ភេរវនិយម​

Jemaah Islamiyah សាខា​របស់​Al-Qaïda នៅ​អាស៊ី​អាគ្នេយ៍

នៅ​អាស៊ី​អាគ្នេយ៍ ចលនា​ភេរវកម្ម​ដែល​គេ​សង្ស័យ​ថា​មាន​ទំនាក់ទំនង​ស្និទ្ធ​ជាង​គេ​ជាមួយ​ អង្គការ​Al-Qaïda​របស់​បិន ឡាដិន ឈ្មោះ​Jemaah Islamiyah។ Jemaah Islamiyah បាន​បង្ក​ភេរវកម្ម​ខ្លាំង​នៅ​ក្នុង​ភូមិភាគ ជា​ពិសេស​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ចាប់​ពី​ឆ្នាំ​២០០២​មក។

ផ្សាយពាណិជ្ជកម្ម

 

មាន​ចំណុច​រួម​គ្នា​និង​ដូច​គ្នា​មួយ រវាង​ភេរវកម្ម​នានា​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​អំឡុង​ពេល​ជិត​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​ពិសេស​ភេរវកម្ម​នៅ​បាលី​ខែ​តុលា​ឆ្នាំ​២០០២​ដែល​បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​២០២​នាក់ នោះ​គឺ​វា​សុទ្ធសឹង​ជា​ស្នាដៃ​របស់​Jemaah Islamiyah។

Jemaah Islamiyah ត្រូវ​បាន​បង្កើត​ឡើង​ដោយ Abdullah Sungkar និងAbou Bakar Bachir នៅ​ឆ្នាំ​១៩៩៣ និង​ផ្តើម​បង្ក​សកម្មភាព​ភេរវកម្ម​ខ្លាំង​នៅ​លើ​កោះ​Moluques ជាទី​ដែល​ពី​ឆ្នាំ​១៩៩៩​ដល់​ឆ្នាំ​២០០២ សហគមន៍​អ៊ីស្លាម​និង​សហគមន៍​អ្នក​កាន់​គ្រិស្ត​សាសនា​បាន​កាប់​សម្លាប់​គ្នា​យ៉ាង​សាហាវ​ព្រៃផ្សៃ​ជា​ទី​បំផុត។

មហា​ភេរវកម្ម​ថ្ងៃ​១១​កញ្ញា​ឆ្នាំ​២០០១​នៅ​សហរដ្ឋ​អាមេរិក​ គឺ​ជា​ព្រឹត្តិ​ការណ៍​មួយ​សំខាន់​ដែល​បាន​ធ្វើ​ឲ្យ​ចលនា​អ៊ី​ស្លាម​ជ្រុល​និយមJemaah Islamiyah ​នៅ​ឥណ្ឌូណេស៊ី​រីក​ធំ​និង​មាន​ឥទ្ធិពល​ខ្លាំងក្លា​ឡើង​។ ​ពីព្រោះ​ចំពោះ​ពួក​សកម្មជន​អ៊ីស្លាម​ជ្រុល​និយម​ទាំង​នេះ មហា​ភេរវកម្ម​នៅ​អាមេរិក​ថ្ងៃ​១១​កញ្ញា​ឆ្នាំ​២០០១​គឺ​ជា​ការ​ផ្តើម​ឡើង​នៃ​សង្គ្រាម​រវាង​អារ្យធម៌​អ៊ីស្លាម​និង​អារ្យធម៌​នៃ​គ្រិស្ត​សាសនា។ អ៊ីចឹង​ហើយ​បាន​ជា​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃទី​១១​កញ្ញា​ឆ្នាំ២០០១ Jemaah Islamiyah ​បាន​អំពាវ​នាវ​ឲ្យ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទាំង​អស់​ក្នុង​លោក​ពួត​ដៃ​គ្នា​ក្នុង​នាម​ព្រះ​Allah​ដើម្បី​​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​សហ​រដ្ឋ​អា​មេរិក​និ​ង​សម្ព័ន្ធ​មិត្រ​របស់​អាមេរិក​។​ គឺ​នៅ​ក្នុង​បរិបទ​នេះហើយ ​ដែល​ជាង​មួយ​ឆ្នាំ​ក្រោយ​មក ប្រទេស​ឥណ្ឌូណេស៊ី​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពួក​ភេរវជន​។ ឧទាហរណ៍​ជាក់​ស្តែង​គឺ​ភេរវកម្ម​នៅ​បាលី ខែ​តុលា​ឆ្នាំ​២០០២​ ភេរវកម្ម​មួយ​ទៀត​នៅ​បាលី​ដែរ ក្នុង​ខែ​តុលា​ឆ្នាំ​២០០៥ ភេរវកម្ម​ទៅ​លើ​សណ្ឋាគារ​Marriot នៅ​ហ្សាការតា​ខែ​សីហា​ឆ្នាំ​២០០៣ ភេរវកម្ម​ទៅ​លើ​ស្ថានទូត​អូស្ត្រាលី ប្រចាំ​នៅ​ឥណ្ឌូណេស៊ី​ខែ​កញ្ញា​ឆ្នាំ​២០០៤ និង​ភេរវកម្ម​ពីរ​ផ្សេង​ទៀត​ទៅ​លើ​សណ្ឋាគារ​ល្អៗ នៅ​ហ្សាការតា​ដែរ ក្នុង​ខែ​កក្កដា​ឆ្នាំ​២០០៩។

Jemaah Islamiyah មាន​មហិច្ឆតា​បង្កើត​រដ្ឋ​អ៊ីស្លាម​ដ៏​ធំ​មួយ​ដែល​គ្រប​យក​ឥណ្ឌូ​ណេស៊ី​ ម៉ាឡេស៊ី​ សិង្ហបូរី​ និង​តំបន់​អ៊ីស្លាម​នៃ​ប្រទេស​ហ្វីលីពីន​និង​ប្រទេស​ថៃ។ ម៉្លោះ​​ហើយ​បាន​ជា​គេ​នាំគ្នា​និយាយ​ថា​ភេរវកម្ម​ឥត​ឈប់ឈរ ​នៅ​ខាង​ត្បូង​ប្រទេស​ថៃ​សព្វ​ថ្ងៃ​អាច​ជា​ស្នា​ដៃ​របស់​ពួក​Jemaah Islamiyah។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សហរដ្ឋ​អាមេរិក​និង​អូស្រ្តាលី​បាន​និង​កំពុង​បន្ត​ធ្វើ​សហ​ប្រតិបត្តិការ ជា​មួយ​ឥណ្ឌូណេស៊ី​ ដើម្បី​កំទេច​Jemaah Islamiyah។ មេកើយ​ធំៗ ដូច​ជា​Abou Bakar Bachir ឬ​ក៏​Hambali ត្រូវ​បាន​ចាប់​ខ្លួន ភេរវជន​ជា​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់ និង​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ត្រូវ​បាន​កំទេច ជាហេតុ​ធ្វើ​ឲ្យ​អង្គការ​នេះ​ថមថយ​កម្លាំង​មិន​តិច​ទេ។ យ៉ាងណាមិញ មរណភាព​របស់​បិន ឡាដិន មិនមែន​បាន​ន័យ​ថា​ជា​អវសាន​របស់​Jemaah Islamiyah​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI