កម្ពុជា

ក្រុមមេធាវី​​​អន្តរជាតិ​​​របស់​​​នួន ជា​ ​​ពិចារណា​​​ចាកចេញ​​​ពី​​​សាលាក្តី​​​

សហមេធាវី​​អន្តរជាតិ​​របស់​​នួន ជា ​លោក​ Michiel Pestman​​
សហមេធាវី​​អន្តរជាតិ​​របស់​​នួន ជា ​លោក​ Michiel Pestman​​ © លាងដឺលុច

ទីប្រឹក្សា​ច្បាប់​អន្តរជាតិ​របស់​លោក​នួន ជា​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ថា ពួកគេ​កំពុង​ពិចារណា​អំពី​ការ​លា​ឈប់​ពី​តួនាទី​ជា​មេធាវី​របស់​បង​ធំ​ទី​២។ មូលហេតុ​នោះ​គឺ​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​ចូល​ទៅ​ក្នុង​ដំណើរការ​ក្តី។ ​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ឆ្លើយ​តប​ថា ក្រុម​មេធាវី​បរទេស​គ្រាន់​តែ​ចង់​រកលេស​ចោទ​រដ្ឋាភិបាល​នៅ​ពេល​ដែល​គេ​ចង់​ដើរ​ចេញ​ពី​សាលាក្តី​តែ​ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

 ដូច​លើក​មុនៗ​ដែរ​ សហមេធាវី​​អន្តរជាតិ​​របស់​​នួន ជា ​គឺ​លោក​ Michiel Pestman​​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP​អំពី​ការ​ព្រួយ​បារម្ភ​របស់​លោក​ទាក់ទង​នឹងការ​លូក​ដៃ​ពី​រដ្ឋាភិបាល​ទៅ​ក្នុង​សាលាក្តី។ លោក​Pestman​ថ្លែង​យ៉ាង​ប្រាកដ​ប្រជា​ថា លទ្ធផល​នឹង​ចេញ​មក​តាម​អ្វី​ដែល​រដ្ឋាភិបាល​ចង់បាន។ ប្រសិនបើ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និយាយថា កូន​ក្តី​របស់ខ្ញុំ​ជា​ឃាតករ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​នោះ ក្រុម​ចៅក្រម​ជាតិ​នឹង​ដឹង​ភា្លម​ថា អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ។ ឥឡូវនេះ​បញ្ហា​នៅត្រង់ថា តើ​រយៈពេល​ប៉ុណ្ណា​ដែល​វត្តមាន​របស់ខ្ញុំ​នៅទីនេះ​វា​សមរម្យ​ហើយ​នោះ»?

 
សហ​មេធាវី​អន្តរជាតិ​​ដែល​និយាយ​ក្នុង​នាម​ខ្លួន​ឯង​ផង និង​សហការី​២​នាក់​ទៀត​របស់​លោក​ផង បាន​បន្ត​ថា ពួកគេ​កំពុង​តែ​សួរ​ខ្លួន​ឯង​ថា ហេតុអ្វី​បាន​យើង​នៅ​ទី​នេះ។
ក្រុម​មេធាវី​អន្តរជាតិ​របស់​អតីត​ប្រធាន​រដ្ឋសភា​សម័យ​ខ្មែរក្រហម​នួន ជា​បាន​និយាយថា ការចោទ​ប្រកាន់​នានា​ដែល​ត្រូវ​បាន​ប្រកាស​ប្រឆាំងនឹង​កូនក្តី​របស់​ពួកគេ​នោះ ​គឺជា​ការ​កំណត់​ទុក​មុន ហើយ​ថា​ការ​កាត់ក្តី​នោះនឹង​​ត្រូវ​ធ្វើ​អោយ​ខូច​ដោយសារ​តែ​ចៅក្រម​ខ្វះ​ពិសោធន៍ និង​ការ​ខ្វះ​ឯករាជ្យភាព។

ការ​សម្រេច​លាលែង​ពី​តួនាទី​របស់​សហមេធាវី​អន្តរជាតិ​ណា​មួយ​នោះ មិន​បាន​ធ្វើ​អោយ​រដ្ឋាភិបាល​ខ្វាយខ្វល់​ឡើយ តែ​គេ​មិន​ត្រូវ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ដោយ​មិន​ត្រឹមត្រូវ​នោះ​ឡើយ នេះ​បើ​តាម​អត្ថាធិប្បាយ​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល។ លោក​ទិត សុធា​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ពន្យល់​ថា សហមេធាវី​អន្តរជាតិ​របស់​លោក​នួន ជា​គ្រាន់​តែ​ចង់​ផ្ញើ​សារ​អាក្រក់​បំផ្លាញ​សាលាក្តី​ខ្មែរក្រហម​តែ​ប៉ុណ្ណោះ​នៅ​ពេល​ដែល​ខ្លួន​ចង់​ចាកចេញ​ពី​សាលាក្តី​នេះ​។ លោក​ទិត សុធា​អះអាង​ថា លោក​នាយក​រដ្ឋមន្ត្រី​មិន​ដែល​ដាក់​សម្ពាធ​ទៅ​លើ​តុលាការ​អន្តរជាតិ​នេះ​ម្តង​ណា​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI