បង់ក្លាដែស

ប្រជាជន​បង់ក្លាដែស​ជាង​មួយសែននាក់​ធ្វើ​បាតុកម្ម​ ស្លាប់​៥នាក់​

បាតុករ​គាំទ្រ​គណបក្ស​ប្រឆាំង​ នៅ​ Chittagong កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ
បាតុករ​គាំទ្រ​គណបក្ស​ប្រឆាំង​ នៅ​ Chittagong កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ REUTERS/Stringer

នៅ​ថ្ងៃ​សុក្រម្សិលមិញ​ នៅ​ប្រទេស​បង់ក្លាដែស កងកម្លាំង​សន្តិសុខ​បាន​​សំលាប់​បាតុករ​៥នាក់ នៅក្នុង​មហាបាតុកម្ម​ប្រឆាំង​លោកស្រី​នាយករដ្ឋមន្ត្រី​ Sheikh Hasina។ បាតុករ​បង់ក្លាដែស​ជាង​មួយសែននាក់ បាន​ជួបជុំគ្នា​នៅ​រដ្ឋធានី ​ដាកា ​ទាមទារ​អោយ​នាយករដ្ឋមន្ត្រី​ ហាស៊ីណា ចុះ​ចេញ​ពីតំណែង។

ផ្សាយពាណិជ្ជកម្ម

មហាបាតុកម្ម​កាលពី​ថ្ងៃ​សុក្រ​នៅ​រដ្ឋធានី​ដាកា ប្រទេស​បង់ក្លាដែស ​​មនុស្ស​ជាង​មួយសែន​នាក់ បាន​ធ្វើបាតុកម្ម​ទៅតាម​សំណូមពរ​របស់​​​គណបក្ស​ជាតិ​បង់ក្លាដែស ហៅកាត់​ថា បក្ស BNP ដែល​ជា​បក្ស​ប្រឆាំង​ និងទៅ​តាមសំណូមពរ​របស់​សម្ព័ន្ធ​​មិត្ត​អ៊ីស្លាម​របស់​បក្ស​នេះ​។ បាតុករ​​បាន​ទាមទារ​អោយ​នាយករដ្ឋមន្ត្រី​ បច្ចុប្បន្ន​ គឺ​លោកស្រី Sheikh Hasina ចុះចេញ​ពីតំណែង។

ប៉ុន្តែ​ គឺ​នៅ​តាម​ខេត្ត​ឯណោះ​ទេ ដែល​កងកម្លាំង​​សន្តិសុខ​​បាន​បាញ់​ប្រហារ​ក្រុមបាតុករ។ នៅ Cox’s Bazaar ភាគខាង​ត្បូង​ប្រទេស កងការពារ​ព្រំដែន​បាន​ទាញកាំភ្លើង​បាញ់​បាតុករ​​ ធ្វើអោយ​បាតុករ​ស្លាប់​២នាក់ និង​​​ជាច្រើននាក់ទៀត​រងរបួស។ កងកម្លាំង​ប៉ូលិស​បាន​ប្រាប់ថា ​បាតុករ​ទាំងនោះ​មិន​បាន​គោរព​ទៅតាម​បំរាម​ហាមឃាត់​​ ពោល​​ជា​បំរាម​ហាម​មិន​អោយ​មានការ​ជួបជុំគ្នា។ ​នៅ​ឆាន់ពួរ ភាគកណ្តាល​ប្រទេស​វិញ បាតុករ​២នាក់​បាន​ស្លាប់​​ក្នុង​ការ​ប្រឈម​មុខ​​​រវាង​សកម្មជន​គាំទ្រ​អំណាច និង​សកម្ម​ជន​បក្ស​ប្រឆាំង។ ប៉ូលិស​ប្រាប់ថា បាន​បាញ់​​លើ​ពួកគេ​ដោយសារ​តែ​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ​បានប្រើ​អាវុធ​និង​គ្រឿងផ្ទុះ វាយ​​ប្រហារ​​លើ​ប៉ូលិស​។

គណបក្ស​ជាតិ​បង់ក្លាដែស ជា​បក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោកស្រី​ Khaleda Zia បាន​អំពាវនាវ​​អោយ​មាន​បាតុកម្ម​នៅទូទាំង​ប្រទេស​ បង្ខំ​​នាយករដ្ឋមន្ត្រី​ ហាស៊ីណា អោយ​ចុះ​ពីតំណែង នៅ​មុន​ការបោះឆ្នោត​​ខែ​មករា​ឆ្នាំ​២០១៤ខាងមុខ។ បក្ស​ប្រឆាំង​​ទាមទារ​អោយ​មាន​រដ្ឋាភិបាល​បណ្តោះ​អាសន្នមួយ មានលក្ខណៈ​អព្យាក្រិត​ ដើម្បី​​ពិនិត្យ​មើល​​ការបោះឆ្នោត។ ជម្លោះ​នយោបាយ​បាន​​​ឆេះ​រោល​ឡើងវិញ​ ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍មក នៅ​ពេល​ដែល​បក្ស​កាន់អំណាច​ Ligue Awami បាន​ទាត់ចោល​សំណូមពរ​របស់​បក្ស​ប្រឆាំង​ដែល​បាន​សុំ​អោយ​មាន​​រដ្ឋាភិបាល​បណ្តោះ​អាសន្ន ​ ហើយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​នេះ​ ជា​អ្នក​រៀប​ចំ​ការបោះឆ្នោត។

លោកស្រី ហ្ស៊ីយ៉ា មេដឹកនាំ​បក្ស​ប្រឆាំង​ ដែល​ធ្លាប់ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដល់ទៅពីរដង​បាន​ស្នើ​បែបនេះ​ទៅបក្ស​កាន់អំណាច​ ដោយ​យោង​តាម​​អត្ថបទ​ច្បាប់​មួយ។ ប៉ុន្តែ​បក្ស​កាន់អំណាច​បាន​លុបចោល​អត្ថបទ​ច្បាប់​នេះ តាំង​ពី​ឆ្នាំ​២០១១​ម្ល៉េះ។ បក្ស​កាន់អំណាច​បាន​ចាត់តាំង​គណៈកម្មការ​បោះឆ្នោត អោយ​រៀបចំ​ការបោះឆ្នោត​ជំនួស​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI