នាយករដ្ឋមន្ត្រីអូស្ត្រាលីគំរាមសងសឹកឥណ្ឌូណេស៊ីរឿងប្រហារជីវិត
ប្រជាជនអូស្ត្រាលីរាប់លាននាក់ទៅជា«ឈឺ»ដោយសារតែការប្រហារជីវិតរបស់ជនរួមជាតិខ្លួន២នាក់ ដែលនឹងត្រូវធ្វើក្នុងពេលឆាប់ៗ នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះជាការថ្លែងរបស់លោកតូនី អាបុត (Tony Abbott) នៅថ្ងៃអាទិត្យនេះ។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីព្រមានថានឹងឆ្លើយតបតាមរយៈការទូតដ៏ម៉ឺងម៉ាត់មួយ ចំពោះទង្វើនោះ។
ចុះផ្សាយនៅថ្ងៃ៖
ការប្រហារជីវិតបុរសពីរនាក់ម្នាក់ឈ្មោះ អេនឌ្រូ ចាន់ (Andrew Chan) និងម្នាក់ទៀតឈ្មោះ មីយូរ៉ាន ស៊ុគុម៉ារ៉ាន (Myuran Sukumaran) មិនទាន់កំណត់ថ្ងៃទេ ប៉ុន្តែអាជ្ញាធរឥណ្ឌូណេស៊ីបានថ្លែងថា រដ្ឋាភិបាល របស់អ្នកទោសដែលនឹងត្រូវសម្លាប់នោះ ត្រូវបានកោះហៅឱ្យទៅពិភាក្សានៅឯក្រសួងការបរទេស នាថ្ងៃចន្ទ។
ក្នុងនាមជាមេដឹកនាំក្លិបឈ្មោះ បាលី ណាញ (Bali Nine) ដែលជួញអាភៀនពីកោះបាលីរបស់ឥណ្ឌូណេស៊ី ឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី អេនឌ្រូ ចាន់ អាយុ៣១ឆ្នាំ និងស៊ុគុម៉ារ៉ាន អាយុ៣៣ឆ្នាំ កំពុងប្រឈមមុខនឹងការបាញ់សម្លាប់ដោយក្រុមពេជ្ឈឃាដ យ៉ាងយូរនៅដើមសប្ដាហ៍នេះ។
នៅពេលដែលសេចក្តីសង្ឃឹមមានកាន់តែតិចទៅ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានគៀបសង្កត់រដ្ឋាភិបាលទីក្រុងហ្សាការតាជាបន្តបន្ទាប់។ លោក តូនី អាបុត (Tony Abbott) បានថ្លែងតាមទូរទស្សន៍ថា៖ «ប្រជាជនអូស្ត្រាលីរាប់លាននាក់មានអារម្មណ៍ថាឈឺដោយសារតែអ្វីដែលទំនងជានឹងកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ប្រសិនបើការប្រហារជីវិតនោះកើតឡើងមែន ទោះបីជាខ្ញុំសង្ឃឹមថាពួកគេមិនធ្វើក៏ដោយ យើងប្រាកដជានឹងស្វែងរកវិធីយ៉ាងណាធ្វើឱ្យអារម្មណ៍កើតទុក្ខនោះរលាយទៅ»។
កាលពីខែមករា រដ្ឋាភិបាលប្រេស៊ីល និងរដ្ឋាភិបាលហូឡង់ បានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនឱ្យត្រឡប់ចូលប្រទេសវិញ ប៉ុន្តែលោក អាបុត មិនបាននិយាយអំពីអ្វីដែលនឹងអាចជាការឆ្លើយតបរបស់រដ្ឋាភិបាលទីក្រុងកង់ប៊ែរ៉ាទេ។
អ្នកស្រី ជូលី ប៊ីស្សប (Julie Bishop) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី កាលពីសប្តាហ៍មុន បានព្រមានទីក្រុងហ្សាការតាថា ជនជាតិអូស្ត្រាលីអាចនឹងមិនមកកម្សាន្តនៅឥណ្ឌូណេស៊ីទៀត រួមទាំងកោះបាលីដែលជារមណីយដ្ឋានដ៏ប្រជាប្រិយសម្រាប់ទេសចរអូស្ត្រាលីផងដែរ។
លោក តូនី អាបុត ក៏បានរិះគន់ឥណ្ឌូណេស៊ីផងដែរ អំពីការព្យាយាមសង្គ្រោះជីវិតប្រជាជនខ្លួនឱ្យផុតពីការប្រហារជីវិតនៅប្រទេសផ្សេង ក្នុងរឿងគ្រឿងញៀន ប៉ុន្តែបែរជាបដិសេធសំណើររបស់អូស្ត្រាលី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ