អំពើហិង្សាសហគមន៍ផ្ទុះជាថ្មីសម្លាប់ស្ត្រីកាន់សាសនាអ៊ីស្លាមម្នាក់
ប៉ូលិសភូមាបានផ្តល់ព័ត៌មានមកថា អំពើហិង្សាសហគមន៍រវាងពុទ្ធសាសនិក និងអ្នកកាន់សាសនាអ៊ីស្លាម បានផ្ទុះឡើងសារជាថ្មី នៅថ្ងៃអង្គារនេះ នៅភាគខាងលិចភូមា បណ្តាលអោយស្ត្រីចំណាស់កាន់សាសនាអ៊ីស្លាមម្នាក់ ស្លាប់បាត់បង់ជីវិត និងមានផ្ទះសំបែងជាច្រើនខ្នង ត្រូវបានដុតបំផ្លាញ។ អំពើហិង្សានេះ បានកើតឡើង ខណៈដែលប្រធានាធិបតី ថេន សេន មានគំរោងចុះទៅទស្សនកិច្ចនៅក្នុងតំបន់ ដើម្បីស្វែងរកដំណោះស្រាយបញ្ហាជម្លោះរវាងសហគមន៍អ្នកកាន់សាសនាទាំងអស់នេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃអង្គារនេះ ស្ត្រីចំណាស់ជាអ្នកកាន់សាសនាអ៊ីស្លាមមួយរូប បានស្លាប់បាត់បង់ជីវិត នៅក្នុងអំពើហិង្សារវាងសហគមន៍អ្នកកាន់ពុទ្ធសាសនា និងអ្នកកាន់សាសនាអ៊ីស្លាម។ អំពើហិង្សាបានកើតឡើង នៅភាគខាងលិចភូមា ផ្ទះសំបែងជាច្រើនខ្នងត្រូវបានដុតបំផ្លាញ។
ការដុតបំផ្លាញផ្ទះសំបែងទាំងនេះ ប្រហែលជាបានកើតឡើង កាលពីចុងសប្តាហ៍កន្លងទៅ ដោយសារតែអ្នកជិះយានយន្តកាន់ពុទ្ធសាសនាម្នាក់ បានប៉ះទង្គិចគ្នាជាមួយនឹងអ្នកកាន់សាសនាអ៊ីស្លាម នៃសហគមន៍ជនជាតិភាគតិចកាម៉ាន់ ជាសហគមន៍ដែលរដ្ឋភូមាទទួលស្គាល់ជាផ្លូវការ។ អំពើហិង្សាថ្មីនេះ កើតឡើងចំពេលដែលប្រធានាធិបតីភូមា ថេន សេន គ្រោងចុះទៅទស្សនកិច្ចជាលើកដំបូងបំផុត នៅរដ្ឋរ៉ាក់ឃីន ក្នុងក្រុងថាន់វេ នៅថ្ងៃពុធ២តុលានេះ។ ក្រុងថាន់វេ មានចំងាយជាង២០គីឡូម៉ែត្រប៉ុណ្ណោះ ពីភូមិដែលស្ត្រីអ្នកកាន់សាសនាអ៊ីស្លាមបានស្លាប់បាត់បង់ជីវិត។ លោក ថេន សេន មានបំណងជួបជាមួយអាជ្ញាធរក្នុងស្រុក និងតំណាងសហគមន៍នីមួយៗ ដើម្បីរកដំណោះស្រាយបញ្ហាជម្លោះនេះ។
ក្នុងប្រទេសភូមា ដែលប្រណិបត្តិសាសនាព្រះពុទ្ធ ប្រជាជនកាន់សាសនាអ៊ីស្លាម មានត្រឹមតែ៤ភាគរយប៉ុណ្ណោះ ក្នុងចំណោមប្រជាជនសរុបជាង៥៥លាននាក់។ អំពើហិង្សាថ្មីនេះ បានបង្ហាញច្បាស់ពីការរើសអើងប្រឆាំងទៅនឹងអ្នកកាន់សាសនាអ៊ីស្លាម ក្នុងប្រទេស។
ក្នុងឆ្នាំ២០១២ កន្លងមក អំពើហិង្សារវាងពុទ្ធសាសនិកជន និងអ្នកកាន់សាសនាអ៊ីស្លាមរ៉ូហ៊ីងយ៉ាស ក្នុងរដ្ឋរ៉ាក់ឃីន បានសំលាប់មនុស្សជាង២០០នាក់ និងបណ្តាលអោយមនុស្ស១៤ម៉ឺននាក់ទៀតភៀសខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ