អានតួអត្ថបទ
អេហ្ស៊ីប

អាល្លឺម៉ង់​​សុំអោយ​​អេហ្ស៊ីប​​ដោះលែង​​លោក​​មរស៊ី​​

បាតុករ​​បក្ស​ភាតរ​អ៊ីស្លាម​​​​បាន​ចុះ​បាតុកម្ម​បង្ហាញ​ការ​គាំទ្រ​លោក​Morsi កាល​ពី​ថ្ងៃ​១០ កក្កដា។
បាតុករ​​បក្ស​ភាតរ​អ៊ីស្លាម​​​​បាន​ចុះ​បាតុកម្ម​បង្ហាញ​ការ​គាំទ្រ​លោក​Morsi កាល​ពី​ថ្ងៃ​១០ កក្កដា។ AFP PHOTO / MAHMUD HAMS
ដោយ៖ ព្រំ សឿន សូលីណា
១២ នាទី

នៅ​ថ្ងៃ​សុក្រ​​ម្សិលមិញ​នេះ ប្រទេស​​អាល្លឺម៉ង់​បាន​សុំ​​អោយ​​​អេហ្ស៊ីប​ដោះលែងអតីត​​ប្រធានាធិបតី​អ៊ីស្លាម​ មហាមេដ មរស៊ី​ ដែល​​កងទ័ព​អេហ្ស៊ីប​បាន​ទំលាក់​ចេញពី​តំណែង ​​កាលពី​ថ្ងៃ​៣​កក្កដា​កន្លង​មក។ អាល្លឺម៉ង់​បាន​សុំ​អោយ​​​​ស្ថាប័ន​អព្យាក្រឹត​មួយ​​​ បាន​ចូល​ទៅ​ជួប​លោក​​មរស៊ី​ផ្ទាល់។ ​នៅ​ថ្ងៃ​​សុក្រ​នេះដែរ បាតុករ​គាំទ្រ​លោក​មរស៊ី​រាប់​សិប​ម៉ឺន​នាក់​បាន​​ជួបជុំគ្នា​ នៅវិហារ​មួយ​នៅ​ទីក្រុង​គែរ ទាមទារ​​រូប​​​​លោក​មរស៊ី​​មកវិញ​។

ផ្សាយពាណិជ្ជកម្ម

“យើង​សុំ​អោយ​​បិទ​បញ្ចប់​​​រាល់​វិធានការ​ទាំងឡាយ​ដែល​ហាមឃាត់​សេរីភាព​របស់​មហាមេដ ​​​​មរស៊ី”, នេះ​ជា​ប្រសាសន៍​​ចែង​ក្នុង​សេចក្តី​ថ្លែងការណ៍​​មួយ​ ​​របស់​​​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​អាល្លឺម៉ង់​ លោក Guido Westerwelle។ នៅ​ថ្ងៃ​សុក្រ​នេះ លោក Westerwelle បាន​សុំ​អោយប្រទេស​​អេហ្ស៊ីប​ធ្វើការ​ដោះលែងអតីប្រធានាធិបតី​​មរស៊ី ដែល​ត្រូវ​កងទ័ព​ទំលាក់​ចេញពី​តំណែង​ កាលពី​ដើម​ខែ​កក្កដា​ កន្លង​មក។ ទន្ទឹម​នេះដែរ អាល្លឺម៉ង់ក៏​បាន​សុំ​អោយ​មាន​ស្ថាប័ន​អព្យាក្រឹត​មួយដែល​គេអាច​ជឿជាក់​បាន​ បែប​យ៉ាងអង្គការ​​កាកបាទ​ក្រហម អោយ​បាន​ចូលទៅ​ជួបនឹង​​​លោក​មរស៊ី។ ​

លើស​ពីនេះ អាល្លឺម៉ង់​​បាន​អំពាវនាវ​អោយ​គ្រប់​បក្ស​នយោបាយ​​អេហ្ស៊ីប ជាពិសេស​​មេដឹកនាំ​នានា​នៃ​​គណបក្ស​​ភាតរ​អ៊ីស្លាម​​ដែល​ជា​គណបក្ស​របស់​លោក​មរស៊ីនោះ​ អោយ​​ចៀស​វាង​​​​បង្ក​​ការ​​​គំរាម​កំហែង និង​​អំពើ​ហិង្សាគ្រប់​បែបយ៉ាង។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​ សហរដ្ឋ​អាមេរិក​បាន​ជំរុញ​អោយ​អាជ្ញាធរប្រទេស​​នេះ ​​បញ្ឍប់​ការ​​ចាប់ខ្លួន​សមាជិក​គណបក្ស​ភាតរ​អ៊ីស្លាម​។ អាមេរិក​លើកឡើង​ថា ការ​ចាប់​ខ្លួន​​នេះ​​អាច​នឹង​ធ្វើ​អោយ​ស្ថានភាព​នយោបាយអេហ្ស៊ីប​​កាន់តែ​ធ្លាក់​ដុនដាប​ថែមទៀត។ គួរ​រំលឹក​ថា បន្ទាប់​ពីមាន​​​​អំពើហិង្សា​កើតឡើង​ កាលពី​ថ្ងៃ​ចន្ទ​ដើមសប្តាហ៍​​​​ ដែល​បាន​សម្លាប់​មនុស្ស​​៥៣​នាក់​មក​ តុលាការ​អេហ្ស៊ីប​បាន​ចេញបញ្ជា​អោយ​ចាប់​ខ្លួន​អគ្គមគ្គុទេសក៍​​កំពូល​​នៃ​គណបក្ស​ភាតរអ៊ីស្លាម។​ គណបក្ស​​ភាតរអ៊ីស្លាម​បាន​ច្រាន​ចោល​​​នយោបាយ​​របស់​​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​អេហ្ស៊ីប។ គណបក្ស​នេះទាមទារ​អោយ​​​លោក​មរស៊ី​ត្រលប់​មក​វិញ និង​អោយ​អេហ្ស៊ីប​រៀប​ចំ​ការបោះឆ្នោត​សភា ព្រមទាំង​​បង្កើត​គណៈ​កម្មាធិការ​​ទទួល​បន្ទុក​ផ្សះផ្សាជាតិមួយ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ