ភូមា

លោកបានគីមូន​សាទរ​គោលជំហរ​សម្រប​ខ្លួន​របស់​លោកស្រី​អ៊ុង​សាន់ស៊ូជី​

លោកស្រីអ៊ុង សានស៊ូជីប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ​ឈរក្បែរ​លោកបានគីមូន​នៅលំនៅឋានខ្លួននៅរ៉ង់ហ្គូន​១​ឧសភា២០១២
លោកស្រីអ៊ុង សានស៊ូជីប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ​ឈរក្បែរ​លោកបានគីមូន​នៅលំនៅឋានខ្លួននៅរ៉ង់ហ្គូន​១​ឧសភា២០១២ REUTERS/Minzayar

លោក​​​បានគី​មូន​​​អគ្គ​លេខាធិការ​​​អ.ស.ប.​​នៅ​​​ថ្ងៃ​​អង្គារ​​នេះ​​​ដែល​​ជា​​ថ្ងៃ​បញ្ចប់​​​​ដំណើរ​​​ទស្សនកិច្ច​ ​៣​​​ថ្ងៃ​​​របស់​​លោក​​នៅ​​​​ភូមា ​បាន​​ជួប​​សន្ទនា​​ជា​​លើក​​ទី​​មួយ​​ជាមួយ​​ប្រធាន​​បក្ស​​ប្រឆាំង​លោក​ស្រី​ អ៊ុង​​សានស៊ូជី​ដោយ​​បាន​​សំដែង​​គាវ​រកិច្ច​ចំពោះ​គោល​​ជំហរ​​​ឈ្លាសវៃ​​​របស់​លោកស្រី​នៅ​​ក្នុង​វិស័យ​​នយោបាយ​។ ជា​ពិសេស​បន្ទាប់​ពី​​សេចក្តី​​សម្រេច​ចិត្ត​​របស់​​​ប្រធាន​​បក្ស​​ប្រឆាំង​ នេះ​ក្នុង​ការ​​​​​ផ្លាស់​​ប្តូរ​​ចិត្ត​គំនិត​​​​ដោយ​សុខចិត្ត​​ចូល​ធ្វើ​​សច្ចា​ប្រណិធាន​​វិញ​​នៅ​ក្នុង​​រដ្ឋសភា​​ក្នុង​​នាម​​ជា​អ្នកតំណាងរាស្រ្ត​​ទោះបី​​ជា​​មាន​​ការ​​​ខ្វែង​គំនិត​​គ្នា​ខ្លាំង​​​ជាមួយ​​រដ្ឋាភិបាល​​ក៏​​ដោយ​។​

ផ្សាយពាណិជ្ជកម្ម

លោក​អគ្គលេខាធិការ អ.ស.ប បានគីមូន​.បន្ទាប់ពី​បានជួប​លោកប្រធានាធិបតី​ភូមា​ថេនសេន​​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​មក បាន​ជួប​សន្ទនា​ជាមួយ​លោកស្រី​អ៊ុងសានស៊ូជី​​នៅ​លំនៅ​ឋាន​​របស់​គាត់​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​នៅ​ថ្ងៃ​អង្គារ​ទី​១​ឧសភានេះ។

លោកស្រី​ស៊ូជី​ដែល​បាន​ក្លាយ​ជា​អ្នក​តំណាងរាស្ត្រ​មួយ​រូប​​បន្ទាប់ពី​ការ​បោះ​ឆ្នោត​សភា​មួយ​ភាគ​​នៅ​ថ្ងៃ​ទី​១​មេសា​កន្លង​ទៅ​។

គួររំលឹកថា ​លោក​អគ្គលេខាធិការ បានគីមូន នៅ​ឱកាស​ទស្សនកិច្ច​របស់​លោក​នៅ​ភូមា​នៅ​​ឆ្នាំ​២០០៩ ជំនាន់​ដែល​លោកស្រី​ស៊ូជី​ កំពុង​ស្ថិត​នៅ​ក្រោម​ការ​​ឃុំឃាំង​ក្នុ​ងលំនៅ​ឋាន​នៅ​ឡើយ​ ​ពុំ​អាច​ជួប​ប្រាស្រ័យ​ជាមួយ​លោកស្រី​ស៊ូជីបាន​ទេ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​របប​សឹក​ភូមា។

បន្ទាប់ពី​ ជំនួប​ប្រាស្រ័យជាមួយលោកស្រីស៊ូជី​​រួចមក​ នៅ​ឱកាស​សន្និសីទ​សារព័ត៌មាន​ដ៏​ខ្លី​មួយ​​ លោក​បានគីមូន បាន​ថ្លែង​កោតសរសើរ​និង​គោរព​ចំពោះគោល​​ជំហរ​នយោបាយ​របស់​​លោកស្រី​ស៊ូជី ដែល​សុខចិត្ត​សម្រប​ខ្លួន ​ដើម្បី​មូលហេតុ​ដ៏ខ្ពង់​ខ្ពស់​សំរាប់ប្រជា​​ពលរដ្ឋ​​ភូមា។
ម្សិលមិញ ដោយហេតុ​ លោកស្រី​ស៊ូជី បាន​ផ្លាស់ចិត្តគំនិតទាំងស្រុង ទោះបីជាលោកស្រី​នៅ​មាន​មតិ​ខ្វែងគ្នា​ជា​មួយ​រដ្ឋអំណាច​ក៏ដោយក្តី ក៏​លោកស្រីសម្រេចចិត្ត​​ចូល​ធ្វើ​សច្ចា​ប្រណិធាន​នៅ​ក្នុង​រដ្ឋសភា​នៅ​​​រសៀលថ្ងៃ​​ស្អែក​២​ឧសភា​ បន្ទាប់​ពី​បាន​ធ្វើ​ពហិការ​នៅ​សប្តាហ៍​មុន។

ត្រង់នេះហើយដែល​លោក​បានគីមូន សម្តែង​ការគោរពនិងកោតសរសើរ​ដោយ​​​អះអាង​ទៀត​ថា​ លោកស្រី​ស៊ូជី​ក្នុង​នាម​ជា​អ្នកតំណាង​រាស្រ្ត​មួយរូប នឹង​ដើរ​តួ​នាទី​មួយ​​ដ៏​សកម្ម​និង​ប្រកប​ដោយ​​លក្ខណៈ​ស្ថាបនា​ដើម្បីមូលហេតុ​កសាងជាតិរបស់ខ្លួន។​

លោកបានគីមូន ត្រូវចាកចេញពីភូមា​នៅយប់ថ្ងៃអង្គារនេះ  បន្ទាប់ពីបានក្លាយជាជន​បរទេស​​​ទីមួយ​​ដែលបាន​ឡើងថ្លែង​សុន្ទរកថា​​នៅពីមុខអង្គប្រជុំ​រដ្ឋសភា​ភូមា​នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI