កម្ពុជាសម្រេចបញ្ជូនជនជាតិស៊ុយអ៊ែតចេញពីប្រទេស
រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ជូនជនជាតិស៊ុយអ៊ែតម្នាក់ដែលអាជ្ញាធរកម្ពុជាបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍មុនចេញពីប្រទេសកម្ពុជា។ គេនៅមិនទាន់ដឹងថា តើការបញ្ជូនចេញនេះនឹងធ្វើនៅពេលណានោះនៅឡើយទេ។ជនជាតិស៊ុយអ៊ែតអាយុ២៧ឆ្នាំជាសហស្ថាបនិកគេហទំព័រមួយដែលត្រូវតុលាការស៊ុយអ៊ែតកាត់ទោសអោយជាប់ពន្ធនាគារមួយឆ្នាំក្រោមបទចោទរំលោភកម្មសិទ្ធិបញ្ញា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប៉ូលីសកម្ពុជាបានចាប់ឃាត់ខ្លួនជនជាតិស៊ុយអ៊ែតម្នាក់ឈ្មោះ Gottfrid Svartholm Warg អាយុ២៧ឆ្នាំ តាមសំណើរបស់រដ្ឋាភិបាលស៊ុយអ៊ែត។ ជនជាតិស៊ុយអ៊ែតម្នាក់នេះដែលជាសហស្ថាបនិកគេហទំព័រដ៏ល្បីមួយដែលត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាតអោយសមាជិករបស់ខ្លួនអាចទាញយកទិន្នន័យវីដេអូ ចំរៀងដោយមិនខ្វល់ពីតំលៃកម្មសិទ្ធិបញ្ញា ត្រូវបានតុលាការប្រទេសស៊ុយអ៊ែតកាត់ទោសអំពីបទរំលោភកម្មសិទ្ធបញ្ញាកាលពីឆ្នាំ២០០៩។ ពិរុទ្ធជនជនជាតិស៊ុយអ៊ែតម្នាក់នេះដែលបានច្រានចោលការចោទប្រកាន់មិនបានបង្ហាញខ្លួន និងអនុវត្តទោសនោះឡើយ រហូតដល់មានការចាប់ខ្លួននៅកម្ពុជាកាលពីសប្តាហ៍មុនតែម្តង។
ឥឡូវនេះ អាជ្ញាធរកម្ពុជាបានសម្រេចបញ្ជូនជនជាតិស៊ុយអ៊ែតចេញពីប្រទេសកម្ពុជា បន្ទាប់ពីអាជ្ញាធរកម្ពុជាបានជួបជាមួយមន្ត្រីរដ្ឋាភិបាលស៊ុយអ៊ែត។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយឯក គៀត ចន្ទថារិទ្ធ ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពីថ្ងៃអង្គារម្សិលមិញ។ ប៉ុន្តែថា ការបញ្ជូនចេញនោះនឹងត្រូវធ្វើនៅពេលណា គេនៅមិនទាន់ដឹងនៅឡើយទេ។
បើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នគរបាលជាតិដដែល កម្ពុជាពុំមានកិច្ចព្រមព្រៀងបត្យាប័នជាមួយប្រទេសស៊ុយអ៊ែតឡើយ ប៉ុន្តែកម្ពុជានឹងបញ្ជូនជនជាតិស៊ុយអ៊ែតឈ្មោះ Gottfrid Svartholm Warg នេះ ចេញតាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជា។ អ្នកនាំពាក្យប៉ូលីសកម្ពុជាបន្តថា នៅពេលដែលពិរុទ្ធជនស៊ុយអ៊ែតបានចេញផុតពីប្រទេសកម្ពុជាហើយនោះ គឺវាអាស្រ័យលើអាជ្ញាធរស៊ុយអ៊ែតទេថា ត្រូវធ្វើយ៉ាងណាដើម្បីនាំពិរុទ្ធជនរូបនោះទៅប្រទេសស៊ុយអ៊ែតវិញ។
ជនជាតិស៊ុយអ៊ែតរូបនេះជាសហស្ថាបនិកគេហទំព័រឈ្មោះ The Pirate Bay បង្កើតឡើងនៅឆ្នាំ២០០៣ ហើយមានសមាជិករបស់ខ្លួនរហូតដល់៣០លាននាក់។ គេហទំព័រនេះជាកន្លែងដែលអនុញ្ញាតអោយសមាជិករបស់ខ្លួនអាចទាញយកឯកសារបទចម្រៀងកម្មវិធីល្បែងដោយមិនគោរពកម្មសិទ្ធបញ្ញាឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ