ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទីក្រុងណៃពីដ៏ និង​ក្រុម​ឧទ្ទាមការ៉ែន​ព្រមព្រៀង​ឈប់​បាញ់​គ្នា

សំឡេង ០៦:០៨
ទីក្រុងណៃពីដ៏ និង​ក្រុម​ឧទ្ទាមការ៉ែន​ព្រមព្រៀង​ឈប់​បាញ់​គ្នា
ទីក្រុងណៃពីដ៏ និង​ក្រុម​ឧទ្ទាមការ៉ែន​ព្រមព្រៀង​ឈប់​បាញ់​គ្នា AFP/Than Win

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ មករា​នេះ រដ្ឋាភិបាល​ភូមា​បាន​បោះ​មួយជំហាន​ទៅ​មុខ​នៅ​ក្នុង​កិច្ចចរចា​ជាមួយ​ក្រុម​ទ័ពព្រៃការ៉ែន។ បន្ទាប់​ពី​បាន​អង្គុយ​ជជែក​គ្នា​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​មក ភាគី​ទំាង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់បាញ់គ្នា។ សង្រ្គាម​ស៊ីវិល​រវាង​ទ័ពរដ្ឋាភិបាល និង​ក្រុមទ័ពព្រៃ​ការ៉ែន​ត្រូវ​បាន​ចាត់​ទុក​ជា​សង្រ្គាមស៊ីវិល​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​នៅ​ក្នុង​ពិភពលោក។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​ប្រជាជន​ភូមា​ទំាង ៥០លាននាក់ មាន​ចំនួន​ជនជាតិ​ភាគតិច​​ប្រមាណ​ជា ១ ភាគ ៣ (ការ៉ែន ឆាន ឬកាឈីន) ។ ប៉ុន្តែ​ក្នុង​ចំណោម​ជនជាតិ​ភាគតិច​ទំាងអស់ ក្រុម​ការ៉ែន​មាន​គ្នា​ច្រើន​ជាង​គេ គឺ​ប្រមាណ​ពី ២ ទៅ ៣លាននាក់ និង​មាន​រចនា​សម្ព័ន្ធមំាទំា ដោយ​គិត​ទំាង​រចនា​សម្ព័ន្ធ​​កងទ័ព​ផង។ ​ក្រុមជនជាតិ​ភាគតិចការ៉ែន ឬ​ហៅថា សហភាពជាតិ​​ការ៉ែន មាន​ដែនអំណាច​អចិន្ត្រៃយ៍​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋការ៉ែន ប៉ែកខាងកើត​ប្រទេស​ភូមា​ ស្ថិត​តាម​បណ្តោយព្រំដែន​ជាមួយនឹង​​ប្រទេស​ថៃ។ បើ​តាម​ប្រវត្តិសាស្រ្ត ជនជាតិ​​ការ៉ែន​បាន​ចូល​ទៅ​បោះ​ទីតំាង​ក្នុង​​ទឹកដី​ភូមា​ មុនគេ។ ប៉ុន្តែ​បន្តិច​ម្តងៗ ការ​ហូរ​ចូល​​របស់​ជនជាតិ​ភាគតិច​​ផ្សេង​ទៀត ពិសេស​ជនជាតិ​ភូមា​កាន់​តែ​ច្រើន​ឡើងៗ ក៏​បាន​ធ្វើ​ឲ្យ​ប្រជាជន​ការ៉ែន​ក្លាយ​ជា​ជនជាតិភាគតិច រត់​ទៅ​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​រដ្ឋការ៉ែន។ ក្រោយ​ពី​ភូមា​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​ក្នុង​ឆ្នំា ១៩៤៨ និង​បន្ទាប់​ពី​រដ្ឋាភិបាល​ភូមា​ដឹកនំា​ដោយក្រុម​ឧត្តមសេនីយ ក្រុម​ការ៉ែន​ក៏​បាន​ប្រែខ្លួន​ទៅ​ជា​ទ័ពព្រៃ​ ចេញ​មុខ​ប្រឆំាង​នឹង​ទាហាន​រដ្ឋាភិបាល​ក្រុង​រ៉ង់ហ្គូន។ ពួក​គេ​បាន​ទាមទារ​ឯករាជ្យ​រដ្ឋការ៉ែន ផ្តាច់​ខ្លួន​ចេញ​ពី​ការ​គ្រប់គ្រង​របស់​របបសឹក​ភូមា។ គិត​មក​ទល់​ពេល​បច្ចុប្បន្ន គឺ​មាន​រយៈពេល​ជាង ៦០ឆ្នំា​មក​ហើយ ដែល​រដ្ឋាភិបាល​ភូមា និង​ទ័ពព្រៃការ៉ែន​បាន​ធ្វើ​សង្រ្គាម​នឹង​គ្នា។

ហេតុ​អ្វី​បាន​ជា​ភាគី​ទំាង​​ពីរ​និយាយ​ត្រូវ​គ្នា​លឿនម្ល៉េះ ?

សម្មតិកម្ម​អាច​មាន​ច្រើន អាច​ថា មក​ពី​ភាគី​ទំាងពីរ​សុខចិត្ត​ធ្វើ​សម្បទាន​ឲ្យ​គ្នា ទៅវិញ ទៅមក។ អាច​ថា មក​ពី​រដ្ឋាភិបាល​ភូមា​​អស់​លទ្ធភាព​នឹង​កម្ចាត់​​ពួក​ទ័ពព្រៃការ៉ែន ដូច​ដែល​ខ្លួន​ចង់​បាន ឬ​មួយ​ក៏​ថា មក​ពី​ពួកទ័ពព្រៃ​ការ៉ែន ចុះ​ខ្សោយកម្លំាង គ្មាន​លទ្ធភាព​នឹង​តទល់​ជាមួយ​ទ័ព​រដ្ឋាភិបាល។ ប៉ុន្តែ អ្វី​ដែល​ជា​ភស្តុតាង​មិន​អាច​ប្រកែក​បាន គឺ​ការ​បន្ទន់​ឥរិយាបថ និង​ការ​ធ្វើ​សម្បទានរបស់​រដ្ឋាភិបាល​ថ្មី​ភូមា។ កាយ​វិការ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​ក្រឡែត តំាង​ពី​ក្រោយ​ការ​បោះឆ្នោត​សភា​ នា​ចុង​ឆ្នំា ២០១០ និង​ការ​ប្រសូត្រ​ចេញ​នូវ​រដ្ឋាភិបាលស៊ីវិល។ ម្យ៉ាង​ទៀត ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​រដ្ឋាភិបាល​ថ្មី​បាន​ផ្តើម​ធ្វើ​កំណែទម្រង់​នយោបាយ​ជាច្រើន ពិសេស​ជាមួយ​ក្រុម​អ្នកប្រឆំាង។ លោក​ស្រីអ៊ុង សានស៊ូជី​បាន​ទទួល​សេរីភាព និង​មាន​សិទ្ធិចូលរួម​បោះឆ្នោត។ អ្នកទោស​ជា​ច្រើនរយនាក់​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព។ ទង្វើ​បើក​ចំហ​ទំាង​អស់​នេះ​បាន​ទទួល​ការ​កោតសរសើរ​យ៉ាង​ច្រើន​ណាស់ ពី​សំណាក់​សហគមន៍​អន្តរជាតិ។ ដូច្នេះ​ឃើញ​ថា រឿង​រ៉ាវ​ដែល​នៅ​សេសសល់ និង​នៅ​បន្ត​ជា​ឆ្អឹង​ទទឹង​ ក រវាង​រដ្ឋាភិបាល​ទីក្រុង​​ណៃពីដោ និង​ប្រទេស​លោកខាងលិច​នា​ពេល​នេះ គឺ​សង្រ្គាម​ស៊ីវិល​ជាមួយ​ក្រុម​ជនជាតិ​ភាគតិច។ នេះ​អាច​ជា​សំណុំរឿង​ចុងក្រោយ​ដែល​រដ្ឋាភិបាល​ត្រូវ​បញ្ចប់​ជា​បន្ទាន់។ តែ​យ៉ាង​ណា​ក៏​ដោយ កិច្ចព្រមព្រៀង​ឈប់បាញ់​ដែល​ភាគី​ទំាងពីរ​ទើប​បាន​ចុះ​ហត្ថលេខា មិន​មែន​ជា​កិច្ច​ព្រមព្រៀង​នយោបាយ​បង្រួបបង្រួមជាតិ​ទេ។ ភាគីទំាង​ពីរ​បាន​យល់​ព្រម​ឈប់បាញ់​គ្នា តែ​អាវុធ​នៅ​តែ​មាន​ក្នុង​ដៃ​រៀងៗ​ខ្លួន។ បើ​តាម​ការ​ប្រកាស​របស់​មន្រ្តី​សហភាព​ជាតិ​ការ៉ែន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ភូមា​នៅ​មិន​ទាន់​​​បាន​សុំ​ឲ្យ​ទ័ពព្រៃការ៉ែន​ទម្លាក់​អាវុធ​ចុះ​ទេ។ ដូច្នេះ នៅ​មាន​កិច្ចការ​​ជា​ច្រើន​ទៀត​ដែល​រដ្ឋាភិបាល និង​ជនជាតិ​ភាគតិច​ការ៉ែនត្រូវ​ធ្វើបន្ត​។ គេ​នៅ​មិន​ទាន់​អាច​និយាយ​បាន​ទេ​ថា សង្រ្គាម​ស៊ីវិល​រវាង​រដ្ឋាភិបាល​ និង​ទ័ព​ការ៉ែន​បាន​ឈាន​ចូល​ដល់​ទីអវសាន​នោះ ព្រោះ​ថា កិច្ចប្រជុំ​តែ​មួយ​លើក ពិត​ជា​មិន​អាច​ដោះស្រាយ​ជម្លោះ​ដ៏រ៉ាំរ៉ៃ​ដែល​បាន​អូសបន្លាយ​ជាង ៦០ឆ្នំា​កន្លង​មក​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI