ភូមា

អ្នកកាន់សាសនា​អ៊ីស្លាម​នៅ​ភូមា​ ស្លាប់​ក្នុង​អំពើហិង្សា​សហគមន៍​ថ្ងៃ​អង្គារ​ កើន​ចំនួន​៦នាក់​

ប្រធានាធិបតីភូមា ថេន សេន​ បាន​ចុះទៅទស្សនកិច្ច​រដ្ឋរ៉ាក់ឃីន ជាលើកដំបូង កាលពី​ថ្ងៃ​អង្គារ ចំពេល​​អំពើហិង្សា​សហគមន៍​កើតឡើង សម្លាប់​អ្នកកាន់សាសនា​អ៊ីស្លាម​៥នាក់។​
ប្រធានាធិបតីភូមា ថេន សេន​ បាន​ចុះទៅទស្សនកិច្ច​រដ្ឋរ៉ាក់ឃីន ជាលើកដំបូង កាលពី​ថ្ងៃ​អង្គារ ចំពេល​​អំពើហិង្សា​សហគមន៍​កើតឡើង សម្លាប់​អ្នកកាន់សាសនា​អ៊ីស្លាម​៥នាក់។​ REUTERS/Stringer

នៅ​ប្រទេស​ភូមា ចំនួន​អ្នកស្លាប់​ក្នុង​អំពើហិង្សា​សហគមន៍​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​អង្គារ​ម្សិលម្ង៉ៃ​ នៅ​ក្រុង​ថាន់វេ រដ្ឋរ៉ាក់ឃីន បាន​កើនចំនួន​ដល់៥នាក់។ ជនរងគ្រោះ​ទាំងអស់​សុទ្ធ​តែ​ជា​អ្នកកាន់សាសនា​អ៊ីស្លាម​​​។ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​៦នាក់ បន្ទាប់​ពីមាន​ហិង្សា​កើតឡើង។ អំពើហិង្សានេះ​ កើតចំពេល​​ប្រធានាធិបតី ថេន សេន​ ចុះ​ទៅ​ទស្សនកិច្ច​​រដ្ឋរ៉ាក់ឃីន ជាលើកដំបូង​បំផុត ដើម្បី​រកដំណោះស្រាយ​ជម្លោះសហគមន៍។ សហរដ្ឋអាមេរិក​បាន​ថ្កោលទោស​អំពើហិង្សា​នេះ ហើយ​បាន​សុំអោយ​រដ្ឋាភិបាល​ភូមា រក​ដំណោះស្រាយ​​អោយបានឆាប់​បំផុត ដើម្បី​ការពារ​ប្រជាជនភូមា​គ្រប់រូប​ក្នុងតំបន់។

ផ្សាយពាណិជ្ជកម្ម

នៅរដ្ឋរ៉ាក់ឃីន​ភូមា អ្នកស្លាប់ទាំង​៦រូប ​ក្នុង​អំពើហិង្សាកាលពី​ថ្ងៃ​អង្គារ ​រវាង​សហគមន៍​​​អ្នកកាន់​ពុទ្ធសាសនា និង​អ្នកកាន់​សាសនា​អ៊ីស្លាម​ សុទ្ធ​តែ​ជា​អ្នកកាន់សាសនា​អ៊ីស្លាម​ទាំងអស់។ ជនរងគ្រោះ​ស្ថិត​ក្នុង​សហគមន៍​​​ភាគតិច​កាម៉ាន់ ដែលរដ្ឋ​ភូមា​ទទួលស្គាល់​ជាផ្លូវការ។ ដំបូង​ឡើយ ប៉ូលិស​គ្រាន់តែ​បាន​ប្រាប់ថា មាន​ស្ត្រី​អ៊ីស្លាម​ម្នាក់ អាយុ​៩៤ឆ្នាំ​ បាន​ស្លាប់ ប៉ុណ្ណោះ។ យោងតាម​ប៉ូលិស មានមនុស្ស​៤នាក់​រងរបួស និង​ម្នាក់ទៀត​បាត់ខ្លួន ក្នុង​អំពើហិង្សា​នេះ។

មូលហេតុ​នៃ​ហិង្សា​ គឺ​គ្រាន់តែ​ជា​ការឈ្លោះ​គ្នា​ដ៏តូច​មួយ​ប៉ុណ្ណោះ រវាង​អ្នកកាន់ពុទ្ធ​សាសនា និង​សាសនា​អ៊ីស្លាម។ បន្ទាប់​មក ពុទ្ធសាសនិក​បះបោរ​រាប់រយនាក់ បាន​នាំគ្នា​ដុត​ផ្ទះសំបែងជាច្រើន​ខ្នង នៅ​ក្នុង​ភូមិ​មួយ ចំងាយ​២០គីឡូម៉ែត្រ ពី​ក្រុងថាន់វេ។
ស្ថានភាព​ហាក់បាន​ស្ងប់​ឡើងវិញ​ នៅថ្ងៃ​ពុធ​ម្សិលមិញ​នេះ ប៉ុន្តែ ប៉ូលិស​និង​ទាហាន​បាន​ពង្រាយ​គ្នា​ ក្នុង​តំបន់​​។

អំពើហិង្សា​បាន​ធ្វើអោយ​អ្នកកាន់​សាសនា​អ៊ីស្លាម​​ជាច្រើននាក់​ នៅ​ក្នុង​ភូមិ​ដែល​មាន​អំពើហិង្សា​នោះ​ មានការភិតភ័យ ហើយ​បាន​នាំគ្នា​​ទៅ​លាក់ខ្លួន​នៅក្នុងព្រៃ​ក្បែរនោះ។
ក្រុមសិទ្ធិមនុស្ស​ជាច្រើន​បាន​ចោទ​កងទ័ព​ភូមា ថានៅទ្រឹង​​មិន​​ធ្វើ​សកម្មភាព​​ទប់ស្កាត់​អំពើហិង្សា​នោះឡើយ ហើយថែមទាំង​បាន​ឃុបខិត​ជាមួយ​ជនដៃដល់​​​ទៀតផង។

ហេតុការណ៍ហិង្សា​បាន​កើតឡើង ចំពេលដែល​ប្រធានាធិបតីភូមា​ ថេន សេន​ បាន​ចុះ​ទៅទស្សនកិច្ច​ជាលើកដំបូង​ ក្នុង​រដ្ឋរ៉ាក់ឃីន ដើម្បីស្វែង​រកដំណោះស្រាយ​ជម្លោះរវាង​សហគមន៍​អ្នកកាន់សាសនា​ទាំងពីរ​នេះ។ ​ កាលពីថ្ងៃ​អង្គារ លោក ថេន សេន​ បាន​ជួប​តំណាង​សហគមន៍​ទាំងពីរ ជាច្រើនរូប នៅ​​រដ្ឋធានី​ស៊ីតវេ នៃ​រដ្ឋរ៉ាក់ឃីន។

នៅថ្ងៃ​ពុធនេះ លោកបាន​ប្រាប់​​គ្រប់​បណ្តា​អ្នកទទួលខុសត្រូវ​សាសនា​​​ថា អស្ថិរភាព​​បង្កឡើង​ដោយ​​​សាសនា និងដោយ​​ការរើសអើង​​ពូជសាសន៍ គឺ​ជា​ការ​ធ្វើអោយ​កំណែទម្រង់​រដ្ឋាភិបាល​មានការយឺតយ៉ាវ។

ក្នុង​រដ្ឋរ៉ាក់ឃីន នៅ​ឆ្នាំ​២០១២ កន្លងមក អំពើ​​ហិង្សា​​​​រវាង​ពុទ្ធសាសនិកជន​ និង​អ្នកកាន់​សាសនា​​អ៊ីស្លាម​រ៉ូហ៊ីងយ៉ាស បាន​សំលាប់​​​មនុស្ស​​ជាង​២០០នាក់ និងធ្វើអោយ​​មាន​មនុស្ស​១៤ម៉ឺន​នាក់​​​ទៀត ​​ភៀសខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI