្តែ ការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវយកមកជួយពង្រឹង គ្រឹះមូលដ្ឋានប្រជាធិបតេយ្យ អភិវឌ្ឍនយោបាយ និងសង្គមរបស់ប្រទេសភូមា”។ នេះជាសេចក្តីថ្លែងប្រកាសរបស់ លោកស្រី អ៊ុងសាន ស៊ូជី ប្រមុខបក្សប្រឆាំងនិងជានិមិត្តរូបនៃប្រជាធិបតេយ្យភូមា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ