អ ស ប

លោកបាន គី មូន​បាន​ទទួល​រងការទិតៀន​រិះគន់​ដោយ​ហេតុ​ពុំបាន​និយាយ​អំពី​សិទ្ធិ​មនុស្ស​ពេល​ស្នាក់នៅ​ប្រទេស​ចិន

លោក​បាន គីមូន ពេល​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន លោក​ហ៊ូ ជិនតាវ ក្នុង​ទីក្រុង​ប៉េកាំង​ នៅ​ចុង​ខែ​តុលា ឆ្នាំ ២០១០
លោក​បាន គីមូន ពេល​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន លោក​ហ៊ូ ជិនតាវ ក្នុង​ទីក្រុង​ប៉េកាំង​ នៅ​ចុង​ខែ​តុលា ឆ្នាំ ២០១០ ©Reuters

លោក​អគ្គលេខាធិការ​អ.ស.ប.​ បាន​ គី​ មូន​ត្រូវ​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ​ Human​ Rights​ Watch​ទិតៀន​រិះ​គន់​ នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​១វិច្ឆិកា​ ដោយ​ហេតុ​ពុំ​បាន​លើក​ឡើង​បញ្ហា​សិទ្ធិមនុស្ស​ ក្នុង​អំឡុង​ពេល​គាត់​ស្នាក់​អាស្រ័យ​នៅ​ប្រទេស​ចិន។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់​វីនស្តុន រតនា

“ការនៅ​ស្ងៀម​ស្ងាត់​របស់​លោក​បាន​ គី​ មូន​ ស្តី​ពី​សិទ្ធិមនុស្ស​បាន​ធ្វើ​ឱ្យ​ប៉ះ​ទង្គិច​អារម្មណ៍​ខ្លាំង​ណាស់​ ជា​ពិសេស​ នៅ​ខណៈ​ដែល​ពួក​អ្នក​ការពារ​សិទ្ធិមនុស្ស​បាន​ទទួល​រង​គ្រោះ​ដោយ​ការគំរាម​សម្លុត​បំភ័យ​បន្លាច​កាន់​តែ​ខ្លាំង​ជាង​នៅ​អតីត​កាល​ទៅ​ទៀត​ “​ ​ -នេះ​ជា​ការគូស​បញ្ជាក់​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​ Human​ Rights​ Watch។

 
“ប្រសិន​បើ​ជា​ការប៉ុន​ប៉ង​ទាក់​ទាញ​សេចក្តី​អនុគ្រោះ​របស់​ប្រទេស​ចិន​ ដើម្បី​យុទ្ធនាការ​ឃោសនា​ជ្រើស​តាំង​ខ្លួន​ឡើង​វិញ​ ​ នោះ​លោក​អគ្គលេខាធិការ​អ.ស.ប.​ អាច​នឹង​បាត់​បង់​ការគាំទ្រ​របស់​ពួក​ជន​ដែល​ចង់​បាន​ចង់​ឃើញ​ជា​អគ្គលេខាធិការ​មួយ​រូប​ដ៏​អង់​អាច​ក្លាហាន​និង​ម៉ឺងម៉ាត់​ស្តី​ពី​បញ្ហា​សិទ្ធិមនុស្ស“។

“​ លោក​បាន​ គី មូន​ដែល​ពុំ​រួញ​រា​ទេ​ ក្នុង​ការសុំ​ឱ្យ​ដោះ​លែង​អ្នក​ប្រឆាំង​នឹង​របប​សឹក​ផ្តាច់​ការ​ភូមា​គឹ​លោក​ស្រី​Aung​ San​ Suu​ Kyi​ ជា​ជ័យ​លាភី​ម្នាក់​ទៀត​នៃ​រង្វាន់​ណូបែល​ផ្នែក​សន្តិភាព​ឆ្នាំ​១៩៩១​ ក៏​ត្រូវ​ធ្វើ​ដូច​គ្នា​នេះ​ដែរ​ សំរាប់​លោក​Liu​ Xiaobo​ ជា​ជ័យ​លាភី​រង្វាន់​ណូបែល​ផ្នែក​សន្តិភាព​ឆ្នាំ​២០១០​នេះ​និង​បាន​ទទួល​ទោស​ជាប់​គុក​១១ឆ្នាំ​ ចាប់​ពី​ខែ​ធ្នូ​ឆ្នាំ​ទៅ​២០០៩​ ពី​បទ​វិទ្ធង្សនា។

ប៉ុន្តែ​សំរាប់​សមាគម​ឈ្មោះ​Asia​ Society​ ​ “​ លោក​បាន​ គី​ មូន​ បាន​ទទួល​រង​សម្ពាធ​ខ្លាំង​ណាស់“។ ”ម្យ៉ាង​ ​ គាត់​ដឹកនាំ​អ.ស.ប.​ ដោយ​យក​ចិត្ត​ទុក​ដាក់​ក្នុង​អភិវឌ្ឍន៍​ជា​សាកល​សិទ្ធិមនុស្ស។ ម្យ៉ាងទៀត ការរក្សា​ទុកគាត់​ឲ្យ​កាន់​មុខ​តំណែង​សព្វថ្ងៃ អាស្រ័យ​ទាំង​ស្រុង​នឹង​ក្រុមប្រឹក្សា​សន្តិសុខ ជា​ពិសេស សមាជិក​អចិន្ត្រៃយ៍​ទាំងប្រាំ រួម​មាន​ទាំង​ប្រទេស​ចិន​ផងដែរ”។

“ការនេះ​ធ្វើ​ឲ្យ​គាត់​ស្ថិតក្នុង​ស្ថានភាព​ដ៏​ពិបាក ពីព្រោះ ប្រសិន​បើ​ប្រទេស​ចិន​បោះឆ្នោត​ប្រឆាំង​នឹង​អាណត្តិ​ទីពីរ​របស់​គាត់ នោះ​ឆាក​ជីវិត​នយោបាយ​គាត់ ជា​អគ្គលេខាធិការ អ ស ប គឺ​ចប់​ហើយ”។

នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ អ្នកនាំពាក្យ​របស់​លោក​បាន គី មូន បាន​បញ្ជាក់​អះអាង​ថា លោក​អគ្គលេខាធិការ​អ ស ប ពុំ​បាន​លើកឡើង​ទេ បញ្ហា​សិទ្ធិមនុស្ស នៅ​ឱកាស​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​ចិន Hu Jintao៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI