បាតុកម្មទូទៅមុនថ្ងៃបោះឆ្នោតសភាក្លាយជាអំពើហិង្សា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គណបក្សប្រឆាំងបង់ក្លាដែសបានដឹកនាំធ្វើបាតុកម្មទូទៅមួយ ចាប់ពីថ្ងៃសៅរ៍ទី ៤មករានេះតទៅ ពោលគឺមួយថ្ងៃមុនការបោះឆ្នោតសភា។ កម្មវត្ថុនៃបាតុកម្ម គឺធ្វើយ៉ាងណា រារាំងកុំឱ្យការបោះឆ្នោតអាចដំណើរការទៅបាន។ ការបោះឆ្នោតដែលគណបក្សរបស់នាយករដ្ឋមន្ត្រីផុតអាណត្តិ ត្រូវឈ្នះទៀត។ បាតុកម្មដែលចៀសមិនរួចក្លាយជាអំពើហិង្សា មានស្លាប់យ៉ាងហោចណាស់ម្នាក់ និងមានការិយាល័យបោះឆ្នោត មិនតិចជាង៦០កន្លែងត្រូវរងអគ្គីភ័យឆាបឆេះ។
សម្រាប់គណបក្សជាតិនិយមបង់ក្លាដែលជាបក្សប្រឆាំង ការបោះឆ្នោតសភាថ្ងៃទី ៥មករាស្អែកនេះ គ្រាន់តែជាឆាកល្ខោន បំភ័ន្តភ្នែកសាធារណមតិតែប៉ុណ្ណោះ ពុំមែនជាការបោះឆ្នោតត្រឹមត្រូវ មានតម្លាភាព តាមបែបលទ្ធិប្រជាធិបតេយ្យទេ ហេតុដូច្នេះហើយបានជាគណបក្សប្រឆាំងមួយនេះបន្តប្រកូកប្រកាសធ្វើបាតុកម្ម ចាប់ពីថ្ងៃ សៅរ៍នេះតទៅ ដើម្បីសាកល្បងរារាំងដំណើរការបោះឆ្នោតឱ្យបាន។
តាមការពិតចលនាបាតុកម្មបាន ធ្វើឱ្យ សាលារៀន និងសេវាសាធារណៈរបស់ បង់ក្លាដែសគាំងស្តូកស្តឹង ជាញឹកញយ តាំងពីជាច្រើនសប្តាហ៍មកហើយ។ ម្សិលមិញ លោកស្រី ប្រមុខបក្សជាតិនិយម Khaleda Zia ដែលជាប់ឃុំឃាំងក្នុងគេហដ្ឋាន តាំងពីចុងខែធ្នូ បានអំពាវនាវសុំឱ្យបណ្តាជនបង់ក្លាដែសទាំងអស់ធ្វើពហិការទាំងអស់គ្នា ដូចបក្សប្រឆាំង មិនទៅចូលរួមបោះឆ្នោត។
បក្សប្រឆាំងបានទាមទារឱ្យរដ្ឋាភិបាលកំពុងកាន់អំណាចលាលែងចេញពីតំណែង និងដាក់ឱ្យមានរដ្ឋាភិបាលអព្យាក្រិត្យ បណ្តោះអាសន្ន មុននឹងធ្វើការបោះឆ្នោត ប៉ុន្តែលោកស្រីនាយករដ្ឋមន្ត្រីបដិសេធដាច់ខាត និងជំនះបញ្ជាក់ម្តងទៀតនៅថ្ងៃព្រហស្បតិ៍រៀបចំបោះឆ្នោតថ្ងៃស្អែកដដែល ព្រមទាំងចោទប្រកាន់ប្រមុខបក្សប្រឆាំងថាយកប្រទេសមកធ្វើជាចំណាប់ថ្នូរនយោបាយ តាមរយៈបាតុកម្ម និងធ្វើជាឧបសគ្គរារាំងមុនថ្ងៃបោះឆ្នោត។
តាំងពីខែតុលាមក អំពើហិង្សាតែកើតមានជាញយៗ មានស្លាប់យ៉ាងហោចណាស់ ១៥០នាក់ ប៉ូលិសទាហានជាង៥ម៉ឺននាក់ត្រូវបានដាក់ពង្រាយពេញផ្ទៃប្រទេស។ នៅថ្ងៃនេះកងកម្លាំងប្រឆាំងភេរវកម្មបានទៅព័ទ្ធនិងបិទខ្ទប់ទ្វារចូលគេហដ្ឋានប្រមុខបក្សប្រឆាំង។ ការិយាល័យបោះឆ្នោតយ៉ាងហោចណាស់៦០ ត្រូវបានដុតបំផ្លាញ។ អស្ថិរភាព និងបាតុកម្ម បានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងដល់បណ្តាជនបង់ក្លាដែសជាង១៥០លាននាក់ ដែលមួយភាគបីរស់ក្រោមបន្ទាត់នៃភាពក្រីក្រ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ